ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាម នៅតាមបណ្តាសង្កាត់រាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យមានបរិស្ថានល្អ ទីក្រុងភ្នំពេញស្រស់បំព្រង សក្ដិសមជាទីក្រុងទាន់សម័យ។
ការជំរុញបែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃ ពុធ ៩កើត ខែអាសាឍ ឆ្នាំច ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយ ប្រធានមន្ទីរបរិស្ថាន អភិបាលខណ្ឌទាំង១២ និងចៅសង្កាត់ទាំង ១០៥ ព្រមទាំងតំណាងក្រុមហ៊ុនស៊ីនទ្រីនៅសាលារាជធានីដឹកនាំប្រជុំដោយ ឃួង ស្រេង អភិបាលរាជធានី។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាសំរាម គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានការលំបាកក្នុងការដោះស្រាយ ព្រោះវាបានបង្កឲ្យមានភាពស្មុគស្មាញ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ពិសេស បង្កឲ្យបាត់បង់សោភ័ណភាពរាជធានី ដែលបញ្ហានេះ ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ ក្នុងខណ្ឌនីមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនស៊ីនទ្រី ត្រូវពង្រឹងការងារប្រមូលសំរាមនេះឡើងវិញ។
លោកអភិបាលបានបន្តថា មួយរយះពេលនេះ មានបញ្ហាសំរាមកកស្ទះហើយជួនពេលជិតបោះឆ្នោត សូមខណ្ឌ សង្កាត់ និងភ្នាក់ងារប្រមូលសំរាម ត្រូវសាមគ្គីគ្នា ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញកាត់បន្ថយការកកស្ទះសំរាម។
លោក បានបន្ថែមទៀតថា អភិបាលរងខណ្ឌត្រូវដាក់ផែការ លើបញ្ហានេះ ពីព្រោះថា មិនបានឲ្យសង្កាត់ចុះទៅយកសំរាមទេ តែសង្កាត់ត្រូវផ្តល់ដំណឹងទៅថ្នាក់ខណ្ឌ ហើយបញ្ជូនព័ត៌មាននេះមករដ្ឋបាលរាជធានី ដើម្បីទាក់ទងទៅខាងនឹងសំណល់រឹង ដើម្បីឲ្យក្រុមហ៊ុនស៊ីនទ្រីធ្វើការងារនេះ។
លោកបន្តថា បញ្ហាមានច្រើនមិនមែនមានតែមួយចំណុចនឹងទេ ហើយកុំដោះសារថា ទើបតែយកចេញ ស្រាប់ប្រជាពលរដ្ឋទើបមកដាក់ថ្មីនោះទេ ប៉ុន្តែរឿងនេះអាចទទួលយកបាន មួយទៀតនៅទ្រូងផ្លូវមានដីនឹងសំរាមគឺមិនអាចទទួលយកបានឡើយ ហើយនៅលើទ្រូងផ្លូវបើបោសហើយគឺមិនអាចយកមកដាក់ទៀតឡើយ សូម្បីតែគ្មានការឧបត្ថម្ភក៏ដោយ ក៏ត្រូវសង្កាត់ភ្នាក់ងារធ្វើកិច្ចការងារនេះដែរ ខណ្ឌត្រូវមើលកិច្ចការងារនឹងឲ្យបានល្អ ក្នុងនាមក្នុងខ្លួនជាម្ចាស់តំបន់ ត្រូវតែម្ចាស់ការខ្លួនឯងឲ្យច្បាស់។
លោកបញ្ជាក់ទៀតថា ឥឡូវមានឡានបោសថ្នល់ថែមទៀត ហើយកិច្ចការនេះបន្ទុកខណ្ឌសង្កាត់ គឺខណ្ឌត្រូវធ្វើកិច្ចការងារនេះជាមួយសង្កាត់ឲ្យបានម៉តចត់ ហើយកិច្ចការងារនេះគឺមិនអាចជៀសផុតទេ វាជាកិច្ចការងាររបស់យើងត្រូវតែអនុវត្តន៍ ហើយចំពោះបញ្ហាទុកដាក់ប្រមូលសំរាមនេះ រដ្ឋបាល រាជធានីភ្នំពេញមានគម្រោងស្នើសុំទៅក្រសួងបរិស្ថាន ដើម្បីបង្កើតជាឡនៅតាមសង្កាត់ ខណ្ឌជាយក្រុងសម្រាប់ដុតសំរាមចោល ដើម្បីកាត់បន្ថយការដឹកជញ្ជូន និងទុកដាក់សំរាមតែ១កន្លែង។
សូមបញ្ជាក់ផងដែរថា ក្នុងមួយសង្កាត់ទាំង១០៥ មានភ្នាក់ងារប្រមូលសំរាមចំនួន ២នាក់ ដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋហើយ ភារកិច្ចអនុវត្តតាមសង្កាត់រៀងៗខ្លួន ចំណែកសំរាមនៅរាជធានីភ្នំពេញ មានចំនួន១ពាន់ ៦រយតោន ត្រូវបានដឹកចេញជារៀង រាល់ថ្ងៃ ឆ្ពោះទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ៕
Source: Kampuchea Thmey Daily
0 Comments