Ad Code

មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង ​រួមចំណែក​អភិរក្ស​ពូជ​ត្រី​ប៉ា​សេ​អ៊ី​



ស្ទឹងត្រែង​ ៖​ លោកស្រី​ញ៉ោ​ច សារឿន​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ខេត្ត​ស្ទឹងត្រែង ​បាន​​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​នេះ​ថា​ ៖​ មន្ទីរ​វប្បធម៌ ​​និង​​វិចិត្រ​សិល្បៈ​ បាន​បង្កើត​របាំ​ត្រី​ប៉ា​សេ​អ៊ី និង​បង្ហាត់បង្រៀន​សិស្ស​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឲ្យ​សម្តែង​សិល្បៈ​របាំ​នេះ ដើម្បី​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ប្រជា​​​នេសាទ​មាន​ស្មារតី​ចូលរួម​អភិរក្ស​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​ ដែលមាន​វត្តមាន នៅតែ ខេត្តស្ទឹងត្រែង​តែប៉ុណ្ណោះ។

លោកស្រី​ប្រធាន​បន្តថា ​៖ ​នេះ​ក៏​ជា​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​ខេត្ត​ ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ​ដែល​បាន​មក​ដល់​ខេត្ត​ស្ទឹងត្រែង​ ​ហើយ​តែង​សួរនាំ​រកត្រី​ប៉ា​សេ​អ៊ី​ តែ​បច្ចុប្បន្ន​ត្រូវ​អ្នកនេសាទ​បាន​ធ្វើការ​ប្រមាញ់​ដោយ​គ្មាន​គោរព​ច្បាប់​នេសាទ​ឡើយ​ ស្ទើរ​តែ​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​នេះ ​ឈាន​ទៅ​ផុត​ពូជ។

លោកស្រី​ប្រធាន​សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ​បង្កើន​កិច្ច​សហការ​គ្នា​ធ្វើការ​អភិរក្ស​ត្រី​មួយ​ប្រភេទ​នេះ​ កុំ​ឲ្យ​ផុត​ពូជ ​ព្រោះ​​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​)​ បាន​ចាប់​យក​រូបសំណាក​ត្រី​នេះ​មក​ចងក្រង​ជា​សិល្បៈ​របាំ​រួច​ទៅ​ហើយ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​អភិរក្ស​ដោយ​ប្រយោល។

លោក​ទំ​នី​រ៉ូ​ប្រធាន​ខណ្ឌ​ជលផល​ស្ទឹងត្រែង​បាន​អះអាងថា ​៖ ​ការងារ​អភិរក្ស​មន្ត្រី​ជំនាញ​បាន​ចាត់វិធានការ​គ្រប់​ច្រកល្ហក​ តែ​សកម្មភាព​នេះ ​បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ វា​នឹង​ទទួល​បរាជ័យ។

លោក​ថា ​៖ ​ក្តី​ព្រួយបារម្ភ​​​នេះ​ អាច​ទៅ​ថ្ងៃ​អនាគត​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​នេះ​ គឺ​ពិតជា​នៅតែ​រូបសំណាក​តែប៉ុណ្ណោះ ដូចជា រូប​-​គ្រុឌ​- នាគ​-​ឬ ដាយ​ណូ​ស័​រ​-​ជាដើម​ គឺ​ឮ​តែ​ឈ្មោះ​តែ​​​គ្មាន​រូបរាង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu