Ad Code

ប៉ង​សម្លាប់​ប្រពន្ធ​នៅ​ភ្នំពេញ មក​ជាប់​ខ្នោះ​ប៉ូលិស​នៅ​ខេត្តបាត់ដំបង



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្រើ​អំពើ​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់​ទៅលើ​ភរិយា​របស់​ខ្លួន​នៅ​ឯ​រាជធានី​ភ្នំពេញ ហើយ​បាន​រត់​គេច​ខ្លួន​មក​សំងំ​យ៉ាង​សុខ​ស្រួល​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើការ​សហការ​ចុះ​វែកមុខ និង​ចាប់​ខ្លួន​បាន​ហើយ​ដើម្បី​នាំ​ខ្លួន​ត្រឡប់​ទៅកាន់​ទីក្រុង​ភ្នំពេញ​វិញ។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហ៊ាន រិទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ប្រើ​ហិង្សា​ដោយ​ប៉ង​សម្លាប់​ប្រពន្ធ​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​សង្កាត់ ដែល​ខ្លួន​ជនសង្ស័យ​រស់នៅ ហើយ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ខេត្តបាត់ដំបង​យ៉ាង​ស្ងៀមស្ងាត់​។

​បន្ទាប់ពី​មានការ​សហការ​រវាង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មានការ​ឯកភាព​ពី​លោក ព្រះរាជអាជ្ញា នួន សាន ផង​នោះ ទើប​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​ចម្រុះ បាន​ចេញ​ប្រតិបត្តិការ​ទៅកាន់​ភូមិ​បួន​ជួរ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដែល​កំពុង​គេចខ្លួន​មក​សំងំ​នៅទីនេះ។



តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​មួយចំនួន​បាន​និយាយ​ថា ​ដើមចម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​គឺ​ចេញ​មកពី​ភ្លើង​ប្រច័ណ្ឌ​ដោយ​បុរស​ជា​ស្វាមី​បាន​ចោទ​ភរិយា​ខ្លួន​ដែល​កំពុងធ្វើការ​ក្នុង​រោងចក្រ​ថា នាង​បាន​ផិតក្បត់​ទៅ​មាន​ប្រុស​ថ្មី ខណៈដែល​សព្វថ្ងៃ​ពួកគេ​មានកូន​ពីរ​នាក់​ទៅហើយនោះ​។

ដោយសារ​បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ព្យាយាម និង​គម្រាម​ជាច្រើនលើក​ច្រើនសា​ថា​ នឹង​សម្លាប់​នាង​ទីបំផុត​ជន​រូប​នេះ​បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​ជា​អាវុធ​កាប់​ទៅ​លើ​កញ្ចឹង.ក​ប្រពន្ធ​ពីក្រោយ​បណ្តាល​ឲ្យ​រយៈ​យ៉ាង​ធំ តែ​ជា​សំណាងល្អ​ដែល​បច្ចុប្បន្ន​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​អោយ​រួច​ផុតពី​សេចក្តីស្លាប់​ហើយ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការ​ខេត្តបាត់ដំបង​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ចាត់​វិធានការណ៍​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu