Ad Code

រាជរដ្ឋាភិបាល​ បង្កើត​ក្រុមប្រឹក្សាភិបាល​ពិគ្រោះ​យោបល់​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព​ និង​សុវត្ថិភាព​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សម្រេច​បង្កើត​ក្រុមប្រឹក្សាភិបាល​ពិគ្រោះ​យោបល់​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព​ និង​សុវត្ថិភាព​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ​ដោយ​មាន​សមាសភាព​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន។

យោង​តាម​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សុខភាព ​និង​សុវត្ថិភាព​ការងារ​ដែល​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត​អ៊ិត​ សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុខភាព​និង​សុ​វត្ថិភាព​ការងារ​បាន​ឲ្យ​ដឹងថា ​ក្រុមប្រឹក្សាភិបាល​ពិគ្រោះ​យោបល់​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព​ និង​សុ​វត្ថិភាព​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​នេះ ​មាន​លោក​ហ៊ុយ​ហាន​សុង​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើជា​ប្រធាន​ ដោយមាន​សមាជិក​មកពី​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ក្រសួងបរិស្ថាន ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ក្រសួងសុខាភិបាល ក្រសួង​សាធារណការ​និង​ដឹក​​ជញ្ជូន​ តំណាង​ភាគី​និយោជក តំណាង​សហជីព​និង​អង្គការ​ដៃគូ​ផង​ដែរ។

យោងតាម​សេចក្តីសម្រេច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រុមប្រឹក្សាភិបាល​នេះ ​មាន​តួនាទី​ត្រួតពិនិត្យ​កម្មវិធី​ និង​ពិភាក្សា​លទ្ធផល​ព្រមទាំង​មាន​តួនាទី​ជា​អ្នក​គិតគូរ​ដើម្បី​គាំទ្រ​អនុវត្ត​គម្រោង។ ពិនិត្យ​ឡើង​វិញ​ការ​អនុវត្ត​គម្រោង​អនុម័ត​លើ​ផែនការ​ការងារ​ និង​ធនធាន​ប្រចាំឆ្នាំ​ និង​ផ្លាស់ប្ដូរ ​ឬ​កែសម្រួល​ណាមួយ​បើ​ចាំបាច់​។​ ប្រមូលផ្តុំ​ការងារ​ស្នួល​ ឬ​បុគ្គល​ដើម្បី​សម្របសម្រួល​ឬ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​អំពី​សកម្មភាព​គម្រោង​ ដែល​បាន​ជ្រើសរើស​។ ​ផ្តល់​ជា​អនុសាសន៍​ជា​យុទ្ធសាស្ត្រ​ និង​ការ​កែតម្រូវ​ទៅ​លើ​បញ្ហា​ប្រឈម ​និង​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើតឡើង​។​

ជូន​ដំណឹង​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ពី​ការ​អ​ភិ​វឌ្ឍន៍​គោលនយោបាយ​និង​សេចក្តីណែនាំ​ថ្មីៗ​ទាក់ទិន​នឹង​គម្រោង​។​ លើកកម្ពស់​នៃ​តម្លៃ​គម្រោង​នៅក្នុង​បណ្តាញ​របស់ខ្លួន​ដើម្បី​ស្វែងរក​និង​បង្កើត​ការរួម​​បញ្ចូល​គ្នា​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ និង​គម្រោង​ស្រដៀង​គ្នា​ដោយ​ម្ចាស់​ជំនួយ​ដទៃទៀត​។​ភ្ជាប់​លទ្ធផល​គម្រោង​ជាមួយនឹង​ការអភិវឌ្ឍ​​គោលនយោបាយ​នានា​ដូចជា​ការ​ផ្តួចផ្តើម​ឲ្យ​មានការ​សម្របសម្រួល​ជំហាន​បន្ទាប់​។​បង្កើត​ការ​គាំទ្រ​ស្ថាប័ន​សម្របសម្រួល ការទទួលយក ការចំលង និរន្តរភាព​និង​យន្តការ​នានា​នៃ​កិច្ច​ដំណើរការ​និង​លទ្ធផល​ទាក់ទង​នឹង​សកម្មភាព​គម្រោង ​និង​ធ្វើ​សកម្មភាព​លើ​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត ​ដែល​កើតឡើង​ពី​ការ​អនុវត្ត​គម្រោង​ដែល​បាន​ព្រមព្រៀងគ្នា​ជា​ស្នួល​ក្នុងចំណោម​សមាជិក​ស្នូល​ទាំងអស់។

គួរ​បញ្ជាក់ថា​ ក្រុមប្រឹក្សាភិបាល​ពិគ្រោះ​យោបល់​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុខភាព​ និង​សុ​វត្ថិភាព​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុ​ជា​មាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទីស្តីការក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu