Ad Code

តារាចម្រៀង​ចេ​ន ថា​ខ្លួន​នៅ​ខ្វះ​កម្លាំង​និង​កត្តា​មួយចំនួន​ពេល​ចូលរួម​ជាមួយ​ក្លិប​បឹងកេត



​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ដែល​កំពុង​ឈរ​កំពូល​តារាង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 បានប្រកាស​ចុះ​កិច្ចសន្យា​នាំយក​តារាចម្រៀង​បែប​យុវវ័យ​ម្នាក់​ចូលរួម​ជា​សមាជិក​ក្រុម កាល​ពី​ពេល​ថ្មីៗ ខណៈ​ក្រុម​មួយ​នេះ​ ត្រូវការ​ពិន្ទុ​បន្ថែម​នៅ​ជើង​ទី​២ ដើម្បី​ការពារ​តំណែង​ជើងឯក​ផងដែរ​។

អ្នកចម្រៀង​ដែល​មាន​ឈ្មោះ​ពេញ ខំ លន់​ចេ​ន បាន​លើក​ឡើង​ថា ​ខ្លួន​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ដោយ​ក្នុង​នោះ​មាន បញ្ហា​កម្លាំង ព្រោះ​ទើប​ចូល​ហាត់ និង​ទី​២​គឺ​ភាពស៊ាំ​នឹង​ទីលាន​និង​ការយល់​ពី​ប្លង់​លេង​របស់​លោក​គ្រូបង្វឹក​។ រូបគេ​ចង់​ពង្រឹងសមត្ថភាព​ដែល​ខ្វះខាត​ទាំង​ប៉ុន្មាន​សិន មុន​គិត​រឿង​ដណ្តើម​កៅអី​ជម្រើស​១១​នាក់​ដំបូង​។

ក្រៅពី​អាជីព​ជា​តារាចម្រៀង​នៅ​ក្រុម​តន្ត្រី Mustache Band ចេ​ន មាន​ទេពកោសល្យ​និង​ចំណូល​ចិត្តខ្លាំង​លើ​វិស័យ​កីឡា​ជាពិសេស​គឺ​កីឡាបាល់ទាត់​តែម្តង ខណៈ​នេះ​ជា​ចំណង​ចំណូលចិត្ត​របស់ខ្លួន​តាំង​ពី​ក្មេង​។ ក្រុម​តន្ត្រី Mustache Band មាន​សមាជិក​៥​នាក់ ខណៈ ចេ​ន ជា​សមាជិក​ម្នាក់​ដែរ​។ ក្រុម​តន្ត្រី​បែប​យុវវ័យ​នេះ​ ធ្លាប់​ចេញ​បទ​ចម្រៀង​ពិរោះៗ​ជាច្រើន​បទ​ដូចជា ពាក្យ​ថាស​ង្សារ​ចាស់​, មិនអាច​ទៅរួច​, ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេលណា ជាដើម​។



តារាចម្រៀង​ដែល​អាច​ច្រៀង​ជា​ភាសា​ខ្មែរ​និង​ថៃ​យ៉ាង​ពីរោះ​រូប​នេះ​ លើកឡើង​ដែរ​ថា «តាម​ពិត​ទៅ ក្ដី​ស្រមៃ​របស់ខ្ញុំ​គឺ​ដូចគ្នា​រវាង​បាល់ទាត់​និង​សិល្បៈ​ហ្នឹង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​វា​ហាក់​ចៃដន្យ​ដែល​អាជីព​តន្ត្រី​ដើរ​មុន ហើយក៏​ធីប​បាល់ទាត់​ទុក​សិន​។ តែ​ទាំងពីរ​នេះ​ខ្ញុំ​ស្រលាញ់​ខ្លាំង​ដូចគ្នា​។ ខ្ញុំ​ស្រលាញ់​បាល់ទាត់​តាំងពី​តូច និង​លេង​បាល់ទាត់​តាំងពី​តូច ហើយ​តែង​លេង​បាល់​បែកញើសៗ​ដើម្បី​សុខភាព​ជាប្រចាំ​។ តែ​គ្រប់យ៉ាង​ឥឡូវ​មកដល់​ហើយ ទាំង​ឱកាស​ទាំង​អី គឺ​ពេលវេលា​បានមក​ដល់​ហើយ​។ អ្វី​ដែល​នៅសល់​គឺ​អាស្រ័យ​លើ​ខ្លួនឯង​ដែល​ត្រូវ​ខំប្រឹង​»​។



ក្រុម​បឹងកេត មាន​កីឡាករ​ចេញចូល​ច្រើន ដោយ​ក្នុង​នោះ​កីឡាករ​ដែល​សម្រេច​ចាក​ចេញពី​ក្លិប​មានដូច​ជា រស់ សំអឿន ទៅកាន់​វិសាខា ស៊ូ យ៉ា​ទី ទៅ​ណាហ្គា​វើ​ល សុខ សុវណ្ណ ទៅ​វិសាខា ឃួន ឡា​បូ​រ៉ាវី ទៅ​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ​។ ងាក​មក​មើល​កីឡាករ​ដែល​សម្រេច​ចូលរួម​ជាមួយ​ក្រុម​មាន​ដូចជា ចាន់ វឌ្ឍនាកា​, យុគ្គ អៈ​អា​រី​, កែ វណ្ណៈ​, ពុំ បារាំង ជាដើម​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu