Ad Code

អ្នក​ខ្លាំង​៤​រូប​ ជួបគ្នា​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គ​.​ក្រ



អ្នក​ប្រដាល់​ជើង​ខ្លាំង​៤​រូប នឹង​ឡើង​ប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​បាយ័ន សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៨។ អ្នក​ប្រដាល់​ទាំង​៤​រូបនោះ រួមមាន ឯម សុធី មកពី​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ , អ៊ូច ភា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ , កំពែង ខ្មៅ​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង នី​ម នន មកពី​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។

ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី​៣០ មិថុនា ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។ ការប្រកួត​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ជ្រុះ​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើង​ខ្លាំង​ម្ចាស់​ពាន​ក្នុងពេល​តែមួយ ។​

ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន។

អ្នក​ប្រដាល់​ទាំង​៤​រូបនេះ បន្ទាប់ពី​ឆ្លងកាត់​ការចាប់​ឆ្នោត​នោះ ឯម សុធី នឹងត្រូវ​ជួប​ជាមួយ​កំពែង ខ្មៅ ហើយ​អ៊ូច ភា​រិ​ទ្ធ ជួប​ជាមួយ នី​ម នន ។ រវាង​អ្នក​ប្រដាល់ ឯម សុធី និង កំពែង ខ្មៅ នេះ ពួកគេ​ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កាលពីពេល​កន្លងមក ដែល​ក្នុងការ​ជួបគ្នា​ពេលនោះ សុធី ឈ្នះ កំពែង ខ្មៅ ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ ពិបាក​ទស្សន៍ទាយ​ណាស់​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ សម្រាប់​ការជួបគ្នា​លើក​នេះ ព្រោះថា​កំពែង ខ្មៅ ថ្វីត្បិតតែ​ធ្លាប់​ចាញ់​ឯម សុធី មួយ​លើក​ហើយក៏​ដោយ ក៏​មិន​ប្រាកដថា​គេ​ចាញ់​ទៀត​ដែរ សម្រាប់​ការជួបគ្នា​លើក​នេះ ។ សុធី បាន​ខាង​ក្បាច់គុន តែ​កំពែង​ខ្មៅ គេ​បាន​ខាង​មានចិត្ត​ប្រដាល់​ធំ ស៊ូ​ការប្រកួត ។​និយាយ​រួម ឯម សុធី ពិបាក​ទប់ទល់​ជាមួយ​កំពែង ខ្មៅ ហើយ ។​

គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​
​ចំពោះ​អ៊ូច ភា​រិ​ទ្ធ និង នី​ម នន វិញ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ កន្លងមក ។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ អ៊ូច ភា​រិ​ទ្ធ ទំនងជា​មិនអាច​ឈ្នះ​នី​ម នន ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង​នោះ។​

ទោះជា​យ៉ាងណា ក្នុងចំណោម​ពួកគេ​៤​នាក់​នេះ គេ​បានកត់សម្គាល់​ឃើញថា ឯម សុធី និង នី​ម នន គេ​មាន​ថ្វីដៃ​ល្អ​ដូចគ្នា ទាំង​បទពិសោធន៍ ទាំង​ក្បាច់គុន ទាំង​កម្លាំង​ស៊ុ​ហ្វ ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ។ តែ​យ៉ាងណាក៏ដោយ គេ​មិនអាច​ទាយ​មុន​បាន​ថា ការប្រកួត​ដណ្តើមពាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម​ឆ្នាំ​២០១៨​នេះ មិនដឹងថា​ធ្លាក់​ទៅលើ​នរណា​នោះទេ ។​

ចំពោះ​ការប្រកួត​គូ​ឯក​វិញ​នោះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ លី កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ពីរ​នាក់​នេះ ពុំ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ទេ​កន្លងមក ។ ប៉ុន្តែ​យ៉ាងណា រវាង​ពួកគេ​ទាំងពីរ នាក់​នេះ ឆាយ មាស គេ​ល្អ​និង​ខ្លាំង​ជាង​លី កែវ​ឡុង តែ​មិន​ច្បាស់​ថា​ឆាយ មាស​ឈ្នះ លី កែវ​ឡុង នោះឡើយ​។​ការប្រកួត​ចុងក្រោយ​របស់​ឆាយ មាស គឺ​វាយ​ឈ្នះ​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​គី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ (០២​មិថុនា​២០១៨)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu