Ad Code

នី សុ​ភី អាច​ឈ្នះ Super Chhai ឬ​អត់ ក្នុងជំនួប​លើក​ទី​៥​នេះ​



នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង អ្នក​ប្រដាល់​ថៃ​Super Chhai ត្រូវគេ​ផ្គូ អោយ​ជួបគ្នា​ម្តងទៀត នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​២៤ ខែ​​មិថុនា ​ឆ្នាំ​២០១៨​នេះ​។​

នេះ​ជា​ជំនួប​លើក​ទី​៥ របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ។​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម ។ នី
សុ​ភី ជួប​Super Chhai ៤​លើក​កន្លងមក គឺ​វាយ​ចាញ់​ដោយ​ពិន្ទុ​បី​លើក និង​ឈ្នះ​១​លើក ។​ដូច្នេះ នី សុ​ភី មិនដឹងថា​អាច​យកឈ្នះ​Super Chhai​បាន​ឬ​អត់​នោះទេ​សម្រាប់​ជំនួប​លើក​នេះ ។

នី សុ​ភី ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្តូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ញញើត​នោះឡើយ ដើម្បី​ប្តូរ​យកជ័យ​ជំនះ​នៅពេលដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូប្រកួត គឺ​គេ​ប្តូ​រហើយ។

Super Chhai​វិញ គេ​ក៏​មិនជា​អន់​ជាង សុ​ភី នោះដែរ គឺមាន​តែ​លើ​នី សុ​ភី ទៅទៀត ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្ពស់ ដៃជើង​វែង​ជាង ហើយ​ថែមទាំង​វាយ​មាន​ផ្លែ​ល្អ​ជាង​នី សុ​ភី ថែមទៀត ។ ជាមួយនេះ Super Chhai​ធ្លាប់​វាយ​ឈ្នះ​នី សុ​ភី ដោយ​ពិន្ទុ​ចំនួន​៣​លើក​មកហើយ ។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នៅតែ​រំពឹងថា Super Chhai ទំនងជា​ពិបាក​ឈ្នះ​នី សុ​ភី​បន្តិច​ហើយ ព្រោះ​នី សុ​ភី ពេលនេះ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ មិន​ដូច​ពីមុន​នោះឡើយ ។​

Super Chhai ជា​អ្នក​ប្រដាល់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ជាងគេ គឺ​ចំនួន​១៣ ដោយ​វាយ​ឈ្នះ​៨ លើក ស្មើ​១​លើក និង​ចាញ់​៣​លើក ។ Super Chhai មាន​ប្រវត្តិ​ប្រកួត​១២១​លើក ឈ្នះ​១០៤​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក ។ ឯ នី សុ​ភី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៤០​លើក ឈ្នះ​១០៤​លើក ចាញ់​២១​លើក ស្មើ​០៤​លើក ។ ដូច្នេះ ចាំមើល នី សុ​ភី និង Super Chhai តើ​អ្នកណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​លើក​ទី​៥​នេះ ? ។

ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Khongfar Petchinda ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧ គ​.​ក្រ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ម្តង និង​ឡាវ​៦​ដង​ហើយ ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​៧ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ (២៧​ឧសភា​២០១៨) គេ​បាន​ផ្តួល​ថៃ​Kirk Kark អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៤៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៣២​លើក ចាញ់​១០ លើក និង​ស្មើ ០៤​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​ធា​រិ​ទ្ធ​អាច​យកឈ្នះ Khongfar Petchinda បាន​ឬក៏​អត់​នោះទេ​? ។​

​Khongfar Petchinda ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ​។​ដូច្នេះ អ៊ូច ធា​រិ​ទ្ធ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក ។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង Khongfar Petchinda តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡូញ វ៉ាន់ឌី​អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា ឈ្នះ អ្នកណា​ចាញ់​នោះឡើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu