Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចេញ​សេចក្តីណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ទឹកជំនន់



ភ្នំពេញ​ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី នៅ​ទូទាំងប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ការត្រៀម​បង្ការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​ទឹកជំនន់​ដែល​បាននិងកំពុង​កើតឡើង​នៅពេលនេះ។



​នៅក្នុង​សេចក្តីណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​រសៀល​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​បញ្ជាក់ថា «​យោងតាម​ការអង្កេត​តាមដាន នូវ​ព្យាករណ៍​អាកាសធាតុ ដែល​បាន​បង្ហាញ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ បាន​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​កំពុង​រង​ឥទិ្ធពល​ទឹកភ្លៀង ដូចជា​ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការ​ជន់​លិច​។ ដោយឡែក តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ក៏​មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ផងដែរ​»។



តាមរយៈ​សេចក្ដីណែនាំ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នឹង​ត្រូវ​មានការ​រៀប​ចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើនឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​បញ្ចៀស​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ប៉ះពាល់​អាយុជីវិត និង ការខូចខាត​ផ្សេងៗ ដែល​កើតមានឡើង​ដោយ​យថាហេតុ ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រកាស​នៅ​ថ្ងៃទី ១៩ ខែកក្កដា​នេះ​ថា ជំនន់​ទឹកភ្លៀង បាន​កើត​ឡើង​នៅ​ខេត្ត​ចំនួន ៧ រួមមាន​៖ ខេត្តកោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និង​ខេត្តកំពង់ស្ពឺ។ ជំនន់​ទឹកភ្លៀង​ដែល​បង្កឡើង​ដោយ​ឥទ្ធិពល​ខ្យល់​មុ​សុង​និរតី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ នាំ​ឲ្យ​ប្រជាពលរដ្ឋ ១៦៨១ គ្រួសារ​រងគ្រោះ និង​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយក៏​ប៉ះពាល់​ដំណាំ​ស្រូវ និង​ដំណាំ​ចំការ​រាប់ពាន់​ហិកតា​។ ចំណែក​នៅ​ផ្លូវជាតិ​លេខ​៤ ទឹកបាន​ស្រក​អស់ហើយ នៅ​ព្រឹក​ថ្ងៃទី​១៩​កក្កដា​នេះ​ចរាចរណ៍ ក៏បាន​បើក​ឲ្យ​ឆ្លងកាត់​ឡើងវិញ​ដែរ​។

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើក​បង្ហាញ​ពី​ការប៉ះពាល់ និង​ខូចខាត ក្នុង​ខេត្ត​ទាំង ៧ ដោយសារ​ជំនន់​ទឹកភ្លៀង ។ ក្នុង​នោះ នៅ​ខេត្តកំពង់ស្ពឺ ប៉ះពាល់​ខ្លាំង ពិសេស​ស្រុក​ភ្នំស្រួច ដោយ​យោង​តាម​របាយការណ៍​របស់​ខេត្ត គឺ​ប៉ះពាល់ ៨​ឃុំ រួមមាន​៖ ប្រជាជន​រងគ្រោះ ២៣០ គ្រួសារ ប៉ះពាល់​ដំណាំ​ស្រូវ ១១៥៧ ហិកតា ប៉ះពាល់​ចំការ​ស្វាយ ២៣២ ហិកតា​។ បច្ចុប្បន្ន កំពុង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​កម្រិត​ទឹក​ឡើង​ដល់ ៧,៦០ ម៉ែត្រ គិត​ត្រឹម​ម៉ោង ៨​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ហើយ​បើ​ឡើង​ដល់ ៧,៨០ ម៉ែត្រ នឹង​ត្រូវ​លិច​ផ្សារ​កំពង់ស្ពឺ​។ ចំពោះ​ទឹក ដែល​ហូរ​ធ្លាក់​តាម​ស្ទឹង​ព្រែក​ត្នោត ពុំ​ទាន់​មាន​បញ្ហា​ទេ ដោយ​ក្រសួង​ជំនាញ បាន​បង្វែរ​ទឹក​មុន​សភាពការណ៍​កើតឡើង ឲ្យ​ទឹក​ហូរ​ធ្លាក់​ទៅ​អាង​ស្តុក​ទឹកទន្លេ​បាទី។



ចំណែក​នៅ​ខេត្ត​ព្រះសីហនុ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លើកឡើងថា ចំណុច​ដែល​ប្រឈម​ខ្លាំង គឺ​ត្រង់ចំណុច​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ដែល​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ត្រូវបាន​ទឹក​លិច​ប្រវែង​ប្រមាណ ៩០០ ម៉ែត្រ កម្ពស់​ប្រមាណ ១,៧០​ម៉ែត្រ ហើយ​រហូតដល់​វេលា​ម៉ោង ១៩:៥០ នាទី​យប់​ថ្ងៃទី​១៨ ខែកក្កដា ទឹកបាន​ស្រក​នៅត្រឹម ០,៥០​ម៉ែត្រ​។ ទឹក​លិច​នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​ប្រជាជន​ប៉ះពាល់​ចំនួន ៣ ភូមិ ស្មើ​ប្រមាណ ៩០០ គ្រួសារ​។

នៅ​ខេត្តកំពត ក៏​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លើកឡើង​ថា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តាម​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤១ ដោយ​នៅ​តាម​ដងផ្លូវ មាន​ទឹក​ពេញព្រៀប​។ គិត​ត្រឹម​ម៉ោង ១៩និង០០ ថ្ងៃទី​១៨ ខែកក្កដា ប្រព័ន្ធ​ប្រកាស​ឲ្យ​ដឹង​មុន​គ្រោះ​ទឹកជំនន់ នៅ​ភូមិ​អណ្តូង​ជី​មីន ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ឡើងដល់ ៨,២ ម៉ែត្រ ដែលជា​កម្រិត​ប្រកាសអាសន្ន​។

នៅ​ខេត្ត​កែប សភាពការណ៍​ជំនន់​ទឹកភ្លៀង ត្រូវបាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ លើក​ឡើង​ថា អាច​គ្រប់គ្រង​បាន នឹងត្រូវ​តាមដាន​បន្តទៀត​។​
​ខេត្តកោះកុង ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ចំនួន ៥ ឃុំ នៅ​ស្រុក​ចំនួន ៤ ដោយ​ប្រជាជន​ចំនួន​ប្រមាណ ៥៥១ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

នៅ​ខេត្ត​ប៉ៃលិន មាន​ភ្លៀង​ធ្លាក់​តិច ប៉ុន្តែ​នៅតាម​ស្ទឹង អូរ ព្រែក មានទឹក​ពេញ​ទាំងអស់​ដោយសារ​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ក្នុង​ខេត្ត​ត្រាត​។

នៅ​ខេត្តបាត់ដំបង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏បាន​លើក​ឡើង​ថា មានការ​បាក់​ច្រាំង​នៅ​ស្ទឹង​សង្កែ បណ្តោយ​ប្រមាណ ១០០ ម៉ែត្រ និង​ចម្ងាយ​ពី​មាត់​ស្ទឹង​ទៅ​ចំណីផ្លូវ ប្រមាណ ៣០ ម៉ែត្រ នឹង​កំពុង​ត្រូវ​បាន​ជួសជុល​ឡើងវិញ​។ នៅ​ស្រុក​សំឡូត ទឹកជំនន់ បាន​លិច​ភូមិ​ចំនួន ៤ និង​ប៉ះពាល់​ខូចខាត ៣ ឃុំ គឺ​ឃុំ​ព្រែក​នរិន្ទ ឃុំ​ព្រែក​ខ្ពប ឃុំ​ព្រែក​ហ្លួង ក្នុងស្រុក​ឯក​ភ្នំ ដែល​រួមមាន​៖ ស្រូវ​កំពុង​ចេញ​ផ្កា ខូចខាត​ទាំងស្រុង ៥០ ហិកតា ស្រូវ​ប្រឈម​ការខូចខាត​ប្រមាណ ១០០៧ ហិកតា និង​ផ្ទះ​លិច​ទឹក ១០៩ ខ្នង​។ ចំពោះ​ទំនប់​សេក​សក និង​ទំនប់​គ​ង្ហ​ត ក៏​កំពុង​មាន​ការ​ព្រួយបារម្ភ​។ នៅ​ចំណុច​ស្ពាន​បឹង​អូរ​ជាង ក្នុង​ឃុំ​កំរៀង ស្រុក​កំរៀង មាន​ប្រេះ​ដី នៅ​គល់ស្ពាន​។

ក្នុង​របាយការណ៍​ដដែល លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានស្នើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បន្ទាប់ពី​ការបោះឆ្នោត​សាកល សូម​សម្តេច​តេ​ជោ​មេត្តា​អនុញ្ញាត​ឲ្យ​ក្រសួង​ជំនាញ លើក​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​សំរោង កម្ពស់ ២,៥ ម៉ែត្រ ប្រវែង​ប្រមាណ ២៥០០ ម៉ែត្រ និង​ធ្វើ​ស្ពាន​ថ្មី​ប្រវែង ១០០ ម៉ែត្រ ជំនួស​ស្ពាន​សព្វថ្ងៃ​ចំនួន​ពីរ ដែល​ស្ពាន​មួយៗ ប្រវែង ៣០ ម៉ែត្រ ដើម្បី​ធានា​សុវត្ថិភាព ដោយ​ក្នុង​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​ហិរញ្ញវត្ថុ ក៏បាន​ចុះ​ទៅ​ពិនិត្យ​រួច​ផង​ដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu