Ad Code

លោក Putin បន្ទោស​ការ​ចោទប្រកាន់​របស់​ចក្រភព​អង់គ្លេស​បន្ទាប់ពី​ការបំពុល​



លោក​ប្រធានាធិបតី Vladimir Putin បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​ថា បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ បន្ទាប់ពី​អតីត​ចារកម្ម​របស់​សូ​វៀត​ម្នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស​បួន​នាក់ ​ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា​ ត្រូវ​បាន​បំពុល​ដោយ​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​នៅ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស។

នៅពេល​សាកសួរ​ក្នុង​កិច្ច​សម្ភាសន៍​របស់ Fox News អំពី​ការអះអាង​របស់​រដ្ឋាភិបាល​អង់គ្លេស​ថា​ក្រុង​មូ​ស្គូ​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយសារ​ធាតុ Novichok ទៅលើ​អតីត​ចារកម្ម​លោក Sergei Skripal នោះ​, លោក Putin បាន​និយាយថា ក្រុង​ឡុង​ដ៍​មិនបាន​ផ្តល់​ភស្តុតាង​ណាមួយ​ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់​ពួកគេ​ទេ​។​

លោក Putin បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ម្នាក់​បន្ទាប់ពី​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី Donald Trump នៅ​ប្រទេស ហ្វាំ​ង​ឡង់ ថា “​យើង​ចង់បាន​ភ័ស្តុតាង​ជា​ឯកសារ​ប៉ុន្តែ​គ្មាន​នរណាម្នាក់​ផ្តល់​ឲ្យ​យើង​ទេ​”​។

លោក​បន្ថែមថា “​វា​គឺជា​រឿង​ដូចគ្នា​ទៅនឹង​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​របស់​សហរដ្ឋអាមេរិក​”​។ លោក Putin បាន​លើកឡើងថា ករណីនេះ​អាច​ត្រូវបាន​ជំរុញ​ដោយ​បញ្ហា​ក្នុងស្រុក​នៅ​ប្រទេស​អង់គ្លេស​។​

លោក​និយាយថា “​យើង​គ្រាន់តែ​មើលទៅ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ​ទៅ​។ ហេតុអ្វី​បានជា​វា​ត្រូវធ្វើ​ដូច្នេះហើយ​ហេតុអ្វី​ក៏​ទំនាក់ទំនង​របស់​យើង​កាន់តែ​អាក្រក់​ទៅដោយ​សារ​បញ្ហា​នេះ​?”​។​

គួរ​រម្លឹក​ឡើងវិញ​ថា អតីត​ភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​រុស្ស៊ី​លោក Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia បាន​ដួល​នៅ​ទីក្រុង Salisbury កាលពី​ថ្ងៃទី​៤​ខែមីនា​បន្ទាប់ពី​បាន​ប៉ះ​ទៅនឹង​សារធាតុ Novichok ។ ចាប់តាំងពី​ពេលនោះ​មក ពួកគេ​ទាំងពីរ​បានជា​សះស្បើយ​ឡើងវិញ​។​

បន្ទាប់មក​នៅ​ថ្ងៃទី​៣០​ខែមិថុនា លោក Charlie Rowley និង​ដៃគូ​របស់គាត់​ឈ្មោះ Dawn Sturgess បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​វាយប្រហារ​លើ​លោក Skripal បន្ទាប់ពី​បាន​ប៉ះពាល់​ទៅនឹង​សារធាតុ​បំផ្លាញ​សរសៃប្រសាទ​ដូចគ្នានេះ​។ លោក Sturgess បាន​ស្លាប់​នៅ​ថ្ងៃទី​៨​ខែកក្កដា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu