Ad Code

អ្នក​ពាក់ព័ន្ធ​បញ្ជាក់​ថា ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សម្រាប់​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត​អាច​ទទួល​យក​បាន



ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ព្រឹក​ថ្ងៃ​អង្គារ បាន​រៀប​ចំ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត ដែល​កម្មវិធី​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ ហើយ​ជា​លទ្ធផល​បាន​បង្ហាញថា ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សំរាប់​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត​នោះ អាច​ទទួលយកបាន ពីព្រោះ​បើទោះបីជា​លាង​យ៉ាងណា ក៏​មិនអាច​លាង​ជ្រះ​ដែរ គឺ​នៅមាន​ស្នាម​ទឹក​ថ្នាំ ដែល​អាច​បញ្ជាក់ថា ពិតជា​បាន​បោះឆ្នោត​រួចហើយ មិនអាច​បន្លំ​បានទេ​។



លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វឹក បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ការសាកល្បង​ទឹកខ្មៅ​នោះ​ថា ការ​បង្ហាញ​ទឹកខ្មៅ​ជាទូទៅ គ​.​ជ​.​ប អាណត្តិ​មុន​ក៏បាន​ធ្វើបែបនេះ​ដែរ ប៉ុន្តែ​អាណត្តិ​មុន​ការធ្វើ​តេស នៅសល់​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត តែ​អាណត្តិ​នេះ ធ្វើ​តេស​មាន​រយៈពេល​វែង​បែបនេះ នៅពេល​មាន​បញ្ហា​អី ខាង​ក្រុមហ៊ុន​អាច​យកទៅ​ពិសោធ​ថែមទៀត ដែល​នេះ​ជា​ចំណុច​ល្អ​។



ទាក់ទង​សំណួរ​អំពី​ទំនុកចិត្ត​លើទឹក​ថ្នាំ​នោះ លោក សំ គ​ន្ធា​មី អះអាងថា “​បើសិនជា​ទឹក​ថ្នាំ​នេះ តម្រូវ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​បន្ថែមទៀត ដើម្បី​ឲ្យ​ទឹក​ថ្នាំ​នេះ មានព​ណ៌​ស្វាយរាង​ចាស់ យើង​អាច​ទុកចិត្តបាន​ហើយ ទោះបីជា​ឥឡូវនេះ ក៏​អាច​សម្គាល់​ថា យើង​បាន​បោះឆ្នោត​ហើយ​ដែរ បើសិនជា​យើង​ជ្រលក់​ហើយ នៅ​ថ្ងៃ​បោះឆ្នោត​អាច​សម្គាល់​ថា គាត់​បាន​បោះឆ្នោត​រួចហើយ​។ បើ​ទោះបី​លាង​យ៉ាងណា តែ​វា​មាន​ស្នាម​នៅ អាច​សំគាល់​ថា បាន​បោះឆ្នោត​ហើយ​។ ដោយសារ​អាណត្តិ​មុន​វា​មានព​ណ៌​ខ្មៅ​ស្វាយ​រាង​ចាស់ តែ​នេះ​ប្រហែលជា​បច្ចេកទេស​ទាមទារ​មាន​ពន្លឺ ហើយ​យើង​ធ្វើ​តេស្ត​នេះ​នៅក្នុង​បន្ទប់ ដូច្នេះ​ប្រហែលជា​អាច​មកពី​បញ្ហា​ហ្នឹង​ដែរ​។ សរុប​មកវិញ យើង​អាច​ប្រើការ​បាន អាច​សម្គាល់​ថា បាន​បោះឆ្នោត​ហើយ យើង​អាច​ទុក​ចិត្ត​បាន​ហើយ យើង​អាច​ប្រើការ​បាន​ហើយ លុប​មិន​ជ្រះ​ទេ ខ្ញុំ​លុបលាង​រួចហើយ​”​។



តំណាង​ស្ថាប័ន គ​.​ជ​.​ប មួយរូប​ឈ្មោះ សុខ ធី មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត ដែល​បាន​ចូលរួម​ជ្រលក់​ម្រាមដៃ​ផងដែរ​នោះ បាន​អះអាង​ថា ទឹកខ្មៅ​លុបលាង​មិន​ជ្រះ សម្រាប់​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត​នេះ នៅពេល​លាង​ជាមួយ​អូ​សា​វែ​ល វា​ហាក់ដូចជា​ស្លេក​បន្តិច ប៉ុន្តែ​វា​មិន​បាត់​ស្នាម​ទឹកខ្មៅ​ទេ​។



ចំណែក​លោក ហ៊ាង ម៉ា​ស៊ី តំណាង​គណបក្ស​ពន្លឺ​ថ្មី បាន​អះអាងថា “​លាង​មិញ​ជាមួយ​មេស​សាប៊ូ ខ្ញុំ​មិន​ច្បាស់​រឿង​ផលិតផល​ទេ តែ​លាង​បាន​២​ដង គិតថា​អាច​ប្រព្រឹត្តទៅបាន​មិន​អី​ទេ ខ្ញុំ​គិតថា លាង​មិន​ជ្រះ​ទេ​តាមមើលទៅ លាង​មិន​ជ្រះ​ទេ​”​។



ដោយឡែក​លោក ចៅ ទឹង តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ចំពោះ​ថ្នាំ​ជ្រលក់​ម្រាមដៃ​នេះ ដូច​យើង​បាន​មើលឃើញ​ហើយ នៅពេល​ជ្រលក់ វា​មាន​ពណ៌​ដូច​មាន​លក្ខណៈ​ដិត ហើយ​ធ្វើ​ឲ្យ​យើង​លុបលាង​ជាមួយ​ទឹក​លាង​ក្រចក ទឹក​សំអាត ទឹកសាប៊ូ​ផ្សេងៗ​ទៀត គ្មាន​ភាព​លុប​ជ្រះ​ទេ គឺ​នៅតែមាន​ស្នាម​ដដែល​។ ដោយឡែក​ទាក់ទង​និង​សកម្មភាព​នៃ​ការ​បង្ហាញ​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​នេះ លោក ចៅ ទឹង អះអាង​ថា អាច​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​យល់ដឹង​ពី​គុណភាព​ទឹក​ថ្នាំ​នេះ ថា​វា​មិនអាច​លុបលាង​ជ្រះ​ទេ ហើយក៏​ធ្វើ​ឲ្យ​មហាជន​ជឿជាក់​លើ​ស្ថាប័ន គ.ជ.ប ផងដែរ។



សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត ដែល​កម្មវិធី​ទាំងពីរ​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាង​ក្រសួង ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន ជំនាញ jica និង​អ្នកជំនាញ​កូរ៉េ ប្រចាំ​នៅ គ​.​ជ​.​ប ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​។

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​អះអាង​ក្រោយ​ពិនិត្យ និង​ពិសោធន៍​ទឹកខ្មៅ​ជ្រលក់​ដៃ​នោះ​ថា ទឹកខ្មៅ​នេះ​ត្រូវបាន​ទិញ​មកពី​ប្រទេស​ឥណ្ឌា ហើយ​ក្រោយ​ពិសោធ​ន៍ បាន​បញ្ជាក់​ឲ្យ​ឃើញថា ទឹកខ្មៅ​នេះ មានគុណ​ភាពល្អ គឺ​ដូច​ទឹកខ្មៅ​ដែល​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​អាណត្តិ​ទី​៤​ផងដែរ​។

ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​ទាំងអស់​នោះ មាន​ចំនួន​៥១,០០០​ដប ក្នុង​១​ដប​មាន​ចំណុះ​៧០​មី​លី​លីត្រ ហើយ​ដប​នីមួយៗ​មាន​សារធាតុ​ប្រាក់​នីត្រាត​២៥​ភាគរយ​។ គ​.​ជ​.​ប បាន​ចំណាយ​ប្រមាណ​៨​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ទឹក​ថ្នាំ​ទាំងនេះ​ពី​ប្រទេស​ឥណ្ឌា​។

ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ជា​មួយ​គ្នា​នេះ ការ​បោះពុម្ព​សន្លឹកឆ្នោត ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ និង​បាន​ដឹក​ចេញពី​រោង​ពុម្ព ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​របស់ គ.ជ.​ប កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ហើយនឹង​ដឹក​បន្ត​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ទាំង​២២៩៦៧ ការិយាល័យ ទូទាំងប្រទេស មិន​ឲ្យ​លើស​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។

​ការបោះឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម គឺ​គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​ហ្វ៊ុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆ​ន្ទះ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០៕

        



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu