ភ្នំពេញ ៖ បុរសជាប់ចោទជាចោរលួចទ្រព្យសម្បត្តិគេម្នាក់ ត្រូវបានសមត្ថកិច្ច និងជនរងគ្រោះសហការគ្នាតាមចាប់ខ្លួនបាន បន្ទាប់ពីជនរូបនេះបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់គេ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទខាងលើឈ្មោះ ភូ ជឺឡុង ជនជាតិយួន អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ ទីលំនៅផ្ទះលេខ១៤k សង្កាត់ទួលសង្កែ ភូមិទួលគោក ខណ្ឌឫស្សីកែវ។
តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ នង លុយ មីញែរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ីឆ័យ មានទីលំនៅផ្ទះកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចតឡានទុកមុខផ្ទះ ដោយដាក់ទូរស័ព្ទនៅលើប្រអប់លេខរថយន្តរបស់គាត់ រួចចូលមកដេកក្នុងផ្ទះដោយភ្លេចយកទូរស័ព្ទទុកក្នុងផ្ទះពេលទៀបភ្លឺវេលាម៉ោង៣កន្លះ ឈានចូលថ្ងៃទី២១ ខែមិថុនា គាត់ក៏បានចេញមកយកទូរស័ព្ទក៏ស្រាប់តែឃើញកញ្ចក់ទ្វាររថយន្តរបស់គាត់បែក និងបាត់ទូរស័ព្ទរបស់គាត់។
ជនរងគ្រោះបញ្ជាក់ថា នៅពេលនោះ គាត់បានយកទូរស័ព្ទរបស់គាត់មួយទៀតមកបើកមើល ព្រោះទូរស័ព្ទដែលបាត់នោះមានភ្ជាប់ប្រព័ន្ធជីភីអែស(GPS)ក៏បានមើលឃើញសញ្ញានៅម្តុំឃ្លាំងរំសេវខណ្ឌទួលគោកទើបសុំសហការជាមួយប៉ូលិសមូលដ្ឋានតាមចាប់ខ្លួនបាន និង ដកហូតយកទូរស័ព្ទនោះមកវិញផងដែរ។
ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះដើម្បីលួចយកទូរស័ព្ទដោយប្រើកូនសោទីបដែលដាក់តាមហោប៉ៅខោ មកវាយបំបែក៕
Source: Kampuchea Thmey Daily
0 Comments