កំពង់ឆ្នាំង ៖ លោកសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៃមន្ទីរកសិកម្មខេត្ត បានថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ថា ៖ ផលត្រីបានថយចុះសព្វថ្ងៃនេះ ដោយសារកត្តា២យ៉ាងគឺ ១.ដោយកត្តាធម្មជាតិទឹកទន្លេតូចឡើងមិនលិចព្រៃលិចទឹកសម្រាប់អោយត្រីពងកូនបន្តពូជពង្ស ២.ដោយកត្តាមនុស្សដោយបានប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទបំផ្លាញត្រី ដែលជាចំណីអាហារប្រចាំថ្ងៃរបស់ខ្លួនឯង។
លោក សោម ភិរុណ បានថ្លែងបែបនេះ នៅក្នុងពិធីដាំកូនឈើព្រៃលិចទឹកចំនួន៣ពាន់ដើម នៅក្នុងតំបន់អភិរក្សក្រោមទំនប់ទឹក សម្តេចព្រះបាទនរោត្តម សីហមុនី ស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ដែលមានប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទច្រណូកសែនជ័យ និងសិស្សានុសិស្សមកចូលរួមដាំដុះជាង៣០០នាក់។
លោក សោម ភិរុណ បានអោយដឹងទៀតថា ៖ តាមរបាយការណ៍ បង្ក្រាបបទល្មើសនេសាទនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ គឺសមត្ថកិច្ចបង្ក្រាបបានជាង៦០០ករណី ក្នុងនោះមានរបាំងស្បៃមុងជាង២០០កន្លែង របាំងលបសាច់អួនខុសច្បាប់៣១៥កន្លែង សម្រាស់២៨១កន្លែង មានទំហំ៤១ហិកតា គឺបទល្មើសទាំងអស់នេះហើយដែលប្រជាពលរដ្ឋខ្លួនឯងជាអ្នកប្រព្រឹត្ត បំផ្លាញត្រីដែលជាចំណីអាហារប្រចាំថ្ងៃរបស់ខ្លួនឯង និងសូមកុំបន្ទោសមន្ត្រីជលផលថា ការពារមិនបាន បើជលផលចាប់ទាំងអស់វិញគឺ ពន្ធនាគារគ្មានកន្លែងដាក់មនុស្សទេ ហើយពីមុនត្រីចិញ្ចឹមមនុស្ស តែឥឡូវនេះមនុស្សត្រូវចិញ្ចឹមត្រីវិញហើយ។
ចំណែក ព្រៃលិចទឹកមានសារៈប្រយោជន៍ណាស់ គឺជារនាំងបាំងខ្យល់ជាជម្រកត្រីពងកូន ជម្រកសត្វអណ្តើក ពស់ កុកក្រសារ ទាព្រៃ ប្រវឹក សត្វស្វា។ល។ ឥឡូវនេះពួកសត្វទាំងអស់នេះ ក៏នៅមានតិចតួចណាស់ ព្រោះតែយើងការពារមិនបាន។ ដូច្នេះក្នុងថ្ងៃនេះយើងបានឯកភាពគ្នាជាមួយសហគមន៍នេសាទ និងប្រជាពលរដ្ឋដាំកូនឈើព្រៃលិចទឹកចំនួន៣ពាន់ដើម នៅក្នុងតំបន់អភិរក្សនេះឡើងវិញ ដើម្បីជាប្រយោជន៍ការពារធនធានជលផលកុំអោយបាត់បង់ សម្រាប់កូនចៅយើងទាំងអស់គ្នាក្នុងពេលអនាគត។
នៅក្នុងពិធីនេះដែរ លោក ចេង ចាន៉ដូណា អភិបាលរងស្រុកកំពង់លែង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានដីស្រែចំការ សូមកុំនាំគ្នាកាប់បំផ្លាញឈូសឆាយព្រៃលិចទឹក ពង្រីកយកដីជាកម្មសិទ្ធិ ព្រោះទង្វើនេះវាជាអំពើខុសច្បាប់ជលផល ដែលត្រូវមានទោសទណ្ឌជាប់ពន្ធនាគារពី៣ទៅ៥ឆ្នាំទៀ តផង។ កន្លងមកអាជ្ញាធរស្រុក ខេត្ត មិនហាមឃាត់ការឈូសឆាយពង្រាបដីធ្វើស្រែឡើយ តែហាមជាដាច់ខាតការឈូសឆាយដីព្រៃលិចទឹកពង្រីកដីស្រែ ដែលតែងកើតមានជារៀងរាល់ឆ្នាំ ដូច្នេះអ្នកប្រព្រឹត្តខុស និងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ គឺមិនអាចរួចខ្លួនបានឡើយ។ លោកអភិបាលរងស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ត្រូវសហការរាយការជូនអាជ្ញាធរ និងសមត្ថកិច្ចជ លផលអំពីបទល្មើសនេសាទ ដែលកើតមាននៅក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា ដើម្បីសហការបង្ក្រាបអោយមានប្រសិទ្ធភាព រួមគ្នាការពារធនធានជលផលអោយមាននិរន្តរភាព។
ដោយឡែក លោកស្រី ភឹម សុគន្ធ ប្រធានសហគមន៍នេសាទច្រណូកសែនជ័យ ក៏បានឡើងរាយការណ៍អំពីលទ្ធផលការងារនៅក្នុងសហគមន៍កន្លងមកផងដែរ ក្នុងនោះបានដាំកូនឈើព្រៃលិចទឹកនៅក្នុងតំបន់អភិរក្សខាងលើនេះចំនួន៤លើករួចមកហើយស្មើនឹង១២.០០០ដើម។ សហគមន៍នឹងខិតខំការពារតំបន់អភិរក្សមានទំហំ៣០៦ហិកតា នេះអោយបានគង់វង្ស ដោយក្នុងទិសដៅនិងប្រឹងប្រែងអោយតំបន់អភិរក្សនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments