Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ បំភ្លឺ​ទៅ​បណ្ដាញ​សង្គម​អំពី​អក្សរ​បរទេស​នៅ​លើ​ថ្ម​ប្រាសាទអង្គរវត្ត



សៀមរាប​ ៖​ ថ្មីៗ​នេះ គេហទំព័រ​មួយ​ឈ្មោះ​សារព័ត៌មាន​ក្រមា បាន​ចុះផ្សាយ​ថា «​អ្នកលេង​ហ្វេស​បុក​រិះគន់​អាជ្ញាធរ​អប្សរា ដែល​មិន​មើល​ជនជាតិ​ចិន​សរសេរ​អក្សរ​ចិន​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​» កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​។

អត្ថបទ​នេះ​បាន​លើកយក​មតិ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ បាន​ប្រើ​នូវ​ពាក្យ​អសុរោះ ប្រមាថមើលងាយ និង​ផ្តល់​ភាព​អយុត្តិធម៌​ហាក់​គ្មាន​ការ​យល់ដឹង​ច្បាស់លាស់​ពីអ្វី​ដែល​កើតឡើង​ពី​មុន​មក ជាពិសេស​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុងការ​ថែរក្សា​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​។



​ទាក់ទង​នឹង​ការ​លើកឡើង​ខាងលើ​នេះ វា​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​ធ្វើ​លិខិត​បំភ្លឺ​ម្តង​រួច​មក​ហើយ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ បាន​គូស​បញ្ជាក់​ថា អក្សរ​បរទេស​ដែល​មាន​ចារ​លើ​ថ្ម​ជញ្ជាំង​ឬ​សរសេរ​នៅ​អង្គរវត្ត​នោះ ត្រូវ​បាន​ក្រុម​សិក្សា​ស្រាវជ្រាវ​សិលាចារឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចុះបញ្ជី​និង​សិក្សា​តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ។

ភាសាបរទេស​ដែល​បាន​សរសេរ​និង​ចា​រលើ​ថ្ម​ប្រាសាទអង្គរវត្ត មានដូចជា ជប៉ុន ចិន ភូមា សៀម បារាំង និង​វៀតណាម​ជាដើម​។ អក្សរ​ប្រភេទ​នេះ​អ្នកស្រាវជ្រាវ​ចាត់​ទុក​ថា​ជា Graffiti តាម​និយាម​អន្តរជាតិ ដែល​មិនមែន​ជា​ប្រភេទ​សិលាចារឹក​គំនូរ​ឬ​ចម្លាក់​ទេ​។



តាម​ការសិក្សា​របស់​ក្រុម​សិលាចារឹក​បានផ្ដល់​ព័ត៌មាន​ថា ក្នុងចំណោម​អក្សរ​ជា​ភាសាបរទេស​ទាំងអស់​បាន​សរសេរ​លើ​ថ្ម​ប្រាសាទ គឺ​ភាសា​ជប៉ុន​មាន​អាយុកាល​ចាស់​ជាងគេ សរសេរ​នៅ​ដើម​សតវត្ស​ទី​១៧​។ រីឯ​ភាសា​ផ្សេងៗ​ទៀត សរសេរ​នៅ​ចុង​សតវត្ស​ទី​១៩​ដើម​សតវត្ស​ទី​២០ និង​មុន​ឆ្នាំ​១៩៤៩​។ ភាសា​វៀតណាម ដែល​ប្រទះ​នៅ​ទី​នេះ​មាន​ពីរ​សម័យកាល​គឺ​នៅ​ដើម​សតវត្ស​ទី​២០​និង​នៅមុន​ឆ្នាំ​១៩៤៩​។ បើ​យើង​សរុប​ន័យ​សេចក្តី​ចំណារ​និង​ការ​សរសេរ​លើ​ថ្ម​ដូច​ពោល​មកពី​ខាងលើ​នោះ ក៏​មាន​និយាយ​អំពី​អ្នក​ស្វែង​បុណ្យ​មកពី​ជប៉ុន ភូមា សៀម និង​វៀតណាម​មក​សំពះ​បូជនីយដ្ឋាន​អង្គរវត្ត ជា​ទឹកដី​របស់​ព្រះ​ដែល​គេឯង​តែង​មក​គោរពបូជា​។

​អង្គរវត្ត​កសាង​ឡើង​កាលពីដើម​សតវត្ស​ទី​១២​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​និកាយ​ព្រះ​នារាយណ៍​។ តែ​ចាប់​ពីក្រោយ​សម័យ​អង្គរ​មក អង្គរវត្ត​បានក្លាយ​ជា​បូជនីយដ្ឋាន​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​ចំពោះ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ពុទ្ធសាសនិកជន​ទូទាំង​អាស៊ី​ភាគ​អាគ្នេយ៍​ទាំងមូល ដែលមាន​ភស្តុតាង​ជា​សំណេរ​និង​ចំណារ​លើ​ថ្ម​នៃ​ជនជាតិ​ទាំងនោះ​ស្រាប់​។



ទន្ទឹម​នឹង​នេះ​ ក៏​មាន​ជា​ឈ្មោះ​មនុស្ស​នៃ​ជនជាតិ​នានា​ច្រើន​ជាតិ​សាសន៍​មក​ទស្សនា​មុន​ទសវត្ស​១៩៩០​បាន​សរសេរ​ ឬ​ ចារ​ទុក​សម្គាល់ថា ខ្លួន​បាន​មកដល់​អង្គរវត្ត​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​លើ​លោក​។ ក្រោយមក​គឺ​គ្មាន​ចំណារ​លើ​សាច់​ថ្ម​ដូច​មុន​ទៀត​ទេ តែ​អាចមាន​សំណេរ​លួចលាក់​ដែល​សរសេរ​ដោយ​ធ្យូង ដីស ទឹក​ថ្នាំ​លុប ពណ៌​ស​ឬ​ពណ៌​ផ្សេងៗ​មួយចំនួន​តូច​នៅតាម​កន្លែង​ស្ងាត់​ផុតពី​ភ្នែក​ឆ្មាំ​ប្រាសាទ​។ បច្ចុប្បន្ន​នេះ ដោយ​យោង​តាមច្បាប់​ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សរសេរ ​ឬ​ ចា​រលើ​សាច់​ថ្ម​នៅ​តាម​ជញ្ជាំង ​ឬ ​សសរ​ប្រាសាទ​ទៀតឡើយ​។

​នៅ​ដើម​ទសវត្ស​១៩៩០​ឆ្មាំ​ប្រាសាទ​នៃ​អភិរក្ស​ដ្ឋាន​អង្គរ​បាន​ព្យាយាម​កោស​លុបអក្សរ​ចំណារ​ទាំងនោះ​ខ្លះ​ដែរ​។ ប៉ុន្តែ​ការ​ប្រឹង​នេះ​មិនសូវ​បាន​ផល ហើយ​បាន​ធ្វើ​ឲ្យ​បាត់ដាន​ប្រវត្តិសាស្ត្រ​របស់​អង្គរ​។ អ្នកស្រាវជ្រាវ​បរទេស​មួយចំនួន​ដែល​ស្រាវជ្រាវ​ពី​អង្គរ តែងតែ​និយាយ​ក្នុង​សៀវភៅ​ផ្សព្វផ្សាយ​របស់​ខ្លួន​ថា អង្គរ​ត្រូវបាន​គេបោះបង់​ចោល​ក្លាយជា​ព្រៃ​ស្មសាន ព្រៃ​ស្វា ខ្លា​ដំរី ទើបតែ​ស្រាវជ្រាវ​ឃើញ​ដោយ​ជនបរទេស​ទាំងនោះ នា​ចុង​សតវត្ស​ទី​១៩​។ ដូច្នេះ​អ្វី​ដែល​បាន​និយាយ​ខាងលើ គឺជា​ភស្តុតាង​ប្រាកដប្រជា​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្មាន​ពេលណា​មួយ​ដែល​អង្គរ​ក្លាយជា​ព្រៃ​ស្មសាន ព្រៃខ្លា​ដំរី ពោល​គឺ​មាន​មនុស្ស​រស់នៅ​ថែទាំ​រៀង​រហូត គ្រាន់តែ​ថយ​ចំនួន​ដោយសារ​ការប្ដូរ​រាជធានី​ទៅកាន់​ទីតាំង​ផ្សេង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu