Ad Code

សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ សហការ​ជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី រៀបចំ​ការប្រគំ​តន្ត្រី អបអរសាទរ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​ចិន​



ភ្នំពេញ​ ៖ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ សហការ​ជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី (Guangxi Arts University) បានរៀបចំ​ការប្រគំ​តន្ត្រី ដើម្បី​អបអរសាទរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា និង​ចិន កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ មកពី​សាកលវិទ្យាល័យ​សិល្បៈ ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ដឹកនាំ​និស្សិត ៣៥​រូប មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​សម្តែង​របាំ​-​ចម្រៀង ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ប្រមាណ​ជាង ៨០០​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ ឯកឧត្តម ប​ណិ្ឌ​ត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង លោក CHEN Wei អគ្គាធិការរង​នៃ​មន្ទីរអប់រំ ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។



បន្ទាប់ពី លោក រ៉េត ច័ន្ទ​ធន សាកលវិទ្យាធិការ​រង និង​ជា​ប្រធានការិយាល័យ​សិក្សា និង​ស្រាវជ្រាវ សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ ធ្វើ​មតិ​ស្វាគមន៍ និង​របាយការណ៍​សង្ខេប​ស្ដីពី ការរីកចម្រើន​របស់​ប៊ែ​ល​ធី គ្រុប​រួចមក លោក CHEN Wei អគ្គាធិការរង នៃ​មន្ទីរអប់រំ ខេត្ត​ក្វាង​ស៊ី បានបង្ហាញ​ឲ្យ​ដឹង​ថា លោក​មាន​សេចក្តី​សប្បាយរីករាយ​ណាស់ ដែល​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានអនុញ្ញាត​ឲ្យ​និស្សិត​សាកលវិទ្យាល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី មានឱកាស​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​សម្តែង​របាំ​-​ចម្រៀង ដែលជា​ប្រពៃណី វប្បធម៌ របស់​ប្រជាជន​ចិន ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែ​ល​ធី​នាពេលនេះ ក្នុង​គោលបំណង រឹតចំណង​មិត្តភាព កម្ពុជា​-​ចិន ក៏ដូចជា​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រវាង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​សាកលវិទ្យាល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី ឱ្យ​កាន់តែ​ល្អប្រសើរ​។



ក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត លី ឆេង អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ កក្កដា ១៩៥៨ បន្ទាប់ពី​ជំនួប​ទ្វេភាគី​លើក​ទី ១ រវាង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង ឯកឧត្តម ជូ អេ​ន ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ ទីក្រុង​បាន​ឌុ​ង នៅ​ខែមេសា ១៩៥៥ នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ ១៩៥៦ រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មកដល់​ពេលបច្ចុប្បន្ន​។ ដើម្បី​ចូលរួម​អបអរសាទរ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​ចិន សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​សហការ​ជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្ត​ក្វាង​ស៊ី រៀបចំ​ការប្រគំ​តន្ត្រី សិល្បៈ វប្បធម៌ ដែលមាន​ការចូលរួម​សម្តែង​ដោយ​និស្សិត​នៃ​សាកលវិទ្យាល័យ​ទាំងពីរ​។



លោក​បណ្ឌិត បាន​បន្ថែមទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ របស់ ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ប្រកបដោយ​ស្ថេរភាព​នយោបាយ សេដ្ឋកិច្ច​មានការ​រីក​ដុះដាល និង​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស គឺ​បន្ត​រក្សា​ចំណងមិត្តភាព កម្ពុជា​-​ចិន រវាង​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ក៏ដូចជា រវាង​ប្រជាជាតិ និង​ប្រជាជាតិ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ និង​ស្និត​ស្នាល​បន្ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu