ភ្នំពេញ ៖ ផ្សារពាណិជ្ជកម្ម ចេឌូ បាយី កម្ពុជា-ចិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២៣ ជិតផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានសម្ពោធបើកជាផ្លូវការហើយណនៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ។
លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្លែងថា ថ្ងៃនេះក្រុមហ៊ុន ចេឌូ បាយី គ្រឿងសង្ហារិមគ្រុប ដែលជាក្រុមហ៊ុនធំមួយមកពីខេត្តស៊ីឈួន ប្រទេសចិន បានមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតផ្សារលក់ និងបោះដុំផលិតផលគ្រឿងសង្ហារឹមប្រណិតៗ សំដៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ពិសេសឆ្លើយតបនឹងការរីកចម្រើន នៃវិស័យសំណង់នៅកម្ពុជា។ លោករដ្ឋមន្ត្រីបានបន្តថា ការបើកផ្សារនេះលោក Wang Xue Mao អគ្គនាយកក្រុមហ៊ុន ចេឌូ បាយី គ្រឿងសង្ហារឹមហ្គ្រុប នៃទីក្រុងពាណិជ្ជកម្ម បានផ្តល់ទីតាំងមួយកន្លែងជូនក្រសួងពាណិជ្ជកម្មកម្ពុជាយើង ដែលមានទំហំ ២០០ម៉ែត្រការ៉េ ក្នុងបរិវេណផ្សារពាណិជ្ជកម្មចេឌូ បាយី កម្ពុជា-ចិននេះផងដែរ សម្រាប់ដាក់តាំងផលិតផលកម្ពុជា ក្នុងគោលបំណងស្វែងរកទីផ្សារ និងដៃគូពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ។
នេះជាឱកាសល្អបំផុតសម្រាប់បងប្អូនផលិតករ និងប្រជាកសិករខ្មែរ ក្នុងការចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីដាក់តាំងទំនិញ និងផលិតផលរបស់ខ្លួន ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មមកពីប្រទេសចិន សំដៅចែកចាយ និងលក់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងនាមក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកដល់ នៃផ្សារពាណិជ្ជកម្ម ចេឌូ បាយី កម្ពុជា-ចិន ដែលជាផ្សារបោះដុំទំនិញធំ ដូចគ្នានឹងផ្សារទំនើប AEON ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសជប៉ុន និងផ្សារ MACRO វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសថៃផងដរ។
លោក Wang Xue Mao អគ្គនាយកក្រុមហ៊ុន ចេឌូ បាយី គ្រឿងសង្ហារឹមហ្គ្រុប នៃទីក្រុងពាណិជ្ជកម្មថ្លែងថា ក្រុមហ៊ុន Bayi Group ជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម និងសម្ភារៈសំណង់ ដែលល្បីល្បាញបំផុតនៅក្នុងប្រទេសចិន ដោយបានបង្កើតឱកាសសម្រាប់ដំណាក់កាលទីមួយ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មចិន-កម្ពុជា។
លោកបន្តថា មានក្រុមហ៊ុនជាង ៤០ក្រុមហ៊ុនបានមកចូលរួមការតាំងពិព័រណ៍ទំនិញគ្រឿងសង្ហារឹម គ្រឿងម៉ាស៊ីន និងគ្រឿងចក្រ មកពីខេត្តស៊ីឈួន ប្រទេសចិនក្នុងថ្ងៃនេះ។ ជឿជាក់ថាការតាំងពិព័រណ៍នេះនឹងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងកម្ពុជា។
លោកស្រី Zhang Ying អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តស៊ីឈួន ប្រទេសចិន បានបញ្ជាក់ដែរថា ខេត្តស៊ីឈួន ដែលជាចំណុចសំខាន់ នៃគោលនយោបាយខ្សែក្រវាត់មួយ វិថីមួយ និងជារបៀងចរាចរសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានដីស្នូលទីផ្សារទូលំទូលាយ ក៏ដូចជាមានសមត្ថភាពឧស្សាហកម្មយ៉ាងខ្លាំងក្លា បានធ្វើការចាក់គ្រឹះដ៏រឹងមាំសម្រាប់តំបន់ទាំងពីរ ដើម្បីធ្វើការបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍផងដែរ។ នៅក្នុងឆ្នាំ២០១៧ បរិមាណនាំចូល ក៏ដូចជាការនាំចេញរវាងខេត្តស៊ីឈួន និងប្រទេសកម្ពុជា គឺមានចំនួន ១១០លានដុល្លារផងដែរ។
ផលិតផលនាំចេញចំបងរបស់ខេត្តស៊ីឈួន ប្រទេសចិនមកកម្ពុជា គឺជាគ្រឿងអេឡិចត្រូនិច មេកានិច ឧបករណ៍សំឡេង និងរូបភាព គ្រឿងបន្លាស់ សមាសធាតុវត្ថុដើម វាយនភ័ណ្ឌ ផលិតផលគីមី ក៏ដូចជាផលិតផលដែកថែប។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ សហគ្រាសស៊ីឈួនបានចុះបញ្ជីសហគ្រាសចំនួន ៩ សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានដើមទុនវិនិយោគចំនួន ២០៥លានដុល្លារ ដែលទាក់ទងនឹងសម្ភារៈសំណង់ កសិកម្ម ការថែទាំសុខភាពទេសចរណ៍ រ៉ែ ក៏ដូចជាសេវាអាជីវកម្ម។ ត្រឹមខែឧសភា ឆ្នាំ២០១៨ គម្រោងថ្មីមានចំនួន ១៣ ត្រូវបានចុះហត្ថលេខានៅកម្ពុជា ហើយកិច្ចសន្យាចំនួនទឹកប្រាក់ប្រហែល ១៧លានដុល្លារអាមេរិក។ ក្រោមក្របខណ្ឌខ្សែក្រវាត់មួយ វិថីមួយ ខេត្តស៊ីឈួន និងកម្ពុជាមានសក្តានុពលយ៉ាងធំ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម ថាមពលអគ្គិសនី ការដឹកជញ្ជូន សម្ភារៈសំណង់ គីមី ក៏ដូចជាពាណិជ្ជកម្ម និងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Zhang Ying អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តស៊ីឈួន កញ្ញា Guo Yi អនុព័ន្ធពាណិជ្ជកម្ម នៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន លោក Jing Jun អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចិន និងជានាយកធនាគារ ICBC សាខាភ្នំពេញ លោក Lin Zhong Qing ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវាត់មួយរបស់ខេត្តស៊ីឈួនប្រទេសចិន និងលោក Wang Xue Mao អគ្គនាយកក្រុមហ៊ុន ចេឌូ បាយី គ្រឿងសង្ហារិមហ្គ្រុប នៃទីក្រុងពាណិជ្ជកម្ម៕
Source: Kampuchea Thmey Daily
0 Comments