Ad Code

ទុស្សេ​ខ្សែភ្លើង​ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ ​និង​សម្ភារៈ​ស្ទើរ​ទាំងស្រុង​នៅ​ស្រុក​សូទ្រនិគម



សៀមរាប ​៖​ ទុស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​០១​ខ្នង ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រមាណ​ជា​៧០​ភាគរយ​ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក​ តែ​ករណី​នេះ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​ម្នាក់​ទេ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ កើតឡើង​នៅវេលា​ម៉ោង​២២​នាទី​យប់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ ​កើតឡើង​នៅ​ពេល​ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ផ​យ សុផល ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជាមួយ​នឹង​សមាជិក​៣​នាក់​ទៀត កំពុង​ដេកលក់ ស្រាប់​តែ​មាន​ទុស្សេ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ ទើប​ដឹងខ្លួន ហើយ​នាំគ្នា​រត់​ចេញមកក្រៅ​ទាន់ពេលវេលា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ​បណ្តោយ​១០​ម៉ែត្រ សង់​ផ្ទាល់​ដី ជញ្ជាំង​ថ្ម​លាយ​ឈើ ដំបូល​ប្រក់​ស័ង្កសី។ ការ​ឆាបឆេះ​នេះ​ផង​ដែរ គឺ​ខូចខាត​ប្រមាណ​៧០​ភាគរយ ហើយ​ទ្រព្យសម្បត្តិ​ ដែល​ខូចខាត​ក្នុង​នោះ​មាន​ដូចជា ប្រាក់​ដុល្លារ​ចំនួន​៦៤៥​ដុល្លារ ប្រាក់​រៀល​៦០​ម៉ឺន​រៀល ប្រាក់​បាត​៦០០០​បាត ម៉ាស៊ីន​បោកខោអាវ​១​គ្រឿង គ្រែ​៤ ពូក​៤ សំលៀកបំពាក់​ ចានឆ្នាំង​ កន្ទេល​មុង​ភួយ ទូ​ដាក់​ខោអាវ សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ចំនួន​២​សន្លឹក។

ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ដែរ សមត្ថកិច្ច​ បាន​ធ្វើការ​ប្រើប្រាស់​ឡានទឹក​ពន្លត់​អស់​ចំនួន​៣​គ្រឿង​ទើប​ធ្វើការ​ពន្លត់​បាន​ទាំងស្រុង​នៅ​ម៉ោង​ប្រមាណ​ជា​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែ​មិថុនា នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu