*ក្នុងករណីគ្មានបណ្តឹង គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះបឋមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ហើយលទ្ធផលផ្លូវការ នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ និងជាតំណាងស្ថាប័ន គ.ជ.ប នៃប្រទេសចំនួន៦ វាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ភ្នំពេញ ៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបញ្ចប់ហើយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមបរិយាកាសល្អ រលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ និងមានការគោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ និងមានប្រជាពលរដ្ឋប្រមាណ៨២,១៧ ភាគរយ នៃចំនួនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បានចូលរួមបោះឆ្នោតក្នុងទឹកមុខរីករាយ។
តាមរបាយការណ៍នានាបានបង្ហាញថា ដំណើរការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង៧ព្រឹក ហើយបិទនៅម៉ោង៣រសៀល ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាទៅបោះឆ្នោត ដោយទឹកមុខរីករាយ ហើយគ្មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានបញ្ហាអ្វីកើតឡើងនោះទេ គឺប្រព្រឹត្តិទៅក្រោមបរិយាកាសល្អ រលូន និងមានសណ្តាប់ធ្នាប់។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ឝ.ជ.ប) បានប្រកាសនៅក្រោយបិទបញ្ចប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសថា ប្រជាពលរដ្ឋកម្ពុជាដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានចំនួន៦.៨៨៥.៧២៩នាក់ ដែលស្មើនឹង៨២,១៧ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៨.៣៨០.២១៧នាក់។
តាមលោក ស៊ិក ប៊ុនហុក បើទោះបីជាមានការរំខានពីទឹកជំនន់ ប៉ុន្តែការិយាល័យបោះឆ្នោតទាំង២២.៩៦៧ ការិយាល័យនៅទូទាំងប្រទេស បានដំណើរការជាធម្មតា ដោយការិយាល័យមួយចំនួនបានប្តូរទីតាំងទៅទីទួល ដែលមានចម្ងាយមិនឆ្ងាយពីការិយាល័យចាស់។ ចំពោះការិយាល័យ ដែលមិនអាចផ្ដល់សម្ភារៈបាន ដោយសារផ្លូវលិចទឹកដូចជានៅខេត្តក្រចេះ និងមណ្ឌលគិរី ជាដើម គ.ជ.ប បានប្រើឧទ្ធម្ភាគចក្រ និងដំរី ដើម្បីដឹកសម្ភារៈ បម្រើឲ្យការបោះឆ្នោតទៅកាន់ការិយាល័យទាំងនោះ។
លោក ស៊ិក ប៊ុនហុក ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយប្រក្រតី មិនមានការរំខានអ្វីទេ ទាំងសុវត្ថិភាព ទាំងសន្តិសុខ ទាំងទឹកចិត្តរីករាយរបស់អ្នកបោះឆ្នោត ហើយការិយាល័យមួយចំនួនបានបិទមុនម៉ោង៣រសៀល ដោយសារអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅការិយាល័យនោះ បានមកបោះអស់ និងការិយាល័យភាគច្រើនបិទនៅម៉ោង៣ ហើយបើគ្មានបណ្ដឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ហើយនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
លោក ខៀវ កាញារីទ្ធ ៖ ការបោះឆ្នោតមានលក្ខណៈល្អប្រសើរ ស្ងប់ស្ងាត់ ហើយការជេរបញ្ចោរ ចោទគ្នាចុះឡើងត្រូវបានថយចុះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយការបោះឆ្នោតរួចថា ការបោះឆ្នោតមានលក្ខណៈល្អប្រសើរ ស្ងប់ស្ងាត់ ហើយការជេរបញ្ចោរ ចោទគ្នាចុះឡើងត្រូវបានថយចុះ ហើយស្ថានការបែបនេះ ដោយសារតែគណបក្សមួយៗមានភាពចាស់ទុំខាងនយោបាយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍យ៉ាងនេះថា “និយាយរួមដូចកាលពីបោះឆ្នោត៥ឆ្នាំមុនដែរ ការបោះឆ្នោតមានលក្ខណៈល្អប្រសើរ ស្ងប់ស្ងៀម ប៉ុន្តែយើងបានឃើញសភាពការណ៍មួយ គឺការជេរបញ្ចោរគ្នា ការចោទគ្នាចុះឡើងហ្នឹង វាធូរជាងមុន ពីព្រោះថា ម្នាក់ៗមានការចាស់ទុំជាងមុន ចឹងភាគច្រើននិយាយពីគោលនយោបាយរបស់គណបក្សរៀងខ្លួន ជាជាងជេរបញ្ចោរគ្នា”។ ចំពោះថា យុត្តិធម៌ ឬមិនយុត្តិធម៌ លោក ខៀវ កាញារីទ្ធ បានអះអាងថា “និយាយរួម គឺទុកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកវាយតំលៃថា ការបោះឆ្នោតនេះយុត្តិធម៌ ឬអត់”។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៥៦៧ នៃសាលាបឋមសិក្សាទួលគោក។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ៖ ទោះបីមានការទប់ស្កាត់ ឬរារាំង ពីក្រុមអមិត្ត តែប្រជាពលរដ្ឋនៅតែចេញមកបោះឆ្នោតយ៉ាងគ្រឹកគ្រេង លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ទោះបីមានការទប់ស្កាត់ រារាំង និងគាបសង្កត់ពីក្រុមអមិត្ត តែប្រជាពលរដ្ឋ នៅតែចេញមកបោះឆ្នោតយ៉ាងគ្រឹកគ្រេង ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទទួលយកជោគជ័យ ពីព្រោះវាជាជោគជ័យរបស់ប្រទេសយើង។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា យ៉ាងនេះថា “ខ្ញុំបានរីករាយយ៉ាងខ្លាំងក្រោយពេលឃើញថា ប្រជាពលរដ្ឋខ្មែរ កូនខ្មែរមានការស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនក្លែងក្លាយ ហើយបានមកអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយជោគជ័យ អ្នកណាឈ្នះជារឿងមួយ ប៉ុន្តែនេះជាជោគជ័យរបស់ប្រជាជនកម្ពុជាយើងទាំងមូល”។
ចំពោះស្ថានការបោះឆ្នោតទាងមូល លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានលើកឡើងថា “ខ្ញុំទទួលព័ត៌មានថា នៅទូទាំងប្រទេស គ្មានការិយាល័យណាមួយមិនមានសកម្មនោះទេ ហើយការិយាល័យនេះ ក៏មានសកម្មភាពដូចការិយាល័យផ្សេងដែរ”។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋយើងមកទទួលយកជោគជ័យទាំងអស់គ្នា ពីព្រោះវាជាជោគជ័យរបស់ប្រទេសយើង ហើយគ្មានជោគជ័យរបស់អ្នកណាទេ វាជាជោគជ័យរបស់យើងទាំងអស់គ្នា ជាជោគជ័យរបស់ប្រជាជនខ្មែរ របស់កូនខ្មែរ អ្នកណាប្រឆាំងជោគជ័យនេះ មិនមែនជាខ្មែរទេ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានលើកឡើងទៀតថា “ខ្ញុំនៅតែឃើញថា ប្រៀបធៀបជាមួយអាណត្តិមុនៗ ខ្ញុំនៅតែឃើញថា ការបោះឆ្នោតមុនៗ និងការបោះឆ្នោតលើកនេះ ទោះបីការបោះឆ្នោតមិនទាន់បញ្ចប់ក្តី មានចំណុចល្អច្រើនណាស់ បើប្រៀបធៀបជាមួយមុនៗ ភាពសប្បាយនៅក្នុងចិត្ត ភាពស្រឡះនៅក្នុងចិត្ត ហើយភាពអង់អាចនៃអ្នកបោះឆ្នោត ក៏បានលេចឡើង ពីព្រោះទោះបីមានការទប់ មានការរាំងស្កាត់ជាច្រើន គាបសង្កត់មកលើអ្នកបោះឆ្នោតយើង មិនឲ្យមកបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ការគាបសង្កត់នេះមិនអាចយកឈ្នះនូវឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរយើងទេ ថ្ងៃសមិនជាថ្ងៃយុត្តិធម៌សំរាប់ប្រជាជនកម្ពុជានោះទេ ពីព្រោះថ្ងៃស យើងទាំងអស់គ្នាស្ងប់ស្ងាត់ តែកម្លាំងអមិត្តគេបានប្រើប្រាស់អស់ បំពងសម្លេងរបស់ពួកគេ ដើម្បីប្រឆាំង ដើម្បីវាយកំទេច ដើម្បីធ្វើឲ្យកំពប់នូវលទ្ធផលបោះឆ្នោត ប៉ុន្តែយើងបានឃើញហើយថា តាំងពីព្រលឹមរហូតមកដល់ពេលនេះ ម្នាក់ៗប្រជាពលរដ្ឋខ្មែរមិនបានចុះញ៉មជាមួយការគំរាមកំហែងរបស់កំលាំងនៅក្រៅប្រទេសនោះទេ ពួកគាត់បានចេញមកបោះឆ្នោត នេះជាសារមួយរបស់កម្ពុជា របស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោកថា យើងជាប្រជាពលរដ្ឋខ្មែរ យើងជាធ្លាប់កាសងអង្គវត្ត យើងនៅពង្រីកនូវប្រពៃណីដ៏រុងរឿងរបស់យើងតទៅទៀត ដោយម្រាមដៃរបស់យើង”។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៥៥៤ នៃសាលាបឋមសិក្សាទួលគោក។
លោក ហ៊ុន ម៉ាណែត ថា ការបោះឆ្នោតសំខាន់បំផុត គឺការរៀបចំតាមនីតិវិធី ត្រឹមត្រូវ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ហើយការបង្ហាញនូវឆន្ទៈក្នុងការជ្រើសរើសបក្សណាមួយត្រូវបានធានា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នាយស្តីទីសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក បានថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមបោះឆ្នោត នៅការិយាល័យលេខ០៥៦១ នៃសាលាបឋមសិក្សាទួលគោកថា ស្ថានការនេះ ដូចនៅទូទាំងប្រទេសដែរ ការបោះឆ្នោតរបស់យើងសំខាន់បំផុត គឺការរៀបចំ តាមនីតិវិធី ត្រឹមត្រូវ ប្រកបដោយសន្តិសុខ សណ្តាប់ល្អ សុវត្ថិភាព ប្រជាពលរដ្ឋទៅបោះឆ្នោតដោយសេរី និងរក្សាបាននូវភាពសម្ងាត់ ហើយការបង្ហាញនូវឆន្ទៈក្នុងការជ្រើសរើសបក្សណាមួយត្រូវបានធានា នេះហើយជាការបង្ហាញនូវលទ្ធិប្រជាធិបតេយ្យ ហើយសង្ឃឹមថា ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបង្ហាញថា យើងជាម្ចាស់ប្រទេស៥ឆ្នាំម្តង យើងជ្រើសរើសមេដឹកនាំរបស់យើង។
*អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ឆ្លើយតបនឹងនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនដ៏ច្រើនលើសលុបបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅរកការកសាង និងអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត ក្រោមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ និងក្រោមដំបូលសន្តិភាព ស្ថិរភាពដ៏រឹងមាំរបស់ប្រទេសជាតិ ដើម្បីឧត្តមប្រយោជន៍មាតុភូមិកម្ពុជា និងវិបុលភាពជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាកានយោបាយ ជាតិសាសន៍ ជំនឿសាសនា ពណ៌សម្បុរអ្វីឡើយ ដែលទាំងអស់គ្នាស្ថិតនៅក្នុងសុខដុមនីយកម្មសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូនប្រជាជនកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហើយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់នូវគោលនយោបាយ និងបណ្តាវិធានការណ៏ ដែលបានប្រកាសផ្សាយរួចហើយ មិនឲ្យខកបំណងឡើយ។
ក្រុមអ្នកសង្កេតការណ៍ជាតិរកឃើញថា មានបញ្ហាកំហុសទិន្នន័យមួយចំនួន បានកើតឡើងធ្វើឲ្យអ្នកបោះឆ្នោតពិបាករក តែយ៉ាងណាពុំមានបញ្ហាណាមួយ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍ជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំដោយ “វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វសស)” កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ប្រហាក់ប្រហែលគ្នាថា ដំណើរការបោះឆ្នោតនៅតាមការិយាល័យនីមួយៗបានចាប់ផ្ដើម តាមពេលវេលា និងម៉ោងកំណត់ ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធី ដោយមានការចូលរួមឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ ដែលបានចូលរួមតាមដានដំណើរការបោះឆ្នោតនេះ ហើយប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតក្នុងទុក្ខទឹកមុខសប្បាយរីករាយ។
តាមក្រុមអ្នកសង្កេតការណ៍ជាតិ បន្ទាប់ពីបិទការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ភ្នាក់ងារគណបក្សនយោបាយ ហើយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភ្នាក់ងារគណបក្សនយោបាយ និងបានបិទផ្សាយនៅមុខការិយាល័យបោះឆ្នោតនីមួយៗ។ បន្ទាប់ពីរាប់សន្លឹកឆ្នោតចប់គណៈកម្មាធិការបានវេចខ្ចប់សន្លឹកឆ្នោត និងសម្ភារៈនានា បានយ៉ាងត្រឹមត្រូវ និងបានដឹកទៅប្រគល់ជូនគណៈកម្មការឃុំសង្កាត់ ដោយមានការចូលរួមអមដំណើរពីភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍។
អ្នកសង្កេតការណ៍ជាតិបានរកឃើញដែរថា មានបញ្ហាកំហុសទិន្នន័យមួយចំនួនបានកើតឡើងដូចជាអ្នកបោះឆ្នោតពិបាករកឈ្មោះចំណាយពេលយូរ តែទោះជាយ៉ាងណា ពុំមានបញ្ហាណាមួយ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការបោះឆ្នោតឡើយ។ ជារួមគណៈកម្មការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ តាមបទបញ្ជា និងនីតិវិធី ដោយភាពអព្យាក្រឹត្យ ហើយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
សូមបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិចំនួន១០៣៦នាក់ មកពី៩៣ អង្គការ សមាគម ត្រូវបានដាក់ពង្រាយនៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ទូទាំងប្រទេស។
អ្នកសង្កេតការណ៍អន្តរជាតិថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាច បើទោះបីជាប្រទេសទើបងើបផុតសង្គ្រាម
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយ “វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វសស)” តំណាងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីបណ្តាប្រទេសជាច្រើនបានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ហើយនេះជាដំណើរមួយកាន់តែល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើទោះបីជាប្រទេសនេះ ធ្លាប់ទទួលរងនូវការខ្ទេចខ្ទាំ ដោយសង្គ្រាម។
តំណាងក្រសួងការបរទេសចិន លោក លី ជីវកង បានលើកឡើងថា អ្នកសង្កេតការណ៍ពីប្រទេសចិនមានគ្នាចំនួន១៦រូប មកពីស្ថាប័នរដ្ឋាភិបាលចិន បណ្ឌិតសភាចិន សង្គមស៊ីវិលចិន បក្សកុម្មុយនិស្ដ និងក្រសួងការបរទេសចិន។ អ្នកសង្កេតការណ៍ចិន បានចំណាយពេល២ថ្ងៃ នៅកម្ពុជា និងបានជួបពិភាក្សាជាមួយគណបក្សមួយចំនួន។ គណៈប្រតិភូចិនបានទៅកាន់ការិយាល័យខេត្តកណ្តាល និងការិយាល័យមួយរាប់សន្លឹកឆ្នោតនៅភ្នំពេញ។
លោកអះអាងថា តាមការសង្កេតមើល ការបោះឆ្នោតនេះ ឃើញមានសភាពការល្អប្រសើរតាំងពីការចុះបញ្ជី ការបោះឆ្នោត រាប់សន្លឹកឆ្នោតបានការល្អប្រសើរ។ លោកថា ប្រជាជនកម្ពុជាបានទៅបោះឆ្នោតបញ្ចេញមតិរបស់ពួកគេ ហើយប្រទេសចិន សូមសរសើរដល់ការបោះឆ្នោតនេះ។
លោកបន្តថា បុគ្គលិកនៅការិយាល័យបោះឆ្នោតមានការយកចិត្តទុកដាក់ និងមានសមត្ថភាព និងប្រកបដោយយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត។
ជាមួយគ្នានោះ លោកបានអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានរៀបចំដោយបានល្អដោយភាពរលូត និងសុវត្ថិភាព ហើយសង្ឃឹមថា លទ្ធផលបោះឆ្នោតនេះ គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតទទួលយក។
លោកបន្តថា ប្រទេសជប៉ុន បានផ្តល់ជំនួយដល់ គ.ជ.ប ហើយអ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពីប្រទេសជាង៥០ បានមកសង្កេតការណ៍។ លោកសង្ឃឹមថា ប្រទេសទាំងអស់ ដែលមកកាន់កម្ពុជាទទួលស្គាល់ការបោះឆ្នោតនេះ។ ទោះបីជាមានប្រទេសមួយចំនួនអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោត តែអ្នកទៅបោះឆ្នោតមានរហូតដល់ជាង៨០ភាគរយរួចទៅហើយ។
លោកបញ្ជាក់ថា ប្រទេសដែលបានអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតជាដាក់សម្ពាធលើកកម្ពុជា ឬប្រទេសចិន ? អ្នកសង្កេតការណ៍ចិនមួយចំនួន បានមកកម្ពុជាច្រើនលើកហើយ ចំណែករូបលោក បានមកដល់កម្ពុជា កាលពីឆ្នាំ១៩៩៣ដែរ តែពេលនោះ ជាបុគ្គលិករបស់ UNTAC។ តាំងពីឆ្នាំ១៩៩០ មកប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតប្រកបដោយសុវត្តិភាព។ យើងមានការសប្បាយរីករាយណាស់ ដែលបានឃើញប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតដោយសុវត្ថិភាព។ នៅដែលត្រឡប់ទៅប្រទេសចិនវិញ នឹងចេញសេចក្តីថ្លែងរួមមួយ ស្តីពីការបោះឆ្នោតនេះ។
ជាមួយគ្នានោះ លោកក៏បានបដិសេធចំពោះការលើកឡើងថា ការបោះឆ្នោតជាការក្លែងបន្លំ ពីព្រោះការបោះឆ្នោតនេះ រៀបចំដោយមានភាពត្រឹមត្រូវ ដោយមានបុគ្គលិក ដែលប្រកបដោយបទពិសោធន៍។
ចំណែកតំណាងសង្គមស៊ីវិលមកពីណេប៉ាល់បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍របស់លោកបានទៅកាន់ខេត្តកណ្តាល និងភ្នំពេញ ហើយបានចេញសេចក្រីថ្លែងការណ៍មួយ ដោយលើកឡើងថា ការបោះឆ្នោតនេះ ជាបទពិសោធន៍មួយរបស់យើង។ ការរៀបចំនេះយើងបានឃើញថា អ្នកបោះឆ្នោតត្រូវបានឈរជាជួរនៅតាមការិយាល័យបោះឆ្នោត ហើយបោះឆ្នោតនេះ ក៍ជាបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយផងដែរ។
តំណាងប្រទេសផ្សេងៗទៀតបានលើកឡើងថា ប្រព័ន្ធនយោបាយពហុបក្ស គឺជាមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍ ហើយការបោះឆ្នោតនៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។ លទ្ធផលនៃការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជន ដែលមានជំនឿទុកចិត្តទៅលើប្រព័ន្ធនយោបាយពហុបក្ស។ ដូច្នេះអត្រាអ្នកទៅបោះឆ្នោតចំនួន៨២,១៧ភាគរយ គឺជាអត្រាមួយខ្ពស់ជាងអត្រានៃការបោះឆ្នោតនៅឆ្នាំ២០១៣ ដែលមានចំនួនត្រឹមតែ៦៩,១០ភាគរយប៉ុណ្ណោះ។ ដែលនេះ បានឆ្លុះបញ្ចាំងពីសេចក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យើងក៏មិនអាចមិនសរសើរបានដែរ ហើយក៏ជាមេរៀនសម្រាប់ប្រទេសរបស់ពួកគេផងដែរ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានដាក់ពាក្យប្តឹងតវ៉ា យ៉ាងច្រើនតាមបណ្តាខេត្តមួយចំនួន ទាក់ទងគំនូរសញ្ញាគាំទ្រនៅលើសន្លឹកឆ្នោតលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ថា រហូតមកដល់ពេលនេះ មានបណ្តឹងរៀបរយ ប្តឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាក់ទងនឹងការគូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត។ លោកបញ្ជាក់ថា បណ្តឹងដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្តឹងនោះ មាននៅខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្តាល និងតាមបណ្តាខេត្តមួយចំនួនទៀត ហើយបណ្តឹងទាំងនោះ គឺទាក់ទងការគូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត។
ចំណែកគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត ក៏បានសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលផងដែរ។ គណបក្សយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ គឺមានភាពល្អប្រសើរ និងគ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតយ៉ាងច្រើនកុះករផងដែរ។ ជាមួយគ្នានោះ គណបក្សយុវជនកម្ពុជា គឺទទួលយកដោយក្តីរីករាយបំផុត ចំពោះលទ្ធផល ដែលមានលក្ខណៈសុក្រឹត និងយុត្តិធម៌ និងមានភាពប្រាកដនិយមច្រើន។
រីឯគណបក្សសញ្ជាតិកម្ពុជា បានលើកឡើងថា នៅថ្ងៃបោះឆ្នោត តាំងពីព្រលឹមមិនទាន់ដល់ម៉ោង៧ផង មានបងប្អូនប្រជាពលរដ្ឋមកតម្រង់ជួរ រង់ចាំយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយ និងមានរបៀបរៀបរយ នៅតាមការិយាល័យបោះឆ្នោតរៀបខ្លួន។ គណបក្សសញ្ជាតិកម្ពុជា បានកត់សម្គាល់ឃើញថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូនគ្មានការរំខានគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ ស្មើភាព តម្លាភាព យុត្តិធម៌ ទទួលយកបាន និងមានភាពល្អប្រសើរជាងអាណត្តិមុន។
ដោយឡែកគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសបានលើកឡើងថា គណបក្សសម្តែងនូវរីករាយតាមរយៈសេចក្តីប្រកាសជាបណ្ដោះអាសន្នរបស់ គ.ជ.ប ដែលមានប្រជាជនជាង៨២,១៧ ភាគរយ បានទៅបោះឆ្នោត ដើម្បីបង្ហាញពីជម្រើស និងឆន្ទៈរបស់ខ្លួន។ អត្រាអ្នកបោះឆ្នោតខ្ពស់បង្ហាញពីភាពរីករាយ និងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធនយោបាយសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធនយោបាយសេរីពហុបក្ស គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការផ្ដល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជាសកល ប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព ហើយក៏បានកោតសរសើរចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមបោះឆ្នោត ដើម្បីទ្រទ្រង់ប្រព័ន្ធនយោបាយសេរីពហុបក្សនៅកម្ពុជាផងដែរ។
ជាមួយគ្នានោះគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះភ្នាក់ងារគណបក្សអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិមកពីបណ្ដាអង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល អង្គការអន្តរជាតិ និងអង្គការបណ្តាញគណបក្សនយោបាយអន្តរជាតិ មកពីប្រទេសចំនួន៥២ ជុំវិញពិភពលោក ដើម្បីធ្វើជាសាក្សីនៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិ និងជាតំណាងស្ថាប័ន គ.ជ.ប នៃប្រទេសចំនួន៦ វាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជាប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។
ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីសង្ខេបព្រឹត្តិការណ៍ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ហើយប្រទេសប្រទេសចំនួន៦នោះ រួមមានប្រទេសម៉ាឡេស៊ី ប្រទេសរុស្ស៊ី ប្រទេសឡាវ ប្រទេសឥណ្ឌា ប្រទេសថៃ និងប្រទេសវៀតណាម។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ តាមលទ្ធផលដែលបង្ហាញដោយ គ.ជ.ប គណបក្សដែលនាំមុខគេរួមមាន គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៨៧៥១៨៩ សំលេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៣៧៣៥២៦ សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន៣០៨២៩២ សំឡេង, គណបក្សឆន្ទៈខ្មែរ ២១២៤០៩ សំឡេង៕
Source: Kampuchea Thmey Daily
0 Comments