ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានក្មេងចាស់ប្រុសស្រី ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះទៅឃាត់ខ្លួន បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា ក្រុមទាំងនោះជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម។ ការឆែកឆេរនេះ រកឃើញថ្នាំញៀនចំនួន២៨កញ្ចប់ជាវត្ថុតាង តែពួកគេនៅតែបដិសេធ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១.ឈ្មោះជឹម វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តរស់នៅភូមិ ក្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២.ឈ្មោះ តាន់ មិនា ភេទស្រីអាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះកើតហេតុខាងលើ ទី៣.ឈ្មោះសេង ញ៉ ភេទស្រី អាយុ៦៦ឆ្នាំមុខរបរនៅផ្ទះរស់នៅផ្ទះលេខ១៨ផ្លូវលំក្រុម២ភូមិព្រៃកំបុតសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ទី៤.ឈ្មោះ រស់ សុភ័ក្តិ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិត្រពាំងសាលា សង្កាត់ពងទឹកខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅ២បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានទទួលដំណឹងពីប្រជាពលរដ្ឋល្អ រាយការណ៍មកថា ផ្ទះមួយកន្លែងខាងលើតែងតែចែកចាយថ្នាំញៀនយ៉ាងសកម្មនៅពេលថ្ងៃនិងពលយប់ ដែលមានអ្នកមកជក់ដូចតៀមលក់កាហ្វេអញ្ចឹង បន្ទាប់មក លោកនាយប៉ុស្តិ៍បានសុំគោលការណ៍ពីលោកអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះឆែកឆេរផ្ទះខាងលើ។
ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈពេលចុះឆែកឆេរផ្ទះខាងលើ សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន៣កញ្ចប់ ធំល្មមចំនួន២កញ្ចប់ និងតូចចំនួន២៣កញ្ចប់នៅក្នុងបន្ទប់ផ្ទះខាងលើ ហើយឃាត់ជនសង្ស័យបានចំនួន៤នាក់ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ២ធ្វើការសួរនាំ។ បន្ទាប់មកជនសង្ស័យទាំង៤នាក់រួមនឹងម្ចាស់ផ្ទះ បានឆ្លើយបដិសេធថា ថ្នាំញៀនទាំងនេះមិនមែនជារបស់ពួកគាត់ឡើយ។ ទោះយ៉ាងណា ជនសង្ស័យទាំង៤នាក់ ត្រូវបាននគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូន ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីសួរនាំបន្ថែម និងចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments