Ad Code

ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​សិស្ស​និង​គ្រូ​ជំនាញ​មុខវិជ្ជា​គណិតវិទ្យា​កម្រិត​អន្តរជាតិ



​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​វិទ្យាស្ថាន​វិញ្ញាបនបត្រ​នៃ​ប្រទេស​ជប៉ុន ​នឹង​រៀប​ចំការ​ប្រឡង​វាស់​ស្ទង់​សមត្ថភាព​សិស្ស​ និង​គ្រូ​ជំនាញ​មុខវិជ្ជា​គណិតវិទ្យា​កម្រិត​អន្តរជាតិ​នា​ពេល​ខាងមុខនេះ ​ដើម្បី​ប្រៀប​ធៀប​សមត្ថភាព​ទៅ​នឹង​កម្មវិធីសិក្សា​នៅក្នុង​តំបន់​និង​អន្តរជាតិ​។​

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​ទី​៤​ដល់​ថ្នាក់​ទី​១២ និស្សិត​សាកលវិទ្យាល័យ​និង​គ្រូ​គណិតវិទ្យា​ចុះឈ្មោះ​ចូលរួម​ប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​ដែល​ហៅថា​(suken test)​នៅ​ចុងខែ​កញ្ញា​ខាងមុខ​ដើម្បី វាយតម្លៃ​ចំណេះដឹង​ភាព​ស្ទាត់ជំនាញ​ភាពឈ្លាសវៃ​ក្នុងការ​គណនា​លេខ​និង​ការដោះស្រាយ​ចំណោទ​។​

លោក​បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាន​សហគមន៍​អ្នក​គណិត​វិទ្យា​កម្ពុជា​មានប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧​ខែកក្កដា ​ឆ្នាំ​២០១៨​ថា​ ​គឺជា​លើក​ទី​១០​ហើយ​ ដែល​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​វិញ្ញាបនបត្រ​នៃ​ប្រទេស​ជប៉ុន​រៀបចំ​ការ​ប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​ដើម្បី​វាយតម្លៃ​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ តើ​វា​សមស្រប​ទៅនឹង​កម្មវិធី​សិក្សា​នៅក្នុង​តំបន់​និង​អន្តរជាតិ​ដែរ​ឬ​យ៉ាងណា​។​

លោក​បណ្ឌិត​បាន​បន្តថា ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​ឆ្នាំនេះ​នឹង​ប្រព្រឹត្ត​​​ទៅ​នៅ​ថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ខាងមុខ ​ដោយ​ចាប់​ទទួល​ពាក្យ​ប្រឡង​ពីថ្ងៃ​នេះ ​រហូតដល់​ថ្ងៃទី​២០​ខែកញ្ញា ​ដោយ​បេក្ខជន​អាច​ទៅ​ដាក់​ពាក្យ​ប្រឡង​បាន​នៅ​សាលារៀន​ជំនាន់​ថ្មី​នៅក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​​សុវត្ថិ ​ឬ​អាច​ចុះឈ្មោះ​តាម​អន​ឡាញ​ក៏បាន​ដែរ​ តែ​បេក្ខជន​ត្រូវដាក់​បង់លុយ​តាម​វី​ង​ឬ​ទ្រូ​ម៉ា​នី។​

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ការប្រឡង​នេះ​បេក្ខជន​ត្រូវ​បង់​ថវិកា​មួយចំនួន​សម្រាប់​ប្រើប្រាស់​ទៅលើ​ការរៀបចំ​ការប្រឡង បោះពុម្ព​ឯកសារ ផ្សព្វផ្សាយ​ព័ត៌មាន​និង​សម្រាប់​មេ​ប្រយោគ​។​

លោក​បណ្ឌិត​ច័ន្ទ រ័ត្ន​បាន​បញ្ជាក់ថា​ ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​នេះ​ចែកជា​ពីរ​ផ្នែក​គឺ​ផ្នែក​វិញ្ញាសា​គណនា​មាន​ចំនួន​៣០​លំ​ហាត់​និង​ផ្នែក​ដោះស្រាយ​ចំណោទ​ចំនួន​៧​លំ​ហាត់​ដែល​ការប្រឡង​មាន​រយៈពេល​៥០​នាទី​សម្រាប់​បេក្ខជន​ថ្នាក់​ទី​៤​ដល់ទី​៦​និង​៣​ម៉ោង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​និង​និស្សិត​សាកលវិទ្យាល័យ ។​

លោក​បណ្ឌិត​បាន​បន្តទៀត​ថា ​បេក្ខជន​ដែល​អាច​ចូលរួម​ប្រឡង​នេះ​បាន​លុះត្រាតែ​មានចំណេះដឹង​ស្ទាត់ជំនាញ​លើ​ភាសា​អង់គ្លេស​ព្រោះថា​វិញ្ញាសា​ប្រឡង ត្រួតពិនិត្យ​ការប្រឡង ការកែ​វិញ្ញាសា​និង​ចេញ​វិញ្ញាបនបត្រ​គឺ​ចេញ​ដោយ​វិទ្យាស្ថាន​វិញ្ញាបនបត្រ​នៃ​ប្រទេស​ជប៉ុន​។​ចំណែក​ខាង​ក្រសួង​ជា​អ្នករៀបចំ​ការប្រឡង​ដូចជា​ចុះឈ្មោះ​បេ ក្ខ​ជ ន​រៀបចំ​ឯកសារ​ប្រឡង​និង​ជ្រើសរើស​មេ​ប្រយោគ​ជាដើម​។​

លោក​បណ្ឌិត​បាន​រំលឹកថា​ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​កន្លងមក​បេក្ខជន​មាន​សមត្ថ​ភាព​ធ្វើបាន​ពី​៦០​ទៅ​៧០​ភាគរយ​ទៅលើ​ផ្នែក​គណនា​ខណៈ​ផ្នែក​ដោះស្រាយ​ចំណោទ​វិញ​ធ្វើបាន​ត្រឹមតែ​២០​ទៅ​២៥​ភាគរយ​ប៉ុណ្ណោះ​។​

លោក​បណ្ឌិត​បាន​ឲ្យ​ដឹងថា​នេះ​បង្ហាញថា​សិស្ស​និស្សិត​កម្ពុជា​នៅមាន​សមត្ថភាព​ខ្សោយ​ផ្នែក​ដំណោះស្រាយ​ចំ ណោ​ទ​ដែល​ទាមទារ​ឲ្យ​មានការ​កែសម្រួល​កម្មវិធី​សិក្សា​ក៏ដូចជា​បង្កើន​ការ​បំប៉ន​ដល់​គ្រូ​លើ​ផ្នែក​នេះ​បន្ថែម​ទៀ ត​ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​និ​ស្សិត​ឲ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ថែមទៀត​។​

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា​ សហគមន៍​អ្នគកណិត​វិទ្យា​កម្ពុជា​បាន​ចូលរួម​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ការកែលំអ​កម្មវិធី​សិក្សា​ផ្នែក​គណិតវិទ្យា​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ទំនើប​ស្របតាម​ស្តង់ដារ​នៅក្នុង​តំបន់​និង​អន្តរជាតិ​។​

ក្រៅពីនេះ​លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​សហគមន៍​អ្នក​គណិត​វិទ្យា​កម្ពុជា​បាន​ចូលរួម​បំប៉ន​ដល់​គ្រូ​ផ្នែក​គណិតវិទ្យា​ស្តីពី​ដំណោះស្រាយ​ចំណោទ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ដើម្បី​ឲ្យ​គាត់​ជួយ​បង្ហាត់បង្រៀន​បន្ត​ដល់​សិស្ស​។​

លោក​បណ្ឌិត ច័ន្ទ រ័ត្ន បានបញ្ជាក់​ទៀតថា ​សម្រាប់​ការប្រឡង​វាស់​ស្ទង់​សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​នៅ​ឆ្នាំនេះ​សហគមន៍​អ្នក​គណិត​វិទ្យា​កម្ពុជា ​នឹងមាន​រៀបចំ​ជា​មេដាយ​និង​ប្រាក់​លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ផងដែរ​ដើម្បី​ជំរុញ​ឲ្យ​សិស្ស​និស្សិត​និង​គ្រូ​គណិតវិទ្យា​កាន់តែ​ខិតខំ​បង្រៀន​និង​រៀនសូត្រ​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu