ភ្នំពេញ ៖ អតីតតារាចម្រៀងរបស់ផលិតកម្មហង្សមាស និងជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកលោកប៊ុត សីហា ដូចដែលមហាជនដឹងហើយថាកាលពីថ្មីៗនោះ បានផ្ទុះរឿងអាស្រូវគួរឲ្យអាម៉ាស់ជុំវិញករណីប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ប៉ុន្តែក្រោយពេលឃាត់ខ្លួនមិនបានប៉ុន្មាន ក៏ត្រូវដោះលែងវិញ ខណៈមានការធានាពីក្រុមគ្រួសារ។
ចំពោះរឿងរ៉ាវដ៏គួរឲ្យរសើបកាលនោះ បានធ្វើឲ្យលោក ប៊ុត សីហា មិនត្រឹមតែមានភាពអាម៉ាស់ខ្លាំងនោះទេ គឺថែមទាំងបាត់បង់ឱកាសការងារសិល្បៈច្រើន។ ម្យ៉ាងទៀតឱកាសចេញទៅកើបលុយដុំនៅប្រទេសមហាអំណាចសហរដ្ឋអាមេរិក ក៏ត្រូវបានបាត់បង់ផងដែរ ស្របពេលដែលទីផ្សារការងារនៅក្នុងស្រុក ក៏ត្រូវបានឃ្លាតឆ្ងាយស្ទើរទាំងស្រុងផងនោះ។
លោក ប៊ុត សីហា តាមការកត់សម្គាល់ បន្ទាប់ពីឱកាសការងារសិល្បៈត្រូវបានបាត់បង់ក្រោយបែកធ្លាយរឿងអាស្រូវគ្រឿងញៀននោះ ជាការលុបលាងកំហុស គេសង្កេតឃើញតារាប្រុសរូបនេះបានបង្វែរពេលទំនេរមកចូលរួមការងារសង្គមតាមរយៈការចែករំលែកក្តីស្រឡាញ់ចំពោះកុមារនៅតាមសហគមន៍ ឬមណ្ឌលកុមារកំព្រាជាដើម។ កត្តានេះ ទើបថ្មីៗនេះត្រូវបានប្រភពបង្ហើបថាផលិតកម្មថោនកំពុងត្រៀមផ្តល់ឱកាសការងារឲ្យ ប៊ុត សីហា លេចវត្តមានជាតារាចម្រៀងនៅក្នុងផលិតកម្មមួយនោះ។
ប្រភពដែលគួរឲ្យទុកចិត្តបានបង្ហើបប្រាប់ឲ្យដឹងថា ប៊ុត សីហា ទោះបីជាពេលនេះត្រូវបានផលិតកម្មហង្សមាសបោះបង់ចោល និងត្រូវបានបាត់បង់ឱកាសការងារច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនានាក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះ ក៏ត្រូវបានផលិតកម្មថោនសម្លឹងឃើញ និងត្រៀមចុះកិច្ចសន្យាជាមួយគ្នាផងដែរ គ្រាន់តែមិនទាន់ដល់ពេល។
ប្រភពដដែលបានបន្ថែមថា មូលហេតុដែលភាគីថោនមិនទាន់បញ្ចេញឬទទួលយកតារាចម្រៀងប្រុសរូបនេះជាផ្លូវការនោះ គឺទុកពេលឲ្យលោក ប៊ុត សីហា ចេញមុខលើការងារសង្គមតាមរយៈសកម្មភាពមនុស្សធម៌មួយចំនួនក្នុងន័យលុបលាងកំហុសរបស់ខ្លួនសិន ទើបប្រកាសទទួលយកពេលសិទ្ធិតែម្តង។
កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ពុំអាចស្វែងរកការសួរនាំបន្ថែមពីលោក ប៊ុត សីហា លើកករណីនេះបាននៅឡើយទេ។ ចំណែកឯភាគីខាងផលិតកម្មថោន ក៏នៅមិនទាន់អាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបាននៅឡើយដែរ៕
Source: Kampuchea Thmey Daily
0 Comments