Ad Code

ភ្លើង​ប្រចណ្ឌ​កាប់​ប្រពន្ធ​របួសធ្ងន់ ​គេចខ្លួន​បាន​១១​ថ្ងៃ​ ត្រូវ​ចាប់ខ្លួន



ភ្នំពេញ ៖ បុរស​ឈាម​ក្ដៅ​បាន​ចិញ្ចឹមចិត្ត​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ដាក់​ប្រុស​ផ្សេង​ ទោះបី​ប្រពន្ធ​ប្រកែក​ និង​បដិសេធ​ជាច្រើនលើក​ច្រើនសា​យ៉ាងណា​ក៏ដោយ ​ក៏​ប្ដី​មិន​ជឿ លុះដល់​ថ្ងៃ​កើតហេតុ​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ជាច្រើន​កាំ​បិត​បណ្ដាល​ឲ្យ​របួសធ្ងន់ ​រួច​គេចខ្លួន​ទៅ​សម្ងំ​នៅឯ​ខេត្តបាត់ដំបង​បាន​រយៈពេល​១១​ថ្ងៃ​ ទើប​សមត្ថ​កិច្ចសហការ​ចាប់ខ្លួនបាន​នាំយក​មកកាន់​ទីកន្លែង​កើតហេតុ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ​។

ការ​ចាប់ខ្លួន​ជនដៃដល់​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​ក្នុងភូមិ​បួន​ជួរ​ ឃុំ​បឹង​ប្រិ​យ៍​ ស្រុក​បាណន់ ខេត្តបាត់ដំបង។



នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន ឈ្មោះ​ហ៊​ន រិទ្ធី ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​បឹង ឃុំ​វាល​ពន់​ ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​​​ បាន​កាប់​ប្រពន្ធ​ឈ្មោះ​ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ ​មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ហែ​ន​សាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃទី​៨​ ខែកក្កដា ​ឆ្នាំ​២០១៨ ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅក្នុង​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​៣​។



ដោយ​បុរស​ជា​ប្ដី​បាន​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​ប្រុស​ផ្សេង​ ហើយ​បាន​តាម​រករឿង​នាង​ជា​ប្រពន្ធ​ជា​បន្តបន្ទាប់ ដោយ​នៅ​មុន​ពេល​កើតហេតុ​វេលា​ល្ងាច​ថ្ងៃទី​៧​ខែកក្កដា បុរស​ជា​ប្ដី​បាន​ចោទ​ប្រពន្ធ​ថា​នាង​ក្បត់ចិត្ត​ទៅ​មាន​ប្រុស​ថ្មី ហើយ​ពេលនោះ​នាង​បាន​បដិសេធ​ថា ​អត់​មាន​ទេ ស្រាប់តែ​ប្ដី​បាន​យក​ដែកឆាប​ចុង​ស្រួច​មក​គំរាម​ចាក់​សម្លាប់​នាង​ ប៉ុន្តែ​ពេលនោះ​មិន​ហ៊ាន​ចាក់​ទេ​រួច​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​។

ប្រភព​បាន​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ​ ប្ដី​បាន​រករឿង​និង​ចោទ​នាង​ថា​ មាន​ប្រុស​ថ្មី​បន្ត​ទៀត​ចំណែក នាង​ដែល​មិនបាន​ក្បត់ចិត្ត​ប្ដី​ផង​នោះ ​ត្រូវ​ទទួលរង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​បែបនេះ ក៏បាន​ប្រកែក​យ៉ាង​ដាច់​អហង្ការ​និង​ឈ្លោះប្រកែក​គ្នា​ទៀត​ផង​។​ ខណៈនោះ​ប្ដី​ដែល​នៅតែ​មិន​ជឿ​លើ​ចិត្ត​ប្រពន្ធ​សោះ​នោះ បាន​ស្ទះ​ទៅ​ទាញ​កាំបិតផ្គាក់​មក​កាប់​រូប​នាង​ជាច្រើន​កាំបិត​ប៉ង​សម្លាប់ តែ​មិន​ស្លាប់ រួចហើយ​បាន​គេចខ្លួនបាត់​តែម្ដង។

ចាប់​ពី​ពេល​នោះ​មក​ សម​ត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​សហការ​រហូតមកដល់​ថ្ងៃទី​១៩ ខែកក្កដា គឺ​រយៈពេល​១១​ថ្ងៃ​ក្រោយពេល​កើតហេតុ ​ទើប​ឈានដល់​ការចាប់ខ្លួន​តែម្ដង។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ចម្លើយ​គ្មានអ្វី​ក្រៅពី​ពាក្យ​ថា ​ខឹង​ព្រោះ​ប្រចណ្ឌ​នោះ​ឡើយ ពេលនេះ​កំពុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu