កីឡាករ ពៅ ភារិទ្ធិ ដែលជាខ្សែបម្រើកណ្ដាល បានសម្រេចចាកចេញពីក្រុមចំណូលថ្មីវិសាខា ត្រឡប់ទៅចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ វិញ ដើម្បីត្រៀមក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) ជើងទី២ រដូវកាលថ្មីឆ្នាំ២០១៨នេះ ក្រោយមិនសូវបង្ហាញខ្លួនជាមួយក្រុមចាស់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបអង្គរថាយហ្គឺរ បានបញ្ជាក់ពីការដោះដូរកីឡាករមកពីខេត្តស្វាយរៀងរូបនេះថា ៖ «បន្ទាប់ពីរួមរស់នៅជាមួយក្លឹបចំណូលថ្មី វិសាខា អស់រយៈពេលកន្លះរដូវកាល ទីបំផុតកីឡាករ ពៅ ភារិទ្ធ បានសម្រេចចិត្តត្រឡប់មករួមរស់ជាមួយ ក្លឹបអង្គរថាយហ្គឺរវិញហើយ ក្នុងកិច្ចសន្យា ១ ឆ្នាំកន្លះ។ ក្លិបសង្ឃឹមថាវត្តមានរបស់កីឡាករ ពៅ ភារិទ្ធ នឹងអាចជួយក្លឹបអោយទទួលបានលទ្ធផលល្អឡើងវិញជាក់ជាមិនខាន»។
កីឡាករ ពៅ ភារិទ្ធ បានលើកឡើងក្រោយចូលរួមជាមួយក្រុមអង្គរថាយហ្គឺរ ឡើងវិញថា ៖«តាមពិតទៅកីឡាករណាក៏ដូចកីឡាករណាដែរ គឺតែងតែចង់ជាប់ជម្រើសដំបូង អញ្ចឹងខ្ញុំមើលឃើញថា នៅថាយហ្គឺរប្រហែលខ្ញុំអាចមានឱកាសច្រើន ទើបសម្រេចផ្លាស់មក។ មកដល់ក្លឹបថ្មីនេះ ខ្ញុំតាំងចិត្តជាស្រេចថា នឹងពង្រឹងសមត្ថភាពបន្ថែមទៀត ទាំងពេលហ្វឹកហាត់ និង ប្រកួត ដើម្បីជួយក្លឹបរកលទ្ធផលល្អឲ្យបានច្រើនសម្រាប់ជុំទី២»។
កីឡាករ ពៅ ភារិទ្ធ វ័យ២៨ឆ្នាំបានក្លាយជាសមាជិករបស់ក្រុមក្រសួងការពារជាតិ នៅឆ្នាំ ២០១១ ខណៈក្នុងរដូវកាល ២០១០ រូបគេជាកម្លាំងសំខាន់ដែលបានជួយឱ្យក្រុមឆ្មាខ្មៅស្វាយរៀង ឡើងមកលេងក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីកនាគ្រានោះ។ ក្រោយក្រុមមកពីខេត្តស្វាយរៀង នេះធ្លាប់ទៅលេងនៅក្របខ័ណ្ឌក១ វិញគេបានផ្ទេរទៅក្លិបគីរីវង់សុខសែនជ័យ មុនមកដល់ក្រសួងការពារជាតិ និងចុងក្រោយនេះត្រូវទៅចូលរួមជាមួយក្រុមខេមបូឌានថាយហ្គឺរ ក្នុងលក្ខខណ្ឌខ្ចីជើង នៅរដូវកាល២០១៧ មុនបន្តផ្ទេរផ្តាច់ទៅកាន់ក្រុមវិសាខា នៅជើងទី១ រដូវកាលឆ្នាំ២០១៨នេះ។
មុនចាកចេញពីក្លិបចាស់ កីឡាកររូបនេះជាផ្នែកមួយដែលជួយឱ្យក្រសួងការពារជាតិ ឈ្នះជើងឯករងក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៥ ខណៈរូបគេក៏ជាតួអង្គសំខាន់ជួយឱ្យក្រុមឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup 2016) កាលពីពាក់កណ្ដាលឆ្នាំ២០១៦ នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments