ត្បូងឃ្មុំ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងកំពង់ចាម ទទួលបន្ទុកការងារយុវជន លើកឡើងបែបនេះ ខណៈលោកចូលរួមពិធីរៀបចំហែក្បួនឃោសនារបស់យុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សដទៃត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋចែងនៅក្នុងរដ្ឋធម្មនុញ្ញ អោយមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំរាល់៥ឆ្នាំម្តង ដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងរៀបចំរាជរដ្ឋាភិបាល។ ដូច្នេះនៅថ្ងៃទី២៩ យើងទាំងអស់គ្នាត្រូវទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសតទៅទៀត។ បោះឆ្នោត គឺជាវិធីតែមួយគត់សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ និងដោយសន្តិវិធី ដែលច្បាប់បានអនុញ្ញាត។ ការបោះឆ្នោតគឺជាវិធីសាស្ត្រមួយ ដែលឲ្យបក្សទាំងអស់ឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផ្ដល់ឱកាសឲ្យគណបក្សដែលខ្លួនចង់ឱ្យដឹកនាំប្រទេស។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កន្លងមកគណបក្សប្រជាជនកម្ពុជា បានឈ្នះដោយសារប្រជាពលរដ្ឋយល់ឃើញថា គណបក្សប្រជាជនកម្ពុជាផ្ដល់ភាពកក់ក្តៅ បម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំ មិនមែនទាល់តែជិតបោះឆ្នោតជិតបោះឆ្នោតហើយដើរសន្យាប្រជាពលរដ្ឋនោះទេ។
ផ្ទុយទៅវិញយើងមានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងមានរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ បានបម្រើប្រជាពលរដ្ឋជាប្រចាំនៅគ្រប់ទីកន្លែង។ លើសពីនេះគណបក្សប្រជាជនកម្ពុជា បានស្វែងរកសុខសន្តិភាព កសាងសមិទ្ធផលជាច្រើន ហើយបានបង្កើតឱកាសសិក្សា និងការងារជូនយុវជន។ កម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានទទួលប្រាក់បៀវត្សសមរម្យ និងប្រជាជនមានជីវភាពធូរធារ។
ជាមួយគ្នានោះ លោកស្នើប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពសម្បូរសប្បាយក្រោយពេលបោះឆ្នោត និងយើងរួមគ្នាអភិវឌ្ឍប្រទេសឱកាសរីកចម្រើនជាបន្តទៅទៀត ដើម្បីកូនចៅជំនាន់ក្រោយកាន់តែសម្បូរសប្បាយរីករាយជាងជំនាន់យើងទៀត៕
Source: Kampuchea Thmey Daily
0 Comments