Ad Code

សិស្ស​កម្ពុជា​ចំនួន ៦៤​នាក់ មកពី​សាលា​ប៊ែ​ល​ធី​ចូលរួម​បោះជំរំ​ជា​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង



ភ្នំពេញ ​៖ ​កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ សិស្ស​ប៊ែ​ល​ធី​ចំនួន ៦៤​នាក់ បានចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បោះជំរំ​ជា​អន្តរជាតិ​(World Camp 2018) នៅ​ប្រទេស​កូរ៉េ​។

ការបោះ​ជំរំ​ជា​អន្តរជាតិ​នេះ មាន យុវជន​ជាង ៤.០០០​នាក់​មកពី ៨០​ប្រទេស​នៅលើ​ពិភពលោក ហើយ​ក៏មាន​រដ្ឋមន្ត្រីក្រសួង​អប់រំ​មកពី​បណ្តា​ប្រទេស​នានា ចំនួន ២២​ចូលរួម​ផងដែរ​។​

លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​ នៃ​សាលា​ប៊ែ​ល​ធី អន្តរជាតិ បាន​អោយ​ដឹង​ថា ប៊ែ​ល​ធី គ្រុប បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយនឹង អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ​(IYF) ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា ហើយ​ឆ្នាំនេះ អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ​បានស្នើ​សុំ​សិស្ស ប៊ែ​ល​ធី​ចំនួន ៦៤​នាក់ ឲ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​អន្តរជាតិ​ឆ្នាំ ២០១៨ នៅ​សាធារណរដ្ឋ​កូរ៉េ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់ទី ២៨ ខែកក្កដា ដោយ​បាន​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ ការ​តម្រង់ ទិស​យុវជន​ក្នុង​សតវត្សរ៍​ទី​២១ និង​សិក្សា​ពី​បរិបទ នៃ​ការអប់រំ​បែប​វិទ្យា សាស្ត្រ​ទំនើប និង​ក៏បាន​ទៅ​ទស្សនា​ស្វែងយល់​ពី​តំបន់​សំខាន់ៗ​ជាច្រើន​ដូច​ជាៈ ទីក្រុង​សេ​អ៊ូ​ល ទីក្រុង ប៊ូសាន តំបន់​ប្រវត្តិសាស្ត្រ​និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀតផង​ដែរ។

ក្នុងឱកាស​នោះ​យុវសិស្ស ឈាង សុ​ជី​អូ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាខា​ទី​៩ បាន​និយាយ​ឲ្យ​ដឹងថា ចំពោះ​ការចូលរួម​បោះជំរំ​អន្តរជាតិ នៅ​ប្រទេស​កូរ៉េ​លើក​នេះ រូបគេ​មាន​កិត្តិយស និង​មោទនភាព​ណាស់ដែរ ដែល​បាន​បង្កើត​មិត្តភាព យុវជន​ដែល​បាន​ចូលរួម​ជាង ៨០​ប្រទេស ហើយ​អាច​ទាញយក​ចំណេះដឹង និង​បទពិសោធន៍​ថ្មី​ពី​ប្រទេស​ដទៃ និង​បានបង្ហាញ​ពី​សមត្ថភាព និង​វប្បធម៌​របស់​ប្រទេស​យើង ទៅ​ឲ្យ​យើង​ប្រទេស​ដទៃ បាន​ស្គាល់ និង​ដឹង​ផងដែរ។

ចំណែក យុវ​សិស្ស ម៉ឺង សា​ស៊ា​វ​ម៉ី តំណាង​សិស្ស​ទាំងអស់ ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក​បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ឲ្យ​សិស្សានុសិស្ស​របស់​យើង មាន​ភាពក្លាហាន និង​ចេះ​សម្រប​ខ្លួន​ក្នុងការ​រស់នៅ​ជាមួយ​ជាតិ​សាសន៍​ដទៃ​។​

ក្នុងឱកាស​នោះដែរ​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​មានប្រសាសន៍ថា នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សិស្សសាលា​ប៊ែ​ល​ធី​របស់​យើង ដែលមាន​ឱកាស​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី បោះជំរំ​ជា​អន្តរជាតិ ដែលមាន​ការចូលរួម​ពី​បណ្តាល​ប្រទេស​ជាច្រើន​ទូទាំង​សកលលោក ហើយ​នេះ​គឺជា​មោទនភាព​របស់​ជាតិ​យើង​ទាំងមូល ក៏ដូចជា​បានបង្ហាញ​ពី​ការរីកចម្រើន និង​សក្កា​នុព​ល​លើ​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ នេះ​ជា​លើ​ទី​៥ ដែល​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ជូន​សិស្ស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​អន្តរជាតិ​នៅ​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ចំនួន​សរុប ៤៧៣​នាក់​។ គោលបំណង និង​អត្ថប្រយោជន៍​នៃ​ការបញ្ជូន​សិស្ស​អោយចូល​រួម​ក្នុង​កម្មវិធី​បោះជំរំ​ជា​លក្ខណៈ​អន្តរជាតិ​នេះ រួមមាន​៖

ទី​១- អោយ​សិស្ស​របស់​យើង​មាន​ភាព​ក្លាហាន ចេះ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ចេះ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​និង​ធ្វើការ​ជា​ក្រុម នៅ​ជាមួយ​ជាតិ​សាសន៍​ផ្សេងៗ​គ្នា ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​​​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​បាន​ផ្លាស់ប្ដូរ​នៅ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ និង​ចំណេះដឹង​ថ្មីៗ​ដទៃទៀត​ដែល​ប្អូនៗ​ពុំ​ធ្លាប់​បាន​ជួប​។​

ទី​២- អោយ​សិស្ស​របស់​យើង​បានឃើញ បាន​ស្គាល់ និង​សិក្សា​ស្វែងយល់​អំពី​បរិបទ​ថ្មីៗ​របស់​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​ធ្វើជា​ទុន​សម្រាប់​ការសិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍ​ខ្លួនឯង ក៏ដូចជា​អភិវឌ្ឍ​ប្រទេសជាតិ​អោយបាន​រីកចម្រើន​ទៅ​អនាគត​។​

ទី​៣- ការចូលរួម​បោះជំរំ​នេះ​បង្ហាញ​ពី​សមត្ថភាព​សិស្ស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​នូវ​ភាពក្លាហាន និង​មាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ចូលរួម​នៅក្នុង​កម្មវិធី​ជា​អន្តរជាតិ ក៏ដូចជា​បានបង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​នូវ ទំនៀម​ទំលាប់ ប្រពៃណី អរិយធម៌ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ផង​ដែល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu