ភ្នំពេញ ៖ ជាមួយនឹងការអំពាវនាវឲ្យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ឲ្យនិស្សិតខ្ចីសម្រាប់ការសិក្សា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្ររីកម្ពុជាក៏បានជំរុញឲ្យ គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និង ឯកជនពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ឲ្យនិស្សិតក្រីក្រអាចរៀនសូត្របានដោយជំពាក់ការបង់ថ្លៃសាលា។ នេះជាអនុសាសន៍ថ្មីមួយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣.២៣៣នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ឥឡូវនេះវាល្មមដល់ពេលដែលយើងត្រូវជំរុញឲ្យបណ្តាធនាគារ ដែលអាចមានលទ្ធភាពផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ថោ សម្រាប់និស្សិតរបស់យើងក្នុងការសិក្សាផងដែរ។ ពិតមែនហើយរដ្ឋមនិងអាចទៅធានាចំពោះកម្ចីទាំងនោះទេ។ ប៉ុន្តែសង្ឃឹមថានិស្សិតដែលស្វះស្វែងរកការសិក្សាជាមួយនឹងការយោគយល់របស់ធនាគារក៏អាចចូលរួមចំណែកធ្វើឲ្យនិស្សិតក្រីក្ររបស់យើងទទួលបាននូវប្រាក់កម្ចីសម្រាប់បង់ថ្លៃសិក្សា”។
ជាមួយគ្នានេះ សម្ដេចក៏បានស្នើឲ្យសាលានីមួយៗរបស់រដ្ឋនិងឯកជន ពិនិត្យទៅលើភាពជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានរដ្ឋ និង ឯកជន ដែលបង់ថ្លៃប្រសិនជានិស្សិតនោះមិនមានលទ្ធភាពបង់ថ្លៃសាលា ដោយសារតែជួបបញ្ហាក្នុងគ្រួសារ អាចចូលរៀនបានដោយជំពាក់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់ចំពោះសិស្សនិស្សិតក្រីក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សូមឲ្យសាលានីមួយៗពិនិត្យមើលផងដែរអំពីលទ្ធភាពនៃការផ្តល់ឲ្យនិស្សិតរបស់យើង រៀនដោយការជំពាក់ ... ក្រៅពីការផ្តល់អាហារូបករណ៍ តើយើងអាចធ្វើទៅបានទេ។ ឧទាហរណ៍ករណីនិស្សិតរៀនបង់ថ្លៃ ក៏ប៉ុន្តែស្រាប់តែមានកត្តាចៃដន្យមួយកើតឡើង ឪពុកស្លាប់ ឬ ម្តាយស្លាប់ ឬ ជួបឧបទ្ទវហេតុផ្សេងៗដែលធ្វើឲ្យគ្នាគ្មានលទ្ធភាពបង់ថ្លៃសាលាបន្ត។ អញ្ចឹងទេសាលាគួរផ្តល់លទ្ធភាពឲ្យនិស្សិតរបស់យើងអាចសិក្សាបន្ត ហើយការបន្តនេះប្រសិនជាគ្នាមានបញ្ហាលំបាក់មែនទែននោះ គួរឲ្យគ្នារៀនដោយការជំពាក់ ហើយបង់នៅពេលក្រោយ ឬ ជំពាក់តាមរយៈឲ្យរៀនរហូតចប់... ។ បញ្ហានេះវាអាចជួយកាត់បន្ថយនូវការបោះបង់ចោលការសិក្សា...។ ចំណុចនេះជាចំណុចដែលយើងត្រូវសិក្សានិងផ្តល់ឱកាសឲ្យទៅយុវជន ពិសេសយុវជននៅក្នុងគ្រួសារក្រីក្រ”។
គួរកត់សំគាល់ថា ជារៀងរាល់ឆ្នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងបានផ្តល់នូវអាហារូបករណ៍រាប់រយ នាក់ក្នុង១ឆ្នាំៗ ដល់និស្សិតក្រីក្រនៅតាមគ្រឹះស្ថានរដ្ឋ និង ឯកជន។
គួររម្លឹកថា ក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន បានអំពាវនាវដល់បណ្ដាធនាគារឯកទេសទាំងឡាយចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិតដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដែលបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសាកលវិទ្យាល័យរបស់រដ្ឋមួយដែលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពក្នុងចំណោមគ្រឹះស្ថានរដ្ឋដទៃទៀត។ សម្តេចតេជោបន្តថា យើងបានខិតខំរួមគ្នាក្នុងការបើកឲ្យដំណើរការសាកលវិទ្យាល័យនេះឡើងវិញពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតក្លាយជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយប្រកបដោយមោទនភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរចំពោះជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះដែលមានបរិញ្ញាបត្រចំនួន ៣០៩០ នាក់និងបរិញ្ញាបត្រជាន់ខ្ពស់ ១៣៨ នាក់។យើងក៏មានមោទនភាពណាស់ដែលមាននិស្សិតបរទេសជាច្រើនបាននឹងមកកំពុងសិក្សានៅក្នុងប្រទេសរបស់យើង។ សម្តេចក៏បានស្នើឲ្យនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សានៅពេលនេះ ត្រូវខិតខំបន្តទៀតដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនចំណេះដឹងប៉ុននេះមិន ទាន់គ្រប់គ្រាន់នោះទេត្រូវតែមានជារៀងរហូត ព្រោះ ចំណេះដឹងវាទាមទារឲ្យយើងសិក្សាជារៀង រាល់ថ្ងៃដើម្បីតាមទាន់និងការសភាពការណ៍សកល។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីនានារបស់សាកលវិទ្យាភូមិន្ទភ្នំពេញសរុប ២២លើកហើយ។
អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងដែរថា គិតចាប់ ពីឆ្នាំ១៩៨០មកដល់បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនសរុប ៤៤ .៥២៤ នាក់ មាននារី ១៥.៥៤៩នាក់ ។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៧.៩៣៥នាក់ មាននារី ៤.៩៩៧ នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និស្សិតកំពុង សិក្សាមានចំនួនសរុប ១៩.៥៩៩នាក់ មាននារី ៩.៥១៤នាក់៕
Source: Kampuchea Thmey Daily
0 Comments