Ad Code

ក្លិប​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន កាន់តែ​ឃ្លាត​ពី​តំបន់​កំពូល​តារាង​លី​គ​ម៉ាឡេស៊ី ក្រោយ​ចាញ់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ Johor



ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ បានបញ្ចប់​ការប្រកួត​សប្ដាហ៍​ទី​១៦ របស់ខ្លួន​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ ស្របពេល​ក្រុម​ដែល​កីឡាករ​របស់​កម្ពុជា ១​រូប​កំពុង​ប្រកប​អាជីព​នៅ​ទីនោះ Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​និង​ជា​ក្រុម​កំពូល​តារាង​Johor Darul Ta'zim​។​

សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​១៦​នេះ​មាន នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម Kelantan ចាញ់​ក្រុម PKNS ២​ទល់​០ ហើយ​ក្រុម Negeri Sembilan អតីត​ក្រុម​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ចាញ់​ក្រុម Pahang FA អតីត​ក្រុម​របស់ ចាន់ វឌ្ឍនាកា ៣​ទល់​១ ខណៈ​ក្រុម PKNP អតីត​ក្រុម​របស់ កែវ សុខ​ផេង ចាញ់​ក្រុម Melaka United ២​ទល់​១ និង​ក្រុម Selangor ស្មើគ្នា​ជាមួយ​ក្រុម Perak ១​ទល់​១ ហើយ​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា វិញ​ក្រុម Kedah ឈ្នះ Kuala Lumpur ៣​ទល់​២ និង​ក្រុម Johor Darul Ta'zim ឈ្នះ​ក្រុម Terengganu របស់​ធា​រី ចន្ថា​ប៊ី​ន ២​ទល់​០​។​

​លី​គ​កំពូល​ម៉ាឡេស៊ី ឆ្លងកាត់​១៦​ប្រកួត​មកនេះ​ក្រុម​Terengganu របស់ ធា​រី ចន្ថា​ប៊ី​ន ហាត់​ឃ្លាតឆ្ងាយ​ពី​តំបន់​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម​ខ្លាំង​Jorhor និង​ក្រុម Pahang FA ជា​ក្រុម​ចាស់​របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុម​Kedah និង​ក្រុម PKNS ជាដើម​។ ចំណែក​ក្រុម Negeri Sembilan អតីត​ក្រុម​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏ត្រូវ​ការ​ពិន្ទុ​ដែរ​ដើម្បី​គេ​ឱ្យ​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចេញ​ឱ្យ​ទៅលេង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី​។​

​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​សរុប​ចំនួន​១២​ក្រុម​ដោយ​តម្រូវឱ្យ​ក្រុម​ទាំងអស់​ប៉ះគ្នា​ចំនួន​២​លើក (២​ជុំ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នៅ​ចប់​រដូវ​កាល​នឹង​ឈ្នះ​ជើងឯក​នឹង​ទទួល​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។ តាម​គ្រោង​ការប្រកួត​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ មុន​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នេះ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។​

​សូមបញ្ជាក់ថា​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ប៉ុណ្ណោះ​។​

​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​១៧ បន្ទាប់​នឹងធ្វើ​នៅ​សប្ដាហ៍​ក្រោយ​ដោយនៅ​ថ្ងៃទី ២៦ ខែមិថុនា ក្រុម Kedah ប៉ះ​ក្រុម PKNS ហើយ​ក្រុម Perak ជួប​ក្រុម Kelantan ខណៈ​ក្រុម Pahang FA ប៉ះ​ក្រុម Selangor និង​ក្រុម Melaka United ទទួល​ក្រុម​ខ្លាំង​Johor Darul Ta'zim​។ នៅ​ថ្ងៃទី​២៧ ខែមិថុនា វិញ​ក្រុម Terenggan ជួប​ក្រុម Negeri Sembilan និង​ក្រុម Kuala Lumpur ប៉ះ​ក្រុម PKNP​។ ការប្រកួត​ទាំងអស់​ធ្វើឡើង​នៅ​ម៉ោង​៨​យប់​នៅ​ម៉ាឡេស៊ី ដូចគ្នា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu