Ad Code

ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃ នៅ​ចំណុច​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត ​ពុំ​មាន​ទឹក​ជន់​ជោរ​ទៀត​ទេ ប៉ុន្តែ​នៅ​បរិវេណ​បេន​រថយន្ត​ថ្មី​ទឹក​លិច​ដូច​បឹង



កំពត​ ៖ ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត កន្លងមក​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់​មិនបាច់​យូរថ្ងៃ​ទេ ភ្លៀង​ធ្លាក់​តែមួយ​មេ​រាង​ធំ​បន្តិច​ក៏មាន​ទឹកជំនន់ នៅលើ​ផ្លូវ​ជុំវិញ​ផ្សារ​ក៏ដូចជា​ក្នុង​ផ្សារ​ផងដែរ គឺ​ទឹក​លិច​ដូច​ក្នុង​ស្រែ​បឹង តែ​មកដល់ពេលនេះ ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត ទោះបី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​ដូច​ប៉ុន្មាន​ថ្ងៃនេះ​ក៏ដោយ ​ក៏​ឃើញថា ផ្សារ​ដែល​ធ្លាប់តែ​រង​ការលិចលង់​នៅតាម​បរិវេណ​នានា គឺ​ពុំមាន​ទឹក​ដក់​ឬ​ជន់​លិច​ទៀតឡើយ​គឺ​ដោយសារតែ​លោក អភិបាលខេត្ត​ដែល​ទើប​នឹង​មក​ទទួល​តំណែង​គ្រប់គ្រង​លើ​ខេត្តកំពត ទើបតែ​បាន ៧​ខែ​ជាង​ប៉ុណ្ណោះ លោក​បានធ្វើ​ការកែសម្រួល​ប្រព័ន្ធ​លូ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ និង​សាងសង់​ជាថ្មី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ពិសេស​ការ​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ស្ថិត​ជុំវិញ​ផ្សារ​ទី​រួម​ខេត្ត ធ្វើ​ឲ្យ​ផ្សារ​ដែល​ធ្លាប់តែ​រង​ការ​លិចលង់​នាពេល​កន្លងមក​បាន​ចៀស​ផុតពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀតផង​។ ប៉ុន្តែ​ទោះបី​ជាការ​ស្តារឡើងវិញ​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​បានល្អ​គួរ​ជា​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​មហាជន​នៅ​ទូទាំង​ក្រុង​យ៉ាងនេះ​ក្តី ក៏​នៅតែមាន​ប្រព័ន្ធ​លូ​មួយចំនួន​តូច​ទៀត​ដែល​រដ្ឋបាលខេត្ត​មិនទាន់បាន​អនុវត្ត​រួចរាល់ ដូចជា​នៅ​ចំណុច​ផ្លូវ​សួនច្បារ​ដើម​ពោធិ៍​ក្បែរ​បេន​រថយន្ត​ថ្មី ស្ថានីយ​ប្រេង​តូ​តា​ល់ និង​ក្នុង​បរិវេណ​ចំណតរថយន្ត​តែម្តង​​ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឬ ជា​មធ្យម​ម្តងៗ​គឺ​នៅ​ចំណុច​ខាងលើនេះ​នៅមាន​ការលិចលង់​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត គឺ​លិច​ដូច​ផ្ទៃ​បឹង​ទៅហើយ​។​

ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ពី​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​ប្រាប់​កម្ពុ​ជាថ្មី ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា នៅ​ចំណុច​លិចលង់​ខាងលើ (​បរិវេណ​ផ្លូវ​សួនច្បារ​ដើម​ពោធិ៍​ និង​បេន​រថយន្ត​ថ្មី​) ខេត្ត​កំពុង​មាន​គម្រោង​កាយ​ដាក់​ប្រព័ន្ធ​លូ​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង ដើម្បី​ធានា​ការ​បង្ហូរ​ទឹក​តាម​ប្រព័ន្ធ លូ​កុំ​ឲ្យ​មានការ​កកស្ទះ​បន្ត​ទៅ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​លោក អភិបាលក្រុង​ និង​ក្រុមការងារ​សាលាក្រុង​កំពុង​ចុះ​ស្តារ​ប្រព័ន្ធ​លូ​នៅ​ផ្លូវលំ​មួយ​ខ្សែ​នៅក្នុង​សង្កាត់​ក្រាំង​អំពិល​ដើម្បី​​បញ្ចៀស​ទឹកជំនន់ ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុងតែ​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu