Ad Code

មើល​មុខ​គ្នា​ចំ​ មិន​បាន ​បង្ក​​ជម្លោះ​វាយតប់​គ្នា​របួស​រៀងៗ​ខ្លួន ត្រូវ​ប៉ូលិស​ចាប់​ទៀត



ភ្នំពេញ ​៖​ ក្មេង​ស្ទាវ​២​ក្រុម​ បង្ក​ជម្លោះ​វាយតប់​គ្នា ដោយសារ​គ្រាន់តែ​មើល​មុខ​គ្នា​ចំ​ប៉ុណ្ណោះ ហើយ​បាន​បង្ក​​អោយ​រង​របួស​រៀងៗ​ខ្លួន និង​ត្រូវ​បាន​ប៉ូលិស​មក​ចាប់​ឃុំខ្លួន​ទៀត​ផង ចោទ​ពី​បទ​អុកឡុក​ក្នុង​មូលដ្ឋាន​បង្ក​អសន្តិសុខ​សង្គម និង​បង្ក​​អំពើ​ហិង្សា​រ​ដោយ​ចេតនា។

ទំនាស់​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ នៅក្នុង​ក្លឹប​ស្នូគ​ឃឺ​រ(​ក្លឹប​បុក​ប៊ីយែ​)​មួយ​កន្លែង​ នៅក្នុង​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ក្រុម​ក្មេង​ស្ទាវ​ខាងលើ​ មាន​២​ក្រុម ក្រុម​ទី​១ មាន​គ្នា​៣​នាក់​ ១. ឈ្មោះ លីន រ៉ា​ហ្វី​ត ​អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង​។ ២.​ឈ្មោះ​ទុយ​ តុង អាយុ​១៩ ឆ្នាំ ​ ​ស្នាក់នៅ​​ផ្ទះជួល ភូមិ​ច្រេស​។ ៣.​ឈ្មោះ ស្រូ​ន វិ​ន អាយុ២៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង​។ ក្រុមទី​២មាន​គ្នា​២​នាក់ ១.​ឈ្មោះ ឃឹម រស្មី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង​។ ២.​ឈ្មោះ ជឿន ប៉េ អាយុ​១៨​ឆ្នាំ មុខ​របរ កម្មករ ស្នាក់​ផ្ទះ​ជួល ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​អោយ​ដឹង​ថា ​៖ ​ នៅមុន​ពេល​កើតហេតុ ភាគី​ក្រុម​ទី​១ ​បាន​កំពុងតែ​លេង​បុក​ប៊ីយែរ នៅ​ចំណុច​ទីតាំង​ខាង​លើ ក្រោយមក​ក្រុម​ទី​២ បាន​ចូល​មកលេង​ដែរ ដោយ​សម្លឹង​មើលមុខ​ក្រុម​ទី​២ ក្នុង​លក្ខណៈ ឌឺដង ដោយ​មើល​ហើយ​មើល​ទៀត​។ ភ្លាមនោះ​ក្រុមទី​១​ឈ្មោះ លីន​រ៉ា​ហ្វី​ត និង ឈ្មោះ​ទុយ តុង បាន​ជិះ​ម៉ូតូ​ចេញមកក្រៅ​បាន​ប្រទះឃើញ​ដែក​ទីប​ជ្រុង​២​កំណាត់ ក៏​ចុះ​រើស​យក​មក ​រួច​ជិះ​ម៉ូតូ​បក​ក្រោយ​វិញ ទៅ​វាយ​លើ​ក្រុមទី​២ ហើយ​ក្រុមទី​២ បាន​យក​ដងកឺ ឈើ​ដំបង​សម្រាប់​បុក​គ្រាប់​ស្នូក​ឃឺ​រ វាយតប់​គ្នា​ទៅវិញទៅមក​ផ្អើល​គេឯង ហើយ​ម្ចាស់​តាប​ស្នូក​ឃឺ​រ បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​មូលដ្ឋាន​អោយ​មក​បង្ក្រាប​ភ្លាម​តែម្តង ដោយ​ប្រមូល​បាន​ដំបង​ចំនួន​៧​កំណាត់។

ជា​លទ្ធផល​ គូ​ភាគី​ទាំង​២​ បាន​រង​របួស​បែកក្បាល​រៀងខ្លួន​ម្នាក់ៗ​ដេរ​ជិត​២០​ថ្នេរ​ ហើយក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​ទាំង​អស់​គ្នា​ដាក់​ទ្រុង​ដែក​ អោយ​មូស​ខាំ នៅ​ក្នុង​គុក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​កាត់សេចក្តី​ពី​បទ​អុកឡុក​ក្នុង​មូលដ្ឋាន​ បង្ក​​អសន្តិសុខ​សង្គម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu