Ad Code

Hun Sen Cup ៖​ គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង សរ​សើរ​កូនក្រុម​ដែល​ដណ្តើមបាន​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ



គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​សរសើរ​ពី​កូនក្រុម​ក្រោយ​ដឹកនាំ​ក្រុម​បាន​ឡើង​ទៅ​ជុំ​បន្ទាប់ ​គឺ​វគ្គ​៨​ក្រុម​ចុងក្រោយ ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១២ ឆ្នាំ​២០១៨ (Hun Sen Cup 2018) ក្រោយ​យកឈ្នះ​លើ​ក្រុម​ចំណូល​ថ្មី​ដែល​កំពុងតែ​ឡើង​ជើង​វិសាខា ដោយ​លទ្ធផល ២​ទល់​១ កាលពីពេល​ថ្មីៗ។



​បុរស​ជនជាតិ​ស្កុ​តឡែ​ន រូបនេះ​បានគិត​ថា នេះ​ជាការ​ប្រកួត​ដែលមាន​ការតាំង​ចិត្ត​ខ្ពស់ និង​ប្រកួតប្រជែង​ខ្ពស់ ដោយ​អាចជា​ការបង្ហាញ​យ៉ាង​ល្អ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា​។ លោក​បន្តថា «​ខ្ញុំ​គិតថា​២​ជើង​មកនេះ យើង​អាច​ទាត់​បញ្ចូល​ទី​បាន​៣​លើក ប៉ុន្តែ​ខ្ញុំ​គិតថា​កន្លងមក​មិន​មាន​ក្រុម​ច្រើន​ទេ​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​វិសាខា បាន​ច្រើន​គ្រាប់​។​ ខ្ញុំ​យល់ស្រប​ចំពោះ​ការ​លើកឡើង​ដែល​ថា យើង​បាន​បាត់បង់​ឱកាសល្អ ខណៈ​វា​គឺជា​ការប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​យើង​គ្រាន់តែ​លេង​រហូតដល់​ចប់​រង់ចាំ​កញ្ចែ​អាជ្ញាកណ្តាល​បន្លឺឡើង​។​ យ៉ាងណា​ខ្ញុំ​ពិត​ជាមាន​មោទនភាព​នូវ​កា​រខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​យើង​»​។



ប្រធាន​ក្រុម ជា សំណាង បាន​រង​របួស​ម្រាមដៃ​ក្នុង​ប្រកួត​តានតឹង​នេះ ដោយ​ត្រូវការ​ពេល​សម្រាក​ព្យាបាល​មួយ​រយៈ​ទើប​អាច​ចូល​ប្រកួត​វិញ​បាន​។ លោកគ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា ​របួស​របស់ ជា សំណាង ពិតជា​មាន​ផល​ប៉ះពាល់​ដល់​ក្រុម ដោយ​រូបគេ​គឺជា​កីឡាករ​ម្នាក់​យល់ថា​ លោក​ចង់​ឲ្យ​លេង​ប្រព័ន្ធ​របៀប​ម៉េច អំឡុង​ពេល​ប្រកួត​ម្តងៗ​។



​កាលពី​ជើង​ទី​១ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើឡើង​នៅ​ខេត្តស្វាយរៀង ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ​ក្រុម​វិសាខា ១​ទល់​០ ហើយ​ត្រឡប់មក​ជើង​ទី​២​ដែល​ធ្វើឡើង​នៅ​ស្តា​ត​ចាស់​ក្នុង​រាជធានី​ភ្នំពេញ វិញ​ម្តង​ក្រុម​ទាំង​២​បាន​ប្រកួត​ស្មើគ្នា​១​ទល់​១​។ ដូច្នេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​កក់​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​៧​ផ្សេងទៀត​ដែល​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នឹង​ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​នៅ​សប្ដាហ៍​ក្រោយ​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទើបតែ​ផ្លាស់​ប្តូរ​គ្រូបង្វឹក​កាលពីដើម​រដូវ​កាល ដោយ​ចុះកិច្ចសន្យា​១​រដូវ​កាល​ជាមួយ​លោក Conor Nestor កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A License ជំនួស​លោក សំ វ៉ាន់​ដេ​ត ដែល​ជា​គ្រូ​ចាស់​គ្រោង​នឹង​បន្ត​រៀន​វគ្គ​គ្រូបង្វឹក AFC “A” License​។ ក្រុម​នេះ​បាន​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧ របស់​ខ្លួន​កន្លងទៅ ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017 ដែល​មាន​សមាជិក​១២​ក្រុម ហើយ​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​គ្រង​តំណែង​ជើងឯក​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu