Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដាក់​លូ​ទំហំ​១​ម៉ែត្រ​ប្រវែង​ជាង​១០០០​ម៉ែត្រ ចាប់ពី​ផ្លូវ​៣៧១​ដល់​ផ្លូវ​លូ​៥ ស​ង្កា​ត់​ស្ទឹងមានជ័យ​ទី​២



ភ្នំពេញ​ ៖ ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការ​លិចលង់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង ដោយ​រក​អស់​គ្រប់​មធ្យោបាយ​ក្នុង​ការ​ធ្វើ​យ៉ាងណា​អាច​រំដោះ​ទឹក​ចេញពី​ក្រុង​បាន ក្នុងនោះ​មាន​ទាំង​ការ​ស្តារ​លូ ស្តារ​ប្រឡាយ ការស្ថាបនា​លូ​ថ្មី​ដែល​មាន​ទំហំ​ធំ​ជាង​មុន រួម​នឹង​ការកសាង​នូវ​ស្ថានីយ​បូមទឹក​ថ្មី​ជាច្រើន​កន្លែង​ផងដែរ​។



ជាក់ស្តែង​នៅ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានិងកំពុង​ដាក់​លូ​ទំហំ​១​ម៉ែត្រ​ប្រវែង​ជាង​១០០០​ម៉ែត្រ ចាប់ពី​ផ្លូវ​៣៧១​ដល់​ផ្លូវ​លូ​៥ ស​ង្កា​ត់​ស្ទឹងមានជ័យ​ទី​២ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិ​ទ្រា​៤ នៅ​ថ្ងៃ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដាក់​លូ​ទំហំ ១​ម៉ែត្រ ប្រវែង ១០៨០​ម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ ៣៧១ ដល់​ផ្លូវ​លូ ៥ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ។



គួរ​បញ្ជាក់​ដែរ​ថា កន្លង​មក​នេះ​ក្នុង​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង លើ​ចំនួន ៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។



តំបន់​លិច​ទឹក​ទាំង​៥​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​នេះ​រួមមាន​ទី​១-​តំបន់​ផ្លូវជាតិ​លេខ ៤ មុខ​សាលាក្តី​ខ្មែរក្រហម ដោយ​កំពុង​ជីក​ភ្ជាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប្រឡាយ​ជើងឯក និង​ប្រឡាយ​ទួល​ពង្រ​។​ ទី​២-​តំបន់​មហាវិថី​សហ​ព័​ន្ធ​រុស្ស៊ី ខាងជើង​ព្រលានយន្តហោះ​។ គម្រោង​ដាក់​លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង ចាប់ពី​មហាវិថី​សហ​ព័​ន្ធ​រុស្ស៊ី​ទៅ​ភ្ជាប់​ប្រឡាយ​ទួល​សំពៅ​និង​១​ខ្សែ​ទៀត​ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឪឡឹក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។ គម្រោង​នឹង​ដាក់​លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស​ឡា ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែក​ក្អម បុរី ស ឡា​។ ទី​៤-​គម្រោង​ស្ថាបនា​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ និង​ផ្លូវ​អប​ប្រឡាយ​និង​ទី​៥-​គម្រោង​ស្តារលូ នៅក្នុង​ខណ្ឌចំការមន ដូនពេញ ៧​មករា និង​ទួលគោក​។



ដើម្បី​ដោះស្រាយ​បាន​នូវ​ការ​លិចលង់​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀត​ផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ​បុរី​១០០​ខ្នង ទី​២​ស្ថានីយ​លូ ៥ ទី​៣​ស្ថានីយ​បឹងទំពុន និង​ទី​៤​ស្ថានីយ​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង។

ជាង​នេះ​ទៅ​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​នូវបាន​ដាក់ចេញ​ជា​យុទ្ធនាការ​ស្តារ​លូ​ទាំង​ខ្នាត​តូច​និង​ខ្នាត​ធំ នៅ​៤​ខណ្ឌ​កណ្តាល​ក្រុង ​ដែល​មាន​ប្រវែង៤១៨​គីឡូម៉ែត្រ​ ថែមទៀត​ផង​ដែរ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu