Ad Code

ក្រសួងសុខាភិបាល​គ្រោង​នឹង​ចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច​ នា​ពេល​ខាងមុខនេះ



ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​គ្រោង​នឹង​ចុះបញ្ជី​កា​ឱសថ​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច​នាពេល​ខាងមុខនេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការ​ចុះ​បញ្ជី​ឱសថ​ឲ្យ​បាន​លឿន​ជាង​មុន​ឈាន​ទៅ​ដល់​ការគ្រប់គ្រង​ឱសថ​ក៏ដូចជា​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​ផងដែរ​។

លោក​បណ្ឌិត យ៉ង់ ដា​រា​វុ​ធ អនុ​ប្រធាន​នាយកដ្ឋាន​ឱសថ​និង​ចំណីអាហារ​មានប្រសាសន៍ថា​ការចុះបញ្ជី​កា​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​នឹង​ជួយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ឱសថ​ចំណេញ​ពេលវេលា​ក៏ដូចជា​ថវិកា​ដោយ​មិនចាំ​បាច់​ធ្វើដំណើរ​មក​កាន់​ក្រសួងសុខាភិបាល​ឡើយ ​ដោយ​គ្រាន់តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​រួច​ហើយ​ បំពេញ​ទៅតាម​បែបបទ​ដែល​ក្រសួង​បាន​កំណត់​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ឈាន​ទៅ​រៀបចំ​ពិព័រណ៍​ឱសថ​កម្ពុជា​ឆ្នាំ ២០១៨​និង​សន្និសីទ​អន្តរជាតិ​លើក​ទី៤ ស្តី​ពី​ឧស្សាហកម្ម​ឱសថ​វេជ្ជសាស្ត្រ​មន្ទីរពិសោធន៍ និង សុខភាព​ធ្មេញ​នៅ​កម្ពុជា​ដែល​ធ្វើ​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ លោក​បណ្ឌិត យ៉ង់ ដា​រា​វុ​ធ​បាន​បន្ត​ថា ​ការ​ចុះ​បញ្ជិកា​តាម​អន​ឡាញ​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ដំណើរ​ការ​ចុះ​បញ្ជិកា​បាន​លឿន​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​អាច​កាត់បន្ថយ​អំពើពុករលួយ​បាន​ផងដែរ។

លោក​បណ្ឌិត យ៉ង់ ដា​រា​វុ​ធ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច​នេះ​ក្រសួងសុខាភិបាល​កំពុង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ហើយ​សង្ឃឹមថានឹង​អាចដាក់​ឲ្យ​ប្រើប្រាស់​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការចុះ​បញ្ជិកា​ឱសថ​ឲ្យ​បាន​ឆាប់រហ័ស​ជាង​មុន​ខណៈ​បច្ចុប្បន្ននេះ​ការចុះបញ្ជី​កា​ឱសថ​ត្រូវការ​ពេលវេលា​ប្រមាណ​៦​ខែ​តាមរយៈ​ច្រកចេញចូល​តែមួយ​។

លោក មាស សុជា នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្មែរ ហ៊ែ​ល​ឃែ​រ​ខូ​អិ​ល​ធី​ឌី​បាន​គាំទ្រ​ចំពោះ​ក្រសួងសុខាភិបាល​ក្នុងការ​បង្កើត​ឲ្យ​មាន​ការចុះ​បញ្ជិកា​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ចនេះ​ព្រោះ​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​លោក​ចំណេញ​ពេលវេលា​ច្រើន ក្នុង​ការធ្វើ​អាជីវកម្ម​ប្រចាំថ្ងៃ​ដោយ​មិន​ចំណាយពេល​យូរ​រាប់​ខែ​ដូច​មុន​។

លោក​បណ្ឌិត យ៉ង់ ដា​រា​វុ​ធ បាន​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​មាន​ឱសថ​សម័យ​ដែល​ចុះ​បញ្ជិកា​នៅ​ក្រសួងសុខាភិបាល​ចំនួន​១៥៣០៤​មុខ​ និង​ឱសថ​បុរាណ​មាន​ចំនួន​៤៧៤​មុខ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu