កណ្ដាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងចុះល្បាតមូលដ្ឋាន របស់នគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែកអញ្ចាញឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់។
ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើង នៅវេលាម៉ោង៤និង១០នាទី រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលំក្នុង ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្ដាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការ នៃអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០២នាក់ ក្រោយពីឆែកឆេរ រកឃើញគ្រឿងញៀន ត្រូវបានកម្លាំងល្បាតមូលដ្ឋាន នាំមកសួរនាំ នៅប៉ុស្ដិ៍រដ្ឋបាល ឃុំព្រែកអញ្ចាញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកមុខកំពូល។
លោកអធិការបញ្ជាក់ថា ជនសង្ស័យ ចំនួន ២នាក់ ទី១.ឈ្មោះ វ៉ែន សុវណ្ណារ៉ា ហៅ (ទ្រី) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រែកយាយហិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន ទី២ .ឈ្មោះ សេង ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល (គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យក រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាសារធាតុញៀន ម៉ាទឹកកក ចំនួន ១០កញ្ចប់ តូច ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង អិនចុកពិល ចំនួន ២គ្រឿង និង សាមសុង ចំនួន ១គ្រឿង ម៉ូតូ ម៉ាក៉និច ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GC-4858 ភ្នំពេញចំនួន១គ្រឿង។
ជនសង្ស័យ បានឆ្លើយសារភាព នៅចំពោះមុខ សមត្ថកិច្ចនគរបាល ថា ខ្លួនបានយកលុយ ពីឈ្មោះ សេង ពៅ ចំនួន២៥០០០០ រៀល ទៅទិញថ្នាំញៀន បានចំនួន១០ កញ្ចប់តូចនៅ វ៉ារទេះភ្លើង ក្រុងភ្នំពេញ ដើម្បីយកទៅជួញដូរចែកចាយបន្ត ពិតប្រាកដមែន។ ហើយចំពោះ ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments