Ad Code

កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​អន្តរជាតិ​លើក​ទី​៤​ស្តីពី​ឧស្សាហកម្ម​វេជ្ជសាស្ត្រ​និង​ថ្នាំពេទ្យ​នៅ​កម្ពុជា​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ​



ភ្នំពេញ​ ៖​ កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​អន្តរជាតិ​លើក​ទី​៤​ ស្តី​ពី​ឧស្សាហកម្ម​វេជ្ជសាស្ត្រ​និង​ថ្នាំពេទ្យ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៥​ដល់ ៧​ខែកញ្ញា​ឆ្នាំ ២០១៨​ខាងមុខនេះ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដោយមាន​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​ជាង 60 មកពី​១៥​ប្រទេស។

លោក ង្វៀន បា​វីន អគ្គនាយក ក្រុមហ៊ុន​តាំងពិព័រណ៍​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម៉ៃ​ឈី (VEAS)​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែកក្កដា ឆ្នាំ២០១៨ ​នៅ​សណ្ឋាគារ The Great Duke ឲ្យ​ដឹង​ថា ​ពិព័រណ៍​ថែរក្សា​សុខភាព​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួងសុខាភិបាល​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥​ដល់​៧​ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅ​ម​ជ្ឈ​ម​ណ្ឌល​សន្និបាត​និង​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។



លោក​បាន​បន្តថា​ ពិព័រណ៍​នេះ​នឹង​មាន​ក្រុមហ៊ុន​ចូលរួម​ដាក់​តាំង​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​ឱសថ​ប្រមាណ​ជាង ៦០​មកពី​១៥​ប្រទេស​មកពី​ប្រទេស​ចិន ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ ឥណ្ឌា បង់​ក្លា​ដេ​ស កម្ពុជា​និង​វៀតណាម​។

លោក​បាន​បន្ថែម​ទៀត​ថា ​ក្រុមហ៊ុន​ទាំងនោះ​នឹង​បង្ហាញ​ផលិតផល​របស់​ពួកគេ​អំពី​ឧបករណ៍​វេជ្ជសាស្ត្រ​ឧបករណ៍​មន្ទីរពេទ្យ ឱសថ ឧបករណ៍​គ្រោះថ្នាក់​និង​ភាពអាសន្ន និង​សម្ភារៈ​បរិក្ខារ​ឱសថ​ហើយ​រំពឹងថា នឹងមាន​ភ្ញៀវ​ចូលរួម​នៅក្នុង​ពិព័រណ៍​នោះ​ប្រមាណ​៣០០០ នាក់​នៅ​ប្រទេស​កម្ពុជា​និង​មកពី​តំបន់​អាស៊ីអាគ្នេយ៍​និង​នៅ​ជុំវិញ​ពិភពលោក។

លោក​បាន​បញ្ជាក់​ថា ​ពិព័រណ៍​នេះ​មិន​ត្រឹមតែ​បង្ហាញ​នូវ​ឧបករណ៍​និង​បរិក្ខារ​ពេទ្យ​ប៉ុណ្ណោះ​ទេ​ក៏​នឹង​ក្លាយ​ទៅជា​វេទិកា​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​សុខាភិបាល​បាន​ជួបគ្នា​ដោយផ្ទាល់​ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​អាជីវកម្ម​ក៏ដូចជា​ការផ្លាស់ប្តូរ​ពី​ព័ត៌មាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ឱសថ​ទៅលើ​ទីផ្សារ​នា​ពេលបច្ចុប្បន្ន ។



លោក​បណ្ឌិត យ៉ង់ ដា​រា​វុ​ធ អនុ​ប្រធាននាយកដ្ឋាន​ឱសថ​និង​ចំណីអាហារ​ដែល​បាន​ចូលរួម​នៅក្នុង​ស​ន្និសីទ​សារព័ត៌មាន​ស្តី​ពី​ពិព័រណ៍​នោះបាន​មានប្រសាសន៍ថា​ ពិព័រណ៍​នេះ​មាន​សារសំខាន់​ណាស់​ដែល​អាច​ឲ្យ​អ្នកមាន​បទ​ពិសោធ​ន៍ខា​ង​វិស័យ​វេជ្ជសាស្ត្រ​ជាតិ​និង​អន្តរជាតិ​បាន​ផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​ក៏ដូចជា​បង្ហាញ​នូវ​ឧបករណ៍​វេជ្ជ​សាស្ត្រ​ថ្មីៗ​ទំនើប​ទាន់សម័យ​ស្រប​ទៅ​តាម​ការ​រីកចម្រើន​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន។

លោក​បណ្ឌិត​បាន​ស្នើ​ឲ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​ផ្នែក​វេជ្ជ​សាស្ត្រ​ទៅ​ចូលរួម​ពិព័រណ៍​អន្តរជាតិ​លើក​ទី​៤​ស្តីពី​ឧស្សាហកម្ម​វេជ្ជសាស្ត្រ​និង​ថ្នាំពេទ្យ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ដើម្បី​ដកស្រង់​បទពិសោធន៍​ល្អៗ​នៅ​វេទិកា​និង​បានឃើញ​នូវ​ឧបករណ៍​ទំនើបៗ​ដែល​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​យក​មក​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ផង​ដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu