Ad Code

ក្រសួង​ការងារ​ បន្ត​បើក​វេទិកា​ការងារ ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​និង​អ្នករក​ការងារ​ធ្វើ



ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​ក្រុមហ៊ុន​នានា​ នឹង ​បើក​វេទិកា​ការងារ​នៅ​ថ្ងៃទី​២៤​ ខែកក្កដា ​ឆ្នាំ​២០១៨​ខាងមុខនេះ​ដោយ​ផ្តល់​ឱកាស​ការងារ ចំនួន​១២៤៥ កន្លែង​ដល់​អ្នក​ដែល​ស្វែងរក​ការងារ​និង​យុវជន​។

វេទិកា​នេះ ធ្វើឡើង​នៅ​ទីភ្នាក់ងារ​ជាតិ និង​ការងារ​ស្ថិតក្នុង​បរិវេណ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ម៉ោង​៨និង០០នាទី​ព្រឹក ដល់​ម៉ោង​៥និង០០នាទី​ល្ងាច​។

​គួរ​បញ្ជាក់ថា នៅក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀប​ចំ​វេទិកា​ការងារ​នៅតាម​មជ្ឈមណ្ឌល​ការងារ ទាំង​១១​ខេត្ត របស់ខ្លួន​បាន​ចំនួន​៣៥​លើក ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ បាន​ប្រមាណ​៦៧១៨​នាក់ ក្នុងនោះ​មាន​អ្នកទទួលបាន​ការងារ​ធ្វើ​តាមរយៈ មាន​ចំនួន​២៨៣២​នាក់​។

ដោយឡែក​គ្រាន់តែ​ក្នុង​រយៈពេល​មួយខែ ក្នុង​ខែមិថុនា​ឆ្នាំ​២០១៨ កន្លងទៅនេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បានរៀបចំ​វេទិកា​ការងារ ចំនួន​បួន​លើក ដែលមាន​ក្រុមហ៊ុន​ចូលរួម សហការ​ប្រមាណ​៣០​ក្រុមហ៊ុន និង​មាន​អ្នកចូលរួម ប្រមាណ​ជិត​២០០០​នាក់ និង​មាន​អ្នក​ជាប់​ការងារ​ទាំង​បឋម និង​ស្ថាពរ​ប្រមាណ​ជិត​១​ពាន់​នាក់​។

​ដើម្បី​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​ទីភ្នាក់ងា​រ​ជាតិ​មុខរបរ និង​ការងារ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ធំៗ​និង​វិទ្យាស្ថាន​មួយចំនួន​ផងដែរ​។



ជាក់ស្តែង​ថ្មីៗ​នេះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​បាន​សហប្រតិបត្តិការ​ជា​ផ្លូវការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) លើ​ការអនុវត្ត​គម្រោង Dr. Job ដើម្បី​ផ្តល់​ដល់​យុវជន សិស្ស​-​និស្សិត និង​អ្នកស្វែងរក​ការងារ នូវ​ព័ត៌មាន​អំពី​ការងារ​និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​ការងារ​កាន់តែ​ងាយស្រួល តាមរយៈ​ការផលិត​ជា​វីដេអូ​ខ្លីៗ​។

គម្រោង​នេះ​នឹង​បង្ហាញ​អំពី​ចំណុច​នានា​ ដែល​យុវជន អ្នកស្វែង​រក​ការងារ​ត្រូវការ​ត្រៀមខ្លួន​ជា​ចាំបាច់​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ និង​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ការងារ​ដោយ​ផ្តោតលើ​៖ វិធីសាស្ត្រ​ក្នុងការ​រៀបចំខ្លួន​សម្រាប់​ចូលក្នុង​ទីផ្សារការងារ​, ការអភិវឌ្ឍ​ជំនាញ​ទន់ ឬ​ជំនាញ​ក្នុង​ការងារ​, ឱកាស​កម្មសិក្សា​ការងា​រ និង​ព័ត៌មាន​ទីផ្សារការងារ​។

ខ្សែ​វីដេអូ​ខ្លីៗ​ទាំងនេះ​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook, YouTube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ NEA​។

កម្មវិធី Dr. Job នេះ​នឹង​ចូលរួមចំណែក​ក្នុងការ​គាំទ្រ ដល់​ការផ្តល់សេវា​ផ្នែក​ណែនាំ​អំពី​ការងារ និង​ការប្រឹក្សា​យោបល់​អាជីព បន្ថែម​លើ​យន្ត​ការ​ផ្តល់សេវា​ដែល​មាន​ស្រាប់ និង​កំពុង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។ បន្ថែម​លើ​នេះ ការផលិត និង​ផ្សព្វផ្សាយ​កម្មវិធី Dr. Job នេះ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​បំពាក់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) នៅ​កន្លែង​ការងារ និង​ក្នុង​ទីផ្សារ​ការងារ​កាន់តែ​ទូលំទូលាយ សំដៅ​ស្រូប​យក​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​នេះ​ ស្របតាម​ការ​រីកចម្រើន​នៃ​យុគសម័យ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​។

គួរ​បញ្ជាក់​ថា ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន និង​កំពុង​ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ស្វែងរក​ការងារ​ទូទៅ​តាមរយៈ​មជ្ឈមណ្ឌល​ការងារ​របស់​ខ្លួន​ទាំង​១១​ដែល​ស្ថិតនៅ​ រាជធានី​ភ្នំពេញ​,​ខេត្តសៀមរាប​, បាត់ដំបង​, កំពត​,​ស្វាយរៀង​,​កំពង់ចាម​, តាកែវ​, កំពង់ធំ​,​ព្រៃវែង​, ព្រះសីហនុ​, និង​បន្ទាយមានជ័យ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu