Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ស្ថានភាព ផល​ប៉ះពាល់​នៅ​ស្រុក​សំរោង​ទង ដើម្បី​ស្វែងរក​វិធានការ​អន្តរាគមន៍​ដើម្បី​ជួយសង្គ្រោះ



កំពង់ស្ពឺ ​៖ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​កាលពី​នៅ​រសៀល​ថ្ងៃ​សុក្រ ៨​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់​នៃ​ផល​ប៉ះពាល់​ក្នុង​គោលបំណង​ស្វែងរក​វិធានការ​អន្តរាគមន៍​ដើម្បី​ជួយសង្គ្រោះ និង​ស្តារ​ស្ថានភាព​ឲ្យ​ល្អប្រសើរ​ឡើងវិញ​ជូន​ប្រជាកសិករ​។



ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ដោយមាន​ក្តី​បារ​ម្ភ​អំពី​សុខទុក្ខ ស្ថានភាព​បង្កបង្កើនផល និង​ជីវិត​សត្វពាហនៈ​របស់​ប្រជាកសិករ​នៅក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ដែល​ត្រូវបាន​ប៉ះពាល់​ដោយសារ​ទទួលរង​នូវ​បាតុភាព​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ទឹកជំនន់​ទឹកភ្លៀង លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​អមដំណើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់​នៃ​ផល​ប៉ះពាល់​ក្នុង​គោលបំណង​ស្វែងរក​វិធានការ​អន្តរាគមន៍​ដើម្បី​ជួយសង្គ្រោះ និង​ស្តារ​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​ជូន​ប្រជាកសិករ​ក្នុង​រដូវវស្សា​ឆ្នាំនេះ​។



ក្រសួង​បញ្ជាក់​ផង​ដែរ​ថា បាតុភាព​គ្រោះធម្មជាតិ​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ដីស្រែ​របស់​ប្រជាកសិករ​តាម​តំបន់​ទំនាប​ជាង ១ ពាន់​ហិកតា ប៉ុន្តែ​មក​ទល់​ពេល​នេះ​ស្ថានភាព​នៃ​ទឹកជំនន់ ​គឺ​មិនបាន​បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ទាំង​ដំណាំ​ស្រូវ និង​សត្វពាហនៈ។ មក​ទល់​ពេល​នេះ ទឹកបាន​ស្រក​ចុះ​ជា​បណ្តើរ ហើយ​ការ​លិចលង់ នៅ​សេសសល់​តិចតួច​ណាស់ គឺ​នៅ​សេសសល់​តែ​តំបន់​ទំនាប​មាត់​អូរ​តែ​ប៉ុណ្ណោះ។



នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​ឲ្យ​បង្កើន​ការ​យក​ចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាកសិករ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ស្តី​ពី​វិធាន​ការ​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​កសិករ​ក្នុង​ការ​ស្តារ​ការ​ដាំដុះ​ឡើងវិញ និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ ដែល​បាន​ជួប​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​រដូវវស្សា ឆ្នាំ​២០១៨៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu