Ad Code

ជំនន់​ទឹកភ្លៀង​ ​កាត់ផ្ដាច់​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤​ទាំងស្រុង



ព្រះសីហនុ​ ៖ ​រហូត​មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​ ខែ​កក្កដា​នេះ ​ជំនន់​ទឹកភ្លៀង​នៅតែ​ហូរ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ដដែល ដែល​ការ​ជន់​លិច​នេះ ​ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥/១១៦ ដោយ​ទឹកបាន​ហូរ​ពីលើ​ស្ពាន​ស្ទឹង​សំរោង​មាន​កម្ពស់​១​ម៉ែត្រ​​​កន្លះ​ លិច​បង្កាន់ដៃស្ពាន​និង​មាន​បណ្តោយ​ប្រវែង​ជិត​១០០០​ម៉ែត្រ។

ការ​ជន់​លិច​នេះ​ មាន​រយៈពេល​ជាង​៦​ម៉ោង​ទៅ​ហើយៗពី​ដំបូង​បានចាប់ផ្តើម​ឡើង​នៅ​ម៉ោង​៥​ជិត​ភ្លឺ ដោយ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ពីលើ​ស្ពាន​អូរ​គគីរ ទឹក​មាន​កម្ពស់​ជាង​១​ម៉ែត្រ​ និង​បណ្តោយ​ជិត​៣០០​ម៉ែត្រ​នៅ​ក្បែរ​ព្រំប្រទល់​ខេត្ត​កំពង់ស្ពី​ និង​ខេត្ត​ព្រះសីហនុ​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦/១០៧ លើផ្លូវ​ជាតិ​លេខ​៤​ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ​ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា​។​

ការ​ជន់​លិច​ពីលើ​ស្ពាន​អូរ​គគីរ​នេះ ​មាន​រយៈពេល​ប្រមាណ​៤​ម៉ោង ​ទើប​ទឹកបាន​ហូរ​ស្រក​អស់​ទៅវិញ ប៉ុន្តែ​នៅ​ពេលដែល​ទឹក​លើ​ស្ពាន​អូរ​គគីរ ហូរ​ស្រក​អស់ ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង បាន​ចាប់ផ្តើម​ជន់​លិច​យ៉ាង​ឆាប់រហ័ស។ ពេល​នេះ ​ការ​ធ្វើ​ចរាចរ​​ ​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង​ដោយ​ក្រុម​សមត្ថកិច្ច​បាន​ដាក់​បា​រ៉ា​ស់​បិទ​ផ្លូវ​នៅ​ដើមទី​ និង​ចុង​ទី ហើយ​បង្វែរ​ចរាចរ​​​ឲ្យ​រថយន្ត​ផ្លាស់ប្តូរ​ទិស​ធ្វើដំណើរ​កាត់​តាមផ្លូវ​ជាតិ​លេខ​៣​ជំនួស​វិញ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ថា ​ពេលនេះ​ក្រុម​សមត្ថកិច្ច​ជាច្រើន​នាក់​មកពី​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ត្រៀម​ធ្វើការ​សង្គ្រោះ​ប្រជាពលរដ្ឋ ​និង​ទ្រព្យសម្បត្តិ ​និង​សត្វពាហណៈ ​ដែល​ប្រឈម​ងាយ​និង​រងគ្រោះ។

សមត្ថកិច្ច​បាន​ព្រមាន​ថា បើសិនជា​ស្ថានភាព​អាកាសធាតុ​នៅតែ​បន្ត​អាប់អួរ ហើយ​មេឃ​នៅតែ​បន្ត​​ធ្លាក់ភ្លៀង​ឥត​ឈប់ឈរ​នោះ ទឹកភ្លៀង​នឹង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​កំចាយ​ចូល​តាម​ស្ទឹង​សំរោង មក​ជន់​លិច​ផ្លូវជាតិ​លេខ​៤ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាងនេះទៀត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់​ពេលនេះ​មិនទាន់​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​ សមត្ថកិច្ច​បាន​បន្តទៀត​ថា តាម​លោក​ដឹង​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រងគ្រោះ​នេះ ពួកគាត់​មានការ​យល់ដឹង​ខ្ពស់​ពី​ការ​រក្សា​និង​ការពារ​សុវត្ថិភាព​ខ្លួន​គាត់ ​និង​ទ្រព្យសម្បត្តិ ព្រោះថា​តំបន់​ដែល​ពួកគាត់​បានរស់នៅ​នេះ តែងតែ​កើតមាន​គ្រោះទឹកជំនន់​ទឹកភ្លៀង​ជា​រៀងរាល់​ឆ្នាំ​ផងដែរ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បើទោះបីជា​យ៉ាងនេះ​ក៏ដោយចុះ ពេលនេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​ជាច្រើន​នាក់​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ​រួមទាំង​សត្វពាហណៈ​បាន​ទៅដល់​តំបន់​កើតហេតុ​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu