សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកការទូតម្នាក់ទៀតបានធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសគុយបាដោយមានរោគសញ្ញាជំងឺអាថ៌កំបាំង ដែលបានប៉ះពាល់ដល់មិត្តរួមការងារចំនួន២៤នាក់រួចទៅហើយ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បាននិយាយថា “នេះគឺជាករណីទីមួយហើយដែលត្រូវបានគេបញ្ជាក់នៅទីក្រុង Havana ចាប់តាំងពីខែសីហាឆ្នាំ២០១៧មក។ ចំនួនជនជាតិអាមេរិកដែលត្រូវរងគ្រោះឥឡូវនេះបានកើនឡើងដល់២៥នាក់ហើយ”។
មន្ត្រីអាមេរិកយ៉ាងតិចមួយរូបក៏ត្រូវបានរងគ្រោះដោយរោគសញ្ញាដូចគ្នាដែរនៅក្នុងប្រទេសចិនខណៈដែលមានអាថ៌កំបាំងកាន់តែជ្រៅលើមូលហេតុដែលបង្កឡើង។
លោកស្រី Nauert បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់រដ្ឋាភិបាលក្រុង Havana អំពីឧប្បត្តិហេតុចុងក្រោយកាលពីថ្ងៃទី២៩ខែឧសភាមុនពេលវាត្រូវបានបញ្ជាក់ជាផ្លូវការពីផ្នែកពេទ្យហើយបានរំឭកប្រទេសគុយបាអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារអ្នកការទូតនៅលើដីរបស់ខ្លួន។
អ្នកការទូតអាមេរិកម្នាក់ទៀតត្រូវបានគេរាយការណ៍ថា ត្រូវបានជម្លៀសចេញពីរដ្ឋធានី Havana ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តរបស់គាត់មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
ជនរងគ្រោះនៃជំងឺអាថ៌កំបាំងនេះជាទូទៅមានរោគសញ្ញាដូចទៅនឹងការប៉ះទង្គិចខួរក្បាលតិចតួចរួមទាំងក្នុងករណីខ្លះមានការវង្វេងនិងស្តាប់មិនឮផងដែរ។
មន្ត្រីអាមេរិកមួយចំនួននៅក្នុងប្រទេសចិននិងប្រទេសគុយបាបានរាយការណ៍ថា បានឮសំឡេងរំខានមិនដឹងមកពីណាមុនពេលធ្លាក់ខ្លួនឈឺហើយរបាយការណ៍ដំបូងបានលើកឡើងថា ពួកគេអាចត្រូវរងការវាយប្រហារដោយអាវុធសម្ងាត់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកស៊ើបការណ៍និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់អាមេរិកបាននិងកំពុងស៊ើបអង្កេតអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយហាក់ដូចជាមិនមានការកំណត់អត្តសញ្ញាណបុព្វហេតុណាមួយនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments