Ad Code

ពលករ​ខ្មែរ ចង ក​សម្លាប់ខ្លួន​នៅ​ប្រទេស​ថៃ ដោយសារ​ប្រពន្ធ​ស្តី​បន្ទោស



ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅឯ​ប្រទេស​ថៃ ទាំងពីរ​នាក់​ប្តី ប្រពន្ធ​ បានធ្វើ​អត្តឃាត​ដោយ​ចង ក​សម្លាប់ខ្លួន បង្កអោយមាន​ការភ្ញាក់ផ្អើល​ទាំង​ពេល​រំលង​អធ្រាត្រ ក្រោយពី​ពលករ​ខ្មែរ​រូបនេះ បាន​យកលុយ​កាក់ និង​មាស​របស់​ប្រពន្ធ ទៅ​ដើរ​ស៊ី​ចាយ​រហូត​អស់ពី​ខ្លួន ហើយក៏​ត្រូវ​ប្រពន្ធ​ធ្វើការ​ស្តីបន្ទោស។

ការធ្វើអត្តឃាត និង​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង ១រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុច​ភូមិ​១ ឃុំ​ណង​ខាម​ ស្រុក​រ៉ា​ឆា ខេត្ត​ឈុន​បុរី នៅ​ប្រទេស​ថៃ ដែល​ជនរងគ្រោះ​មានឈ្មោះ សាត សយ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ។

បើ​យោងតាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ភរិយា​បាន​និយាយថា នៅ​ល្ងាច​មុនពេល​កើតហេតុ គឺ​ស្វាមី​របស់​នាង​បាន​យក​លុយ និង​លួច​យក​មាស​របស់​ខ្លួន ( មាស​គ្រឿង ) ទម្ងន់​៤​ជី​ទៅ​ដើរ​ស៊ីចាយ​ជាមួយ​ស្រី​ស្នេហ៍ រហូតដល់​អស់​លុយ​ពី​ខ្លួន​ ទើប​ត្រឡប់​មកដល់​កន្លែង​ស្នាក់នៅ​វិញ ឃើញបែបនេះ​នាង​ក៏បាន​ស្ដីបន្ទោស ​ដោយសារតែ​ខឹង​ខ្លាំងពេក ដូច្នេះ​សង្ស័យថា​អាចមកពី​ការស្តីបន្ទោស​បានជា​គាត់​លួច​ទៅ​ចង ក​សម្លាប់ខ្លួន​តែម្តង។​

ក្រោយពី​មានការ​ត្រួតពិនិត្យ​ពី​សំណាក់​ក្រុម​តម្រួត​ថៃ​រួចមក សព​ត្រូវបាន​សមត្ថកិច្ច​ថៃ រៀបចំ​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu