ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់នឹងទទួលប្រាក់ខែត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបទៅនឹងអ្នកកាន់តំណែងមុនរបស់គាត់នៅពេលដែលគាត់ឡើងកាន់តំណែងក្នុងខែធ្នូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរឹតត្បិតនៅក្នុងរដ្ឋាភិបាល។
គាត់បានប្រាប់ក្រុមអ្នកកាសែតនៅមុខទីស្នាក់ការយុទ្ធនាការរបស់គាត់ថា “អ្វីដែលយើងចង់បានគឺថវិកាបានទៅដល់អ្នកគ្រប់គ្នា”។
លោក Lopez Obrador បាននិយាយថា គាត់នឹងទទួលយកប្រាក់ចំនួន១០៨,០០០ប៉េសូ (៥,៧០៧ដុល្លារ) ក្នុងមួយខែហើយថា គ្មានមន្ត្រីសាធារណៈណាម្នាក់នឹងអាចរកប្រាក់ចំណូលបានច្រើនជាងប្រធានាធិបតីទេក្នុងអំឡុងអាណត្តិ៦ឆ្នាំរបស់គាត់។ ក្រុមផ្ទេរអំណាចបានឲ្យដឹងថា មេដឹកនាំម៉ិកស៊ិកបច្ចុប្បន្នលោក Enrique Pena Nieto រកប្រាក់បាន២៧០,០០០ប៉េសូក្នុងមួយខែ។
លោក Lopez Obrador បាននិយាយថា គាត់ចង់កាត់បន្ថយប្រាក់ខែរបស់គាត់បន្ថែមទៀតប៉ុន្តែគាត់មិនចង់ធ្វើឲ្យមានការខឹងសម្បាក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីនាពេលអនាគតទេដែលក្នុងករណីមួយចំនួនពួកគេអាចចាកចេញពីមុខតំណែងងាកទៅរកវិស័យឯកជននិងមុខតំណែងនានាដែលទទួលបានប្រាក់ច្រើនជាងមន្ត្រីសាធារណៈ។
លោកបានលើកឡើងជាថ្មីអំពីការសន្យាអំឡុងយុទ្ធនាការក្នុងការកាត់បន្ថយជំនួយសម្រាប់មន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់ដូចជាតៃកុងឡាន អង្គរក្សនិងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រជាលក្ខណៈឯកជនជាដើម។
លោកបាននិយាយថា លំនៅដ្ឋានប្រធានាធិបតីនឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌មួយហើយអតីតប្រធានាធិបតីនឹងមិនទទួលបានប្រាក់សោធននិវត្តន៍ទៀតទេ។
ក្នុងពេលជាមួយគ្នានេះដែរ លោកបានអះអាងអំពីការសន្យាដើម្បីលុបបំបាត់អំពើពុករលួយ។ ប្រទេសម៉ិកស៊ិកជាប់ចំណាត់ថ្នាក់ទី១៣៥ក្នុងចំណោម១៨០ប្រទេសនៅក្នុងសន្ទស្សន៍ការយល់ដឹងអំពើពុករលួយឆ្នាំ២០១៧របស់អង្គការតម្លាភាពអន្តរជាតិ៕ AP
Source: Kampuchea Thmey Daily
0 Comments