ភ្នំពេញ ៖ តារាចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ មួយរយៈនេះ ត្រូវបានមហាជនកត់សម្គាល់ឃើញថា លោកពិតជាជួបរឿងរ៉ាវទុក្ខសោកនិងស៊យផ្ទួនៗគ្នាតែម្តង។ ករណីនេះ បានធ្វើឲ្យមហាជនមួយចំនួន បានសម្តែងការអាណិតអាសូរចំពោះតារាប្រុសរូបនេះ។
គិតមកទល់ពេលនេះ មានរយៈពេលជាច្រើនខែមកហើយ ដែលឪពុកជាទីស្រឡាញ់របស់លោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែជំងឺហាក់គ្មានភាពធូរស្រាលនៅឡើយទេ។
បញ្ហាគ្រួសារនេះ ទើបធ្វើឲ្យតារាចម្រៀងលោក ករុណា ពេជ្រ តែងបង្ហាញពីអារម្មណ៍សោកសៅ និងពិបាកចិត្តមិនស្ទើរនោះឡើយ។
ខណៈពេលដែលជំងឺឪពុកកំពុងតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះដែរ ពេលនេះក៏ស្រាប់តែលោក ករុណា ពេជ្រ បញ្ចេញរូបភាពធ្លាក់ខ្លួនឈឺ ត្រូវចូលពេទ្យពិនិត្យខួរក្បាលបង្កឲ្យមានការព្រួយបារម្ភខ្លាំងចំពោះអ្នកគាំទ្រ ក៏ដូចទស្សនិកជនជាច្រើន។
បង្ហោះភ្ជាប់ជាមួយរូបភាពនៃទិដ្ឋភាពចូលពេទ្យលោក ករុណា ពេជ្រ បានពោលពាក្យថា មួយរយៈនេះ គិតហួស គិតច្រើនពេកហើយ...។ មានតែចូល ពិនិត្យសុខភាព និង ថតខួរក្បាល ឲ្យច្បាស់ម្តងថាគួរទៅមុខឬទៅក្រោយ....។ មិនគួរ គ្រប់រឿង មកបុកចូលពេលតែមួយដូចខ្វះពេលបុក....។
ជាមួយគ្នានេះមានមហាជនជាច្រើនបានផ្ញើសារសួរសុខទុក្ខព្រមទាំងការផ្តល់កម្លាំងចិត្តដល់តារាចម្រៀងប្រុសលោក ករុណា ពេជ្រ ឲ្យឆាប់រួចផុតពីភាពសៅហ្មងនិងឪពុករបស់លោកឆាប់ជាសះស្បើយពីជំងឺ។ ម្យ៉ាងទៀតភាគច្រើនក៏បានផ្តល់ជាកម្លាំងចិត្តឲ្យលោក ករុណា ពេជ្រ ត្រូវមានភាពរាំងមាំដើម្បីបន្តជីវិតជោគជ័យនៅថ្ងៃខាងមុខផងដែរ៕
Source: Kampuchea Thmey Daily
0 Comments