Ad Code

សហរដ្ឋអាមេរិក​ចាប់ខ្លួន​ភ្នាក់ងារ​រុស្ស៊ី​សម្រាប់​ការរួម​គំនិត​ដើម្បី​ជះឥទ្ធិពល​លើ​នយោបាយ​អាមេរិក



ស្ត្រី​រុស្ស៊ី​អាយុ​២៩​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សមគំនិត​ដើម្បី​ជះឥទ្ធិពល​ដល់​នយោបាយ​របស់​សហរដ្ឋអាមេរិក​តាមរយៈ​ការបង្កើត​ទំនាក់​ទំនងជា​មួយក្រុម​នយោបាយ​នានា​រួមទាំង​សមាគម​កាំភ្លើង​ជាតិ​ដែលជា​ក្រុម​សិទ្ធិ​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល​ផងដែរ​។​

ក្រសួង​យុ​តិ្ត​ធម៌​បាន​និយាយថា លោកស្រី Mariia Butina ឬ​គេ​ហៅថា Maria ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃអាទិត្យ​ហើយ​បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​។​

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោកស្រី Butina ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​ដើរតួ​ធ្វើជា​ភ្នាក់ងារ​របស់​ប្រទេស​រុស្ស៊ី​ដោយ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​អាមេរិក​និង​អង្គភាព​នានា​ដែលមាន​ឥទ្ធិពល​លើ​នយោបាយ​អាមេរិក​។​

ការចាប់ខ្លួន​របស់​នា​ង​ត្រូវបាន​គេ​ប្រកាស​ខណៈដែល​លោក​ប្រធានាធិបតី Donald Trump ធ្វើដំណើរ​ចេញពី​ទីក្រុង​ហេ​ល​ស៊ីន​គី​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក Vladimir Putin ។​

ក្រសួងយុត្តិធម៌​បាន​និយាយថា លោកស្រី Butina បាន​រំលោភច្បាប់​របស់​សហរ​ដ្ឋ​អាមេរិក​ដោយ​មិនបាន​ប្រាប់​ដល់​អាជ្ញាធរ​អាមេរិក​ថា​នាង​កំពុង​ធ្វើ​សកម្មភាព​ជំនួសមុខ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​។​

នៅក្នុង​ឯកសារ​ចោទប្រកាន់​នោះបាន​អះអាងថា លោកស្រី Butina មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ “​មន្ត្រី​រុស្ស៊ី​” ដែល​មិនត្រូវ​បានកំណត់​អត្តសញ្ញាណ​ប៉ុន្តែ​ត្រូវបាន​គេ​រាយការណ៍​យ៉ាង​ទូលំទូលាយ​ថា​គឺជា​អ្នកនយោបាយ​រុស្ស៊ី​ឈ្មោះ Alexander Torshin ។​

លោក Torshin បច្ចុប្បន្ន​ជា​មន្ត្រីជាន់ខ្ពស់​មួយរូប​ជាមួយ​ធនាគារកណ្តាល​របស់​រុស្ស៊ី​និង​ជា​អតីត​សមាជិកសភា​ជាន់ខ្ពស់​របស់​រុស្ស៊ី​។ គាត់​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​មួយចំនួន​ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

ក្នុងចំណោម​ទំនាក់ទំនង​ដែល​បង្កើតឡើង​ដោយ​លោកស្រី Butina គឺមាន​ទំនាក់​ទំនងជា​មួយអង្គ​ការ​សិទ្ធិ​កាំភ្លើង​ដែល​មិនត្រូវ​បានកំណត់​អត្តសញ្ញាណ​ប៉ុន្តែ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា NRA ដែលជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​គណបក្ស​សាធារណរដ្ឋ​។​

លោកស្រី Butina ជា​សកម្មជន​សិទ្ធិ​កាំភ្លើង​ជាមួយ​ក្រុម​រុស្ស៊ី​មួយ​ដែល​គេ​ហៅថា “​សិទ្ធិ​ទទួលបាន​អាវុធ​” ហើយ​លោក Torshin បាន​អួតអាង​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយ NRA ជា​យូរ​មកហើយ​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​។​

គួរ​បញ្ជាក់​ថា ការប្រកាស​អំពី​ការចាប់ខ្លួន​របស់លោក​ស្រី Butina បានកើត​ឡើង​បី​ថ្ងៃ​បន្ទាប់ពី​អ្នកស៊ើប​អង្កេត​រុស្ស៊ី​១២​នាក់​ត្រូវបាន​ចោទប្រកាន់​ដោយ​គណៈវិនិច្ឆ័យ​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ការ Hack យុទ្ធនាការ​ប្រធានាធិបតី​ឆ្នាំ​២០១៦​របស់លោក​ស្រី Hillary Clinton និង​គណបក្ស​ប្រជាធិបតេយ្យ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu