Ad Code

ចាក់​សោ​បង្ខាំង​មេជាង ​រួច​​​ឃុបឃិត​គ្នា​​លួច​ប្លាទីន​អស់​២​តម្លឹង



ភ្នំពេញ​ ៖​ ជនសង្ស័យ​៦​នាក់​ ដែល​ជា​កូន​ជាងទង​ភាគច្រើន​មកពី​ស្រុកកំណើត​ជាមួយគ្នា ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកទៅ​សាកសួរ ​បន្ទាប់ពី​ត្រូវ​មេជាង​ទង​របស់ខ្លួន​ចោទប្រកាន់ថា​ បាន​ឃុបឃិត​គ្នា​ចាក់សោ​បង្ខាំង​រូប​គាត់​ក្នុង​បន្ទប់ ​រួច​ចូល​ទៅ​លួច​យក​ប្លាទីន​អស់​២​តម្លឹង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​កន្លែង​ធ្វើ​ប្លាទីន ​ស្ថិតនៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ម៉ៅ វណ្ណៈ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​មេជាង​ទង​ ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​កើតហេតុ​ ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​យា ​ឃុំ​ធ្លក ​ស្រុក​ស្វាយជ្រំ ​ខេត្ត​ស្វាយរៀង។ ដោយឡែក​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ទី​១​ឈ្មោះ អិ​ច មករា​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ មុខរបរ​កូន​ជាងទង ​ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែង​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​យា​ ឃុំ​ធ្លក​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង ទី​២​ឈ្មោះ​យឹម ផល្លី ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ កូន​ជាងទង​ស្នាក់នៅ​ជាមួយគ្នា​ផ្ទះជួល​ខាងលើ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រក​ស្គរ ​ឃុំ​ស្វាយចេក​ ស្រុក​រំដួល​ខេត្ត​ស្វាយរៀង ទី​៣​ ឈ្មោះ​ណេ​ត សុវណ្ណ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​កូន​ជាងទង​ស្នាក់នៅ​បុរី​សន្តិភាព​២​ សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ ស្រុក​កំណើត​នៅ​ភូមិ​សំដី ​ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ទី​៤​ឈ្មោះ​សេក រតនៈ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីន ​ដេរ​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ធ្លក​ ឃុំ​ធ្លក ​ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​ទី​៥​ឈ្មោះ​សង វិចិត្រ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ មុខរបរ​កូន​ជាងទង​ស្នាក់នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល​ និង​ទី​៦​ឈ្មោះ​អៀង ស៊ី​ណាត​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​កូន​ជាងទង​ ស្នាក់នៅ​ផ្សារ​ដើម​មៀន​ ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ជា​មេជាង​ទង​បាន​ឲ្យ​ដឹងថា រូបគាត់​ត្រូវបាន​ក្រុម​ជនសង្ស័យ​ជា​កូនជាង​របស់​ខ្លួន​ឃុបឃិត​គ្នា​វាក់​សោ​បង្ខាំង​​ នៅ​ក្នុង​បន្ទប់ ​ហើយ​ចម្លង​សោ​ចាក់​យក​ប្លាទីន​អស់​ចំនួន​២​តម្លឹង​នៅ​ក្នុង​បន្ទប់​ធ្វើ​ប្លាទីន។ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ទុក​ប្លាទីន​នៅ​ក្នុង​បន្ទប់ ​ហើយ​ក្រុម​ជនសង្ស័យ​បាន​ចាក់សោ​បង្ខាំង​គាត់​នៅ​ក្នុង​បន្ទប់​ បន្ទាប់​មក​ពួកគេ​ឃុបឃិត​គ្នា​ចាក់សោ​ ដែល​ចម្លង​រួចជាស្រេច​ចូល​លួច​យក​ប្លាទីន​នៅ​ក្នុង​បន្ទប់ ទម្រាំ​តែ​គាត់​ហៅ​ឲ្យ​គេ​ជួយ​ទាន់ ​ក្រុម​កូនជាង​បាន​ចាកចេញ​ពី​កន្លែង​កើតហេតុ​បាត់​អស់។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ បាន​នាំ​ជនសង្ស័យ​ខាងលើ​យក​ទៅ​សាកសួរ ​តែ​ជនសង្ស័យ​ខាងលើ​បាន​បដិសេធ​ថា ​ពួកគាត់​មិនបាន​ប្រព្រឹត្ត​នោះ​ឡើយ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​ទៀត ​និង​កសាង​ឯកសារ​បញ្ជូន​ឲ្យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu