លោក Walter Carr មិនចង់ខកខានថ្ងៃធ្វើការដំបូងរបស់គាត់ជាបុគ្គលិករើផ្ទះទេ។ ដូច្នេះនៅពេលដែលឡានរបស់គាត់ខូច គាត់មិនអាចរកអ្វីជិះបាននោះទេ។ គាត់ក៏ត្រូវដើរក្នុងចម្ងាយ៣២គីឡូម៉ែត្រ។
ដោយត្រូវចំណាយពេលពេញមួយយប់ដើរយ៉ាងយូរ, រឿងរ៉ាវបានប្រែក្លាយទៅភាពអស្ចារ្យសសម្រាប់លោក Carr ដែលមានអាយុ២០ឆ្នាំ។ ចៅហ្វាយថ្មីរបស់គាត់បានដឹងពីអ្វីដែលលោក Carr បានធ្វើហើយក៏ឲ្យសោឡានផ្ទាល់ខ្លួនរបស់គាត់ទៅឲ្យលោក Carr ។ នោះគឺឡានម៉ាក Ford Escape។
រឿងរ៉ាវនេះបានបង្កភាពល្បីល្បាញក្នុងបណ្តាញផ្សព្វផ្សាយសង្គម បន្ទាប់ពីស្ត្រីរដ្ឋ Alabama ម្នាក់ឈ្មោះ Jenny Lamey ដែលទូរស័ព្ទទៅក្រុមហ៊ុនរើផ្ទះរបស់លោក Luke Marklin បានបង្ហោះអំពីរឿងនេះលើ Facebook កាលពីចុងសប្តាហ៍។
នាងបាននិយាយថា “គាត់មានចិត្ដរាបទាបហើយសប្បុរសនិងរីករាយ”។ ការបង្ហោះរបស់នាងគិតត្រឹមថ្ងៃពុធគឺបានទាក់ទាញឲ្យមានប្រតិកម្មពីមនុស្សជាង៦,០០០នាក់។
នាង Lamey បានដឹងពីលោក Carr ថា គ្រួសាររបស់គាត់ដែលមានដើមកំណើតមកពីទីក្រុង New Orleans បានបាត់បង់ផ្ទះសម្បែងរបស់ខ្លួនដោយសារព្យុះ Katrina ហើយបន្ទាប់មកបានរើទៅនៅ Alabama។
គាត់បានចាកចេញពីកន្លែងរបស់គាត់នៅ Homewood នៃរដ្ឋ Alabama មិនយូរប៉ុន្មានមុនពេលពាក់កណ្តាលអាធ្រាតនៅថ្ងៃសុក្រ។ ក្នុងនាមជាអតីតអ្នករត់ប្រណាំងឆ្លងប្រទេសកាលរៀនវិទ្យាល័យ គាត់អាចគ្រប់គ្រងក្នុងចម្ងាយ៣២គីឡូម៉ែត្រដោយថ្នើរជើងបាន។
បួនម៉ោងក្រោយមក នៅពេលដែលគាត់ឈប់ដើម្បីសម្រួលដង្ហើម មន្ត្រីប៉ូលិសបានបញ្ឈប់ដើម្បីពិនិត្យមើលគាត់។ មន្ត្រីបានទិញអាហារពេលព្រឹកឲ្យគាត់ហើយបន្ទាប់មកបានបើកឡានជូនគាត់បន្តដំណើរទៅមុខចម្ងាយពីរបីម៉ាយ។
ក្រោយពី Carr បានដើរទៅដល់ក្រុង Pelham ប៉ូលិសម្នាក់ទៀតបានជូនគាត់ទៅដល់កន្លែង។
នាង Jenny Lamey ស្ថិតក្នុងផ្ទះនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃសៅរ៍នៅពេលនាងឮស្នូរកណ្តឹង។
នាងនិយាយថា “វាគឺជាមន្ត្រីប៉ូលិសម្នាក់។ គាត់បានប្រាប់យើងថា គាត់បានយកក្មេងដ៏ល្អម្នាក់នេះនៅ Pelham កាលពីព្រឹកនេះ”។
នាងនិងស្វាមីរបស់នាងបានប្រាប់ Carr ថា គាត់អាចសម្រាករហូតដល់ក្រុមមនុស្សដែលនៅសេសសល់ធ្វើដំណើរមកដល់ប៉ុន្តែគាត់បានទទូចចង់ធ្វើការងាររបស់គាត់។
ក្រោយមកនៅពេលដែល Marklin បានឮរឿងនេះ គាត់ក៏បានសម្រេចចិត្តឲ្យឡានរបស់គាត់ទៅបុរសវ័យក្មេងរូបនេះតែម្តង៕ AFP
Source: Kampuchea Thmey Daily
0 Comments