Ad Code

ចោរឆក់​កាបូប​ដ៏​សកម្ម​នៅ​តំបន់​ទេសចរណ៍​ ត្រូវ​បាន​នគរបាល​ខេត្តសៀមរាប​បង្ក្រាបបាន​ម្នាក់



​សៀមរាប ​៖ ​ជនសង្ស័យ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​ដ៏​សកម្ម​នៅក្នុង​ក្រុង​សៀមរាប ​ត្រូវ​បាន​កម្លាំង​នគរបាល​សហការ​គ្នា​ ចុះបង្ក្រាប​រហូត​ឃាត់ខ្លួន​បាន​ម្នាក់ ឯ​ម្នាក់​ទៀត​រត់​គេចខ្លួនបាត់​។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​ថ្ងៃទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​០០​នាទី នៅត្រង់​ចំណុច​ផ្លូវ​ហ្សា​ឌឺ​ហ្គោល ស្ថិតនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង បក្ខពួក​របស់​គេ​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ បានធ្វើ​សកម្មភាព​ឆក់យក​កាបូប ពី​ភ្ញៀវ​ជនជាតិ​បរទេស ជា​ជនរងគ្រោះ​ឈ្មោះ​JULENAZ CONAMATARTIN ភេទប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ជនជាតិ​អេ​ស្ប៉ា​ញ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​DAYDAY INN ខណៈ​ពេល​ដែល​ជនរងគ្រោះ កំពុង​ជិះ​លើ​រ៉ឺម៉ក​កង់​បី តាមផ្លូវ​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង ដោយ​ទុក​កាបូបស្ពាយ​មួយ ពណ៌​ខៀវ នៅ​ពីមុខ​របស់​ជនរងគ្រោះ ពេលនោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន។

តែ​ដោយសារ​មាន នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ បងប្អូន​ប្រជា​ការពារ ដែល​នៅក្បែរ​នោះ​ឃើញ​ទាន់ ​ក៏​នាំគ្នា​ធ្វើការ​ប្រដេញ ពេលនោះ​ជនសង្ស័យ​ទាំងពីរ​នាក់​ បាន​ផ្តួល​ម៉ូតូ​ចោល​ ហើយ​រត់​គេច​ខ្លួន​ចូលទៅក្នុង​បរិវេណ​ព្រៃអង្គរ។ បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​លោក​វរសេនីយ៍ឯក​ទេព ចាន់ណា បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ បងប្អូន​ប្រជា​ការពារ ធ្វើការ​តាម ស្វែងរក​ជនសង្ស័យ​ទាំងពីរ​នាក់ រហូត​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ ភួយ សុភា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់ស្លក្រាម ក្រុង​សៀមរាប ពាក់​ព័ន្ធ​ករណី អំពើ​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ភ្ញៀវ​)។

ក្រោយពី​ការ​សាក​សួរ​ ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​និង​បក្ខពួក​ឈ្មោះ ងោ​ល ដែល​បាន​រត់​គេចខ្លួន​បាត់ ពិតជា​បានធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន។

វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​លេខ​តួ និង​លេខ​ម៉ាស៊ីន​៩៦៩០៤៥៥​។​សម្ភារៈ​របស់​ជនរងគ្រោះ​នៅក្នុង​កាបូប​រួមមាន លិខិតឆ្លងដែន​មួយ​ក្បាល​,​ម៉ាស៊ីនថតរូប​ម៉ាក​កាណុង​(EOS KISS X5)​ពណ៌​ខ្មៅ​០១​គ្រឿង ,​ម៉ាស៊ីនថតរូប​GOPRO ពណ៌​ខ្មៅ​មួយ​គ្រឿង​,​សៀវភៅ​អេ​ឡិច​ទ្រូ​និ​ច​មួយ​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត។



ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាព​បន្តទៀតថា​ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥​និង​០០​នាទី​ព្រឹក ត្រង់​ចំណុច​ផ្លូវគោក​ម៉ៃ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក រូបគេ​និង បក្សពួក ក៏បាន​ជិះ​ម៉ូតូ​ឆក់​យក​កាបូប​ភ្ញៀវ​ជនជាតិ​ជប៉ុន​ចំនួន​ម្នាក់​ភេទ​ស្រី ដែល​កំពុង​ជិះ​លើ​រ៉ឺម៉ក​កង់​បី​បានសម្រេច ចំនួន​០១​លើក​ផងដែរ។

ជនសង្ស័យ និង​វត្ថុតាង​ដែល​ដកហូត​បាន ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

ចំណែក​បក្សពួក​របស់​ជនសង្ស័យ​ ដែល​បាន​រត់​គេច​ខ្លួន​បាត់​នោះ​ នគរបាល​បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​រួចរាល់ ហើយ​និង​កំពុងធ្វើការ​ស្វែងរក ដើម្បី​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu