ភ្នំពេញ ៖ ជនជាតិវៀតណាម ដែលសម្បូរជាងគេ កំពុងប្រកបរបររកស៊ីនៅក្នុងផ្សារកណ្តាលនោះត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះមកឃាត់ខ្លួនបានចំនួន១៥នាក់ ដោយពិនិត្យឃើញថាកំពុងរស់នៅខុសច្បាប់។
ប្រតិបត្តិការនោះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី ដោយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយនាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជាតិវៀតណាម ឆ្លងដែន និងធ្វើការខុសច្បាប់នៅផ្សារកណ្តាល។
ជាលទ្ធផល សមត្ថកិច្ចពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន១៥នាក់ (ស្រី០៩នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត។
ពាក់ព័ន្ធនឹងករណីនេះផងដែរ សមត្ថកិច្ច ក៏បានធ្វើការអំពាវនាវ និងសុំអោយជនបទេស ធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច នឹងចាត់វិធានការដោយពុំលើកលែងឡើយ។
សមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាន នានា ទាំងអស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការដ្ឋាន និងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននឹងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments