Ad Code

ចម្រាញ់​បាន​ជើង​ខ្លាំង​អុកចត្រង្គ​១៦​រូប សម្រាប់​បញ្ចូល​ទៅ​ក្រុម​ជម្រើសជាតិ



បន្ទាប់ពី​ប្រកួត​ចម្រាញ់​រយៈពេល​២​ថ្ងៃ​(២០-២១​មិថុនា​)​មក​នោះ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ជ្រើសរើស ​បាន​ជើង​ខ្លាំង​ចំនួន​១៦​រូប​សម្រាប់​បញ្ចូល​ទៅ​ក្រុម​ជម្រើសជាតិ សម្រាប់ធ្វើ​ការប្រមូលផ្ដុំ​នា​ឆ្នាំ​២០១៩​ខាងមុខ។

សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានរៀបចំ​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០១៨​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២០​ដល់​២១​មិថុនា​ដើម្បី​ចម្រាញ់​រក​អ្នកខ្លាំង​ ​បញ្ចូល​ជា​ក្រុម​ជម្រើសជាតិ។ ការប្រកួត​នេះ​មាន​អ្នកខ្លាំងៗ​ ដោយមាន​ទាំង​ជើងឯក​អុក អតីត​ជើងឯក​រង ​និង​អ្នកខ្លាំងៗ​មកពី​គ្រប់​ទិស​ទី​ចំនួន​៤៨​នាក់មក​ចូលរួម។

ការប្រកួត​ចែកចេញជា ៨ ពូ​ល​ដោយ​មួយ​ពូ​លៗ​មាន​កីឡាករ​៦​រូប។ នៅក្នុង​ពូ​ល​កីឡាករ​មួយរូបៗ​ត្រូវ​លេង​៥​ប្រកួត​(៥​ក្ដារ )​ដែល​មួយ​ក្ដារៗ​មាន​រយៈពេល​អតិបរមា​មួយ​ម៉ោង។ ​សម្រាប់​អ្នក​ប្រកួត​ឈ្នះ​បាន​មួយ​ពិន្ទុ ស្មើ​បាន​កន្លះ​ពិន្ទុ និង ចាញ់​បាន​សូន្យ​ពិន្ទុ។ ការប្រកួត​នេះ​បន្ទាប់ពី​កីឡាករ​មួយរូប​ក្នុង​ពូ​ល​នីមួយៗ​លេង​បាន​៥​ក្ដារ​ហើយ​នោះ​ គណៈកម្មការ​នឹងធ្វើ​ការ​បូក​ពិន្ទុ។ កីឡាករ​២​រូប​នៃ​ពូ​ល​នីមួយៗ​ដែលមាន​ពិន្ទុ​លើ​គេ​នោះ​នឹង​ក្លាយជា​កីឡាករ​ជម្រើសជាតិ។

បន្ទាប់ពី​ការប្រកួត​ដ៏​តឹងតែង​រយៈពេល​២​ថ្ងៃ​មក​នោះ ជើង​ខ្លាំង​១៦​រូប​ត្រូវបាន​រកឃើញ​ដែល​ក្នុងនោះ​មាន​១០​រូប​នៅ​រាជធានី​ភ្នំពេញ គឺ​ឆ​យ វី​រ៉ា ជើងឯក អុក​ឆ្នាំ​២០១០ សុខ លឹម​ហេង​ជើងឯក អុក​ឆ្នាំ​២០១៨ ប៊ូ ប៉ុណ្ណ​ម៉ា​នី​កា រស់ រិ​ទ្ធិ​យ៉ា​រៀម វាសនា ឃី ចំរើន នូ ច័ន្ទ​ផានិត​ម៉េង សេរី​សម្បត្តិ ឈិន សំណាង និង ម៉ាត់ សេន។

សូមបញ្ជាក់ថា ជើងឯក​អុក​២ ជំនាន់ គឺ​ឆ្នាំ​២០១៤ និង ២០១៥​ឈាវ បូរ៉ា​មិនបាន​ជាប់​ក្នុង​ក្រុម​១៦​រូបនេះ​ឡើយ។ ហេង សៅ​ឌី ជើងឯក​អុក​ឆ្នាំ​២០១៧ និង ហូ​យ សូ​ណា​ជើងឯក​អុក​ឆ្នាំ​២០១៦​ក៏​ធ្លាក់​មិនបាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ដែរ​។​

ក្នុងចំណោម​១៦​រូបនេះ​ខេត្តកំពត​មាន​មួយរូប គឺ​សុខ សំបូរ ខេត្តពោធិ៍សាត់​មួយរូប​គឺ​ឡៅ លី​ម៉េ​ន ខេត្ត​ប៉ៃលិន​មួយរូប​គឺ​លឹម ផល្លា ខេត្តតាកែវ ២ រូប​គឺ​ឈ្មោះ​ទេស សា​រ៉ាវី និង ស៊ីវ ស៊ីន និង ខេត្ត​ព្រះសីហនុ​មួយរូប​គឺ​ឈ្មោះ​ឃីម ឃីម។

លោក​គ្រួច ចន្ថា​រិ​ទ្ធ​ដែលជា​គ្រូបង្ហាត់​អុក​ច​ត្រ​ង្ក​ជម្រើស​ជាតិ​បាន​និយាយថា អ្នកខ្លាំង​ទាំង​១៦​រូបនេះ​ឆ្នាំក្រោយ​សហព័ន្ធ​នឹង​សុំ​ទៅ​ក្រសួង​អប់រំ​យុវជន និង កីឡា​ដើម្បី​ប្រមូលផ្ដុំ​បំប៉ន ដើម្បី​ហ្វឹកហាត់។ ពេលនេះ សហព័ន្ធ​បាន​ប្ដេជ្ញា​ហើយ​ថា ឆ្នាំ​២០២៣​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​នោះ​ប្រភេទ​កីឡា​អុកចត្រង្គ​នេះ​នឹងត្រូវ​បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រកួត៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu