នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte កាលពីថ្ងៃអាទិត្យបាននិយាយថា ប្រទេសអឺរ៉ុបចំនួនប្រាំ បានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ចំនួន២៥០នាក់ក្នុងចំណោម៤៥០នាក់ ដែលជិះនៅលើនាវារបស់ភ្នាក់ងារព្រំដែនសហភាពអឺរ៉ុបចំនួនពីរគ្រឿង។
លោក Conte បាននិយាយនៅក្នុង Twitter ថា “សូម្បីតែប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់ក៏នឹងទទួលយកជនអន្តោប្រវេសន៍៥០ម្នាក់ដូចដែលប្រទេសបារាំង អាល្លឺម៉ង់និងម៉ាល់តាបានធ្វើរួចហើយផងដែរ”។
ថ្វីបើមានភាពចម្រូងចម្រាសទៅលើថាតើអ្នកណាដែលនឹងយកជនអន្តោប្រវេសន៍ក៏ដោយប៉ុន្តែលោក Conte បានអនុញ្ញាតឲ្យនាវាដែលដឹកស្ត្រីចំនួន៤៣នាក់និងកុមារ១៤នាក់ចូលចត។
កាលពីថ្ងៃអាទិត្យ ប្រទេសអាល្លឺម៉ង់បានព្រមព្រៀងជាមួយប្រទេសអ៊ីតាលីដើម្បីយកជនអន្តោប្រវេសន៍ចំនួន៥០នាក់បន្ទាប់ពីរដ្ឋាភិបាលក្រុងរ៉ូមបានស្នើសុំឲ្យសហភាពអឺរ៉ុបទទួលយកជនអន្តោប្រវេសន៍មួយចំនួនដែលជាប់នៅជិតឆ្នេរសមុទ្រអ៊ីតាលី។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងទស្សនៈនៃការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគោលនយោបាយសុំសិទ្ធិជ្រកកោន, ប្រទេសអាល្លឺម៉ង់និងអ៊ីតាលីបានព្រមព្រៀងគ្នាថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកមនុស្សចំនួន៥០នាក់”។
លោក Conte បានទាក់ទងទៅមិត្តភក្តិសហភាពអឺរ៉ុបចំនួន២៧នាក់របស់លោកដើម្បីរំលឹកពួកគេថា ពួកគេបានព្រមព្រៀងគ្នានៅឯជំនួបកំពូលកាលពីចុងខែមិថុនាស្តីពីតម្រូវការចែករំលែកបន្ទុកផ្នែកអន្តោប្រវេសន៍។ លោកបានប្រកាសកាលពីថ្ងៃសៅរ៍ថា បារាំងនិងម៉ាល់តានឹងទទួលយកជនអន្តោប្រវេសន៍ម្នាក់៥០នាក់ហើយប្រទេសដទៃទៀតនឹងធ្វើតាមយ៉ាងឆាប់រហ័ស។
ជនអន្តោប្រវេសន៍ចុងក្រោយបង្អស់ដែលក៏ដូចជាជនអន្តោប្រវេសន៍រាប់ពាន់នាក់ទៀតដែរគឺបានចាកចេញពីប្រទេសលីប៊ីតាមទូកឈើមួយគ្រឿងដែលត្រូវបានកំណត់អត្តសញ្ញាណកាលពីព្រឹកថ្ងៃសុក្រ។
ប្រភពអ៊ីតាលីបាននិយាយថា កាលពីព្រឹកថ្ងៃសៅរ៍នៅពេលដែលនាវា Frontex ពីរគ្រឿងបានទៅជិតដល់ទូកនោះ, ជនអន្តោប្រវេសន៍ជាច្រើននាក់បានលោតចុះពីទូកដែលជាហេតុនាំឲ្យមានការជួយសង្គ្រោះភ្លាមៗ។
ស្ត្រីនិងកុមារចំនួន៨នាក់ត្រូវបានគេនាំទៅកាន់កោះ Lampedusa នៃប្រទេសអ៊ីតាលីដើម្បីព្យាបាល៕ AFP
Source: Kampuchea Thmey Daily
0 Comments