Ad Code

អភិបាលខេត្ត​កំពង់ចាម ស្នើឲ្យ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ កងកម្លាំង យកចិត្តទុកដាក់ ត្រៀម​ឧបករណ៍ សង្គ្រោះជន ដែល​ងាយ​រងគ្រោះ​ក្នុង​រដូវ​ទឹក​ឡើង​នេះ



កំពង់ចាម ​៖ អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បានស្នើ​ដល់​អាជ្ញាធរ រួម​នឹង​មន្ត្រី​ពាក់​ព័ន្ធ ដូចជា មន្ត្រី​សុខាភិបាល មន្ត្រី​ធនធានទឹក កងកម្លាំង ត្រូវ​បន្ត​យកចិត្តទុកដាក់ តាមដាន​អាកាសធាតុ និង​កម្រិត​កម្ពស់​ទឹក​ជាប់​ជានិច្ច ត្រៀម​នូវ​ឧបករណ៍​ជួយសង្គ្រោះ​ដូចជា​ថ្នាំសង្កូវ ទូក កាណូត ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ងាយ​នឹង​រង​គ្រោះ​ក្នុង​រដូវ​ទឹក​ឡើង​នេះ និង​បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​របរ​រកស៊ី នៅ​តាម​ដង​ច្រាំងទន្លេ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​បងប្អូន​ប្រជា​នេសាទ​តែម្តង ព្រោះ​នៅលើ​ទឹក​តាម​ដង​ទន្លេមេគង្គ អាច​ងាយ​ប្រឈម​ឲ្យ​មាន​គ្រោះថ្នាក់​ផងដែរ​។



ការ​ស្នើ​ឲ្យ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ​និង​ការ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បែបនេះ​របស់​លោក គួច ចំរើន ធ្វើឡើង​ក្នុង​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នៅ ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ដោយរ​មានការ អញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាលរង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ថ្នាក់ដឹកនាំ​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​លោកគ្រូ​-​អ្នកគ្រូ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។



លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្នុង​រដូវ​ទឹកទន្លេ​ដំឡើង​ពិតមែន តែ​មិនទាន់​ដល់​ចំណុច​ត្រូវ​ប្រកាស​អាសន្ន​នូវ​ឡើយ​ទេ សម្រាប់​កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ​កម្ពស់​១៥.២០​ម៉ែត្រ លោក​អភិ​បាន​បាន​បញ្ជាក់​ទៀត​ថា ស្រុក ៥​ក្នុង​ខេត្តកំពង់ចាម មាន​ស្រុក​ស្ទឹងត្រង់​,​ស្រុក​កំពង់សៀម​,​ស្រុក​កងមាស​,​ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ គឺ ជា​ស្រុក​ដែល​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ទឹកទន្លេ​មេគង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​កន្លែង​ទំនាប និង​ព្រែក​ដែល​ក្នុងនោះ​ទឹកបាន​លូន​ចូល ដីចំការ​ដែល​ក្បែរ​ ឬ​ អម​សងខាង​ទន្លេ ជា​វាលទំនាប ហេតុដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំង​ដែល​រស់នៅក្នុង​តំបន់​នោះ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព សុវត្ថិភាព និង​ការត្រៀម​រៀបចំ​បង្ការ​នាពេល​ទឹក​ឡើង ដើម្បី​ការពារ​អាយុជីវិត​មនុស្ស និង​សត្វ​ផងដែរ។



លោក​បាន​បន្ត​ទៀត​ថា បើ​ទោះ​ជា​អាកាសធាតុ​មានការ​ប្រែប្រួល ដោយមាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​រៀងរាល់ថ្ងៃ និង​កម្ពស់​ទឹក​តាម​ដង​ទន្លេមេគង្គ​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ក៏​ពិតមែន ប៉ុន្តែ​មិន​ទាន់​មាន បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឬ​បង្ក​ឲ្យ​គ្រោះថ្នាក់​អ្វី​ឡើយ។



ពាក់ព័ន្ធ​នឹង​បុណ្យ​រុក្ខទិវា​នោះ លោក​គួច ចំរើន បាន​មានប្រសាសន៍​លើកឡើង​ថា ព្រៃឈើ​ពិតជា ផ្តល់នូវ​អត្ថប្រយោជន៍ និង សារៈសំខាន់​ណាស់ ចំពោះ​សង្គម មនុស្ស និង​សត្វ ព្រោះ​វា​អាច​ស្រូបយក​ឧស្ម័ន​ការ​បូ​និច្ច និង​បញ្ចេញ​មកវិញ​នូវ​ឧស្ម័ន​អុកស៊ីសែន កាត់បន្ថយ​កំដៅ ផ្តល់នូវ​ទីជម្រក​របស់​មនុស្ស សត្វ ជួយ​បង្កើន​នូវ​ជីវជាតិ​ដី ទប់ទល់​ការ​ហូរ​ច្រោះ​និយតកម្ម ផ្តល់នូវ​ប្រភពទឹក និង ជា​របាំង​ការពារ​ខ្យល់ព្យុះ​ទៀតផង​។ មិនតែប៉ុណ្ណោះ ព្រៃឈើ​ក៏បាន​រួមចំណែក​ដល់​អេកូ​ទេសចរណ៍ ដែល បង្កើត​ការងារ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់ សហគមន៍​មូលដ្ឋាន តាមរយៈ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត​ជាដើម​។



លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ដើម្បី​បម្រើ​ក្នុង​ការ​បោះឆ្នោត និង​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu