Ad Code

បើក​ការប្រកួត​ជើងឯក​ជាតិ​កីឡា​អុកចត្រង្គ​ឆ្នាំ​២០១៨ ចម្រាញ់​រក​អ្នក​ខ្លាំង​បញ្ចូល​ក្រុម​ជម្រើស​ជាតិ



សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានរៀបចំ​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៨ រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២០​ដល់​២១​មិថុនា ដើម្បី​ចម្រាញ់​រក​អ្នកខ្លាំង ដើម្បី​បញ្ចូល​ជា​ក្រុម​ជម្រើសជាតិ។ ការប្រកួត បានរៀបចំ​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​បើក​ការប្រកួត។ ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​សំណូមពរ​ឲ្យ​អាជ្ញាកណ្ដាល ចៅក្រម និង​កីឡាករ​ត្រូវ​ប្រកាន់​គោលការណ៍​Fair- Play ជាធំ។

លោក​ឈាវ បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ដែល​ធ្លាប់​គ្រង​តំណែង​ជា​ស្ដេ​ច​អុក​២​រជ្ជកាល​ជាប់ៗ​គ្នា​នា​ឆ្នាំ​២០១៤ និង​២០១៥​នោះ​ ក៏បាន​ចូលរួម​ប្រកួត​ដែរ។​

លោក​អគ្គលេខាធិការ​បា​ន​ឲ្យ​ដឹងថា ​មាន​អ្នកខ្លាំងៗ​ទាំង​ស្ដេច​អុក អតីត​ស្ដេច​អុក​ជើងឯក​រង​ចំនួន​៤៨​នាក់មក​ចូលរួម​ក្នុង​ការប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ។​

លោក​គ្រួច ចន្ថា​រិ​ទ្ធ​ដែលជា​គ្រូបង្វឹក​អុកចត្រង្គ​ជម្រើសជាតិ និង ជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការប្រកួត​ចែកចេញជា ៨ ពូ​ល​ដោយ​មួយ​ពូ​លៗ​មាន​កីឡាករ​៦​រូប។ នៅក្នុង​ពូ​ល​កីឡាករ​មួយរូបៗ​ត្រូវ​លេង​៥​ប្រកួត​(៥​ក្ដារ )​ដែល​មួយ​ក្ដារៗ​មាន​រយៈពេល​អតិបរមា​មួយ​ម៉ោង។​

សម្រាប់​អ្នក​ប្រកួត​ឈ្នះ​បាន​មួយ​ពិន្ទុ ស្មើ​បាន​កន្លះ​ពិន្ទុ និង ចាញ់​បាន​សូន្យ​ពិន្ទុ។ ការប្រកួត​នេះ​បន្ទាប់ពី​កីឡាករ​មួយរូប​ក្នុង​ពូ​ល​នីមួយៗ​លេង​បាន​៥​ក្ដារ​ហើយ​នោះ​គណៈកម្មការ​នឹងធ្វើ​ការ​បូក​ពិន្ទុ ។​កីឡាករ​២​រូប​នៃ​ពូ​ល​នីមួយៗ​ដែលមាន​ពិន្ទុ​លើ​គេ​នោះ ​នឹង​ក្លាយជា​កីឡាករ​ជម្រើសជាតិ។​

លោក​គ្រួច ចន្ថា​រិ​ទ្ធ​បន្តថា ​សហព័ន្ធ​មាន​គម្រោង​ស្នើ​ទៅ​ក្រសួង​អប់រំ​យុវជន និង កីឡា​សុំ​ប្រមូលផ្ដុំ​កីឡា​អុក​ចត្រង្គ​ជម្រើសជាតិ​ចំនួន​១៦​រូប​នា​ឆ្នាំ​២០១៩ ហេតុនេះ​កីឡាករ​២​រូប​នៃ​ក្បាល​ពូ​ល​នីមួយៗ​នឹង​ក្លាយជា​កីឡាករ​ជម្រើសជាតិ។​

គួរ​បញ្ជាក់ថា​ស្ដេច​អុក​ទាំង​ជើងចាស់​ជើង​ថ្មី​ដែល​ចូលរួម​នោះ​មាន​ឈាវ បូរ៉ា​ស្ដេច​អុក​ឆ្នាំ​២០១៤ និង ២០១៥​។​ ហូ​យ សូ​ណា​ស្ដេច​អុក​ឆ្នាំ​២០១៦ ហេង សៅ​ឌី​ស្ដេច​អុក​ឆ្នាំ​២០១៧ និង សុខ លឹម​ហេង​ស្ដេច​អុក​ឆ្នាំ​២០១៨។ ក្រៅពីនោះ​មានការ​ចូលរួម​ពី​សំណាក​ជើង​ខ្លាំង​ជាច្រើន​ទៀត​ដូចជា​ឆ​យ វី​រ៉ា​ស្ដេច​អុក​ឆ្នាំ​២០១០ ព្រមទាំង​បណ្ដា​ជើងឯក​រង​នានា​ដូចជា​រស់ រិទ្ធី​យ៉ា ម៉េង សេរី​សម្បត្តិ ប៊ូ ជុន​ម៉ា​នី​កា ប៉ោ សារិទ្ធ និង ម៉ាត់ សេន​ជាដើម៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu