Ad Code

គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន រំពឹង​ថា ​កីឡាករ​ចំណូល​ថ្មី​ជនជាតិ​ប្រេ​ស៊ី​ល Valci Júnior នឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​គូប្រកួត​បាន​ច្រើន



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានសម្រេច​ចុះ​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Valci Teixeira Júnior មកពី​លី​គ​លំដាប់​ទី​២​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ ខណៈ​កីឡាករ​រូបនេះ​ អាច​បង្ហាញខ្លួន​ចាប់ពី​ដើមខែ​ក្រោយ​តទៅ ខណៈ​លោក​Sean Sainsbury ដែលជា​គ្រូបង្វឹក​បាន​រំពឹង​ខ្ពស់​ពី​សមត្ថភាព​កីឡាករ​រូប​នេះ​ក្នុង​ការជួយ​រក​គ្រាប់​បាល់​បញ្ចូល​ទី​គូប្រកួត​។​

​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស រូបនេះ​បាន​លើកឡើងថា ​៖« កីឡាករ Valci Júnior គឺជា​អ្នក​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើន ហើយ​កន្លងមក​យើង​បាត់បង់​ឱកាស​នៃ​ការ​បញ្ចប់​ទី​។ ដូច្នេះ​ហើយ​បានជា​យើង​ចុះ​កុងត្រា​ជាមួយ​គាត់ បើសិនជា​យើង​មក​មើល​លើ​កំណត់ត្រា​របស់គាត់ គឺ​គាត់​លេង​ជាច្រើន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​ថៃ ទាំង​លី​គ​ទីមួយ និង លី​គ​ទី​ពីរ​។ ខ្ញុំ​យល់ថា​គាត់​ជា​អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន ដូច្នេះ​គាត់​នឹង​ជួយ​រក​គ្រាប់​បាល់​ឲ្យ​យើង​ឲ្យ​បាន​ច្រើន តប​តាម​អ្វីដែល​យើង​ធ្លាប់​បាត់បង់​ពីមុនមក​»​។​

​កីឡាករ​ប្រេ​ស៊ី​ល Valci Teixeira Júnior មាន​កម្ពស់​១,៩០​ម៉ែត្រ តួនាទី​ជា​ខ្សែប្រយុទ្ធ​។ រូបគេ​ចំណាយពេល​៩​ឆ្នាំ​ជាមួយ​ក្លិប​ចំនួន​១១​នៅ​ប្រទេស​ថៃ គិត​ចាប់តាំង​ពី​ឆ្នាំ​២០០៩ មក ដែលមាន​ដូចជា ក្លិប​TOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និង​Samut Sakhon​។ តែ​ចន្លោះ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្លាស់​ទៅលេង​ជាមួយ​ក្លិប Al Nahda Club នៅ​ប្រទេស​អូ​ម៉​ង់ និង​នៅ​ឆ្នាំ ២០១៦​រូបគេ​ប្តូរ​ទៅលេង​ជាមួយ​ក្លិប​លី​គ​លំដាប់​ទី​៣​ប្រទេស​ជប៉ុន គឺ​ក្លិប Gainare Tottori​។​

​យោងតាម​លិខិតផ្លូវការ​ដែល​ចេញ​ដោយ CNCC បាន​បញ្ជាក់​ថា​ ការដោះដូរ​កីឡាករ​ជើង​ទី​២​នេះ​អាច​ធ្វើ​បាន​លើ​កីឡាករ​កម្ពុជា​៣​រូប និង​កីឡាករ​បរទេស​៣​រូប​។ គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្តាហ៍​ទី​៩ ហើយ​ខណៈ​ជុំ​ទី​១​នៃ​រដូវ​កាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​។ តាម​គម្រោងការ​ប្រកួត​ជុំ​ទី​២​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ​ដែល​ក្លិប​នីមួយៗ​ជា​សមាជិក​ទាំង​១២​ក្រុម​បាន​ចុះបញ្ជី​លើក​ទី​២​នេះ​នឹង​ចូល​លេង​បាន​។​

​យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចុះបញ្ជី​កីឡាករ​បរទេស​ពេញ​បញ្ជី​ដដែល​ដោយ​ក្នុងនោះ​មាន កីឡាករ Tsotleho JANE ហៅ​ក្រៅ​ថា​Sunny ខ្សែការពារ Jonny Campbell ជនជាតិ​អាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិ​អ៊ីរ៉ង់ កីឡាករ Atsushi Shirota ជនជាតិ​ជប៉ុន និង​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Valci Teixeira Júnior នេះ​តែម្តង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu